ដោយៈ ប​.​ខុន / ភ្នំពេញៈ នៅ​អំឡុង​ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៩ ខែកក្កដា អាចមាន​ភ្លៀង​ធ្លា​ក់រាយ ប៉ាយ ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ នៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដោយសារ​ខ្យល់មូសុង​និរតី កម្រិត​មធ្យម ជាមួយ​បាតុភូត ដែល​ក​កើតមានឡើង នៅក្នុង​ស្រុក​។ នៅ​អំឡុង​ពី​ពេលនេះ រហូតដល់​ដើមខែ សីហា ទាំង​នៅក្នុង​សមុទ្រ​ចិន និង​សមុទ្រ​ប៉ាស៊ីហ្វិក មិនឃើញ​មាន​បា​តុ ភូត​វិ​សម្ពាធ ឬ​ព្យុះ​កើតឡើង នាំទៅដល់​គ្រោះថ្នាក់​នោះទេ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែកក្កដា ក្រៅពី​ខ្យល់មូសុង​និរតី កម្រិត​មធ្យម ប្រទេស​កម្ពុជា ពុំ​ឃើញ​មាន​ទទួល​ឥទ្ធិពល ពី​បាតុភូត​អ្វី​ធំដុំ​នោះទេ គឺ​មានតែ​បាតុភូត ដែល​កកើតឡើង នៅក្នុង​ប្រទេស ធ្វើឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ស្ថានភាព​អាកាសធាតុ ទាំង​នៅក្នុង​សមុទ្រ​ចិន ក៏ដូចជា នៅក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក មាន​សភាព​ស្រឡះ មិនមាន បាតុភូត​វិ​សម្ពាធ ឬ​ព្យុះ​កើតឡើង​ទេ ពី​ពេលនេះ រហូតដល់​ដើមខែ​សីហា តែ​នៅក្នុង​សមុទ្រ ឥណ្ឌា ឃើញ​មាន​សម្ពាធ​រុញ​ចូលមក​ជាមួយ​ខ្យល់មូសុង​និរតី ដែល​បង្កឱ្យមាន​ភ្លៀង​ធ្លាក់ រាយប៉ាយ នៅពេល​ប៉ះ​ជាមួយនឹង​បាតុភូត កកើត​នៅក្នុង​តំបន់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង នៃ​ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ​ពី ភាគ​ខាងជើង ប្រទេស​ថៃ កាត់​លើ​ភាគខាងត្បូង ប្រទេស​ឡាវ និង​ភាគ​កណ្ដាល​ប្រទេស វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​មធ្យម​ទៅ​បង្គួរ ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា មាន​ពី ២៤ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ជាមួយគ្នានេះ បណ្តា​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត និង​រាជធានី អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា​មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕/V​