​ដោយៈ សុ​ផានី​តា / កោះកុង​៖ លោកស្រី អភិបាលខេត្ត​កោះកុង បានផ្តល់​ការគាំទ្រ​បង្កើត ឱ្យមាន​វគ្គ​បំប៉ន​សិក្សា​បន្ថែម ដល់​សិស្សានុសិស្ស ប្រមាណ ៣០០ នាក់ មកពី​វិទ្យាល័យ ចំនួន​៣ ដើម្បី​ត្រៀមប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឆ្នាំ​២០២១-២០២២ ពេលខាងមុខ​។​

​ក្រុម​សិស្សានុសិស្ស ៣០០ នាក់ ដែល​ទទួលបាន​ការគាំទ្រ ក្នុង​ការបើក​វគ្គ​បំប៉ន​នេះដែរ រួមមាន វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស តេ​ជោ​សែន កោះកុង​, វិទ្យាល័យ​ប៉ាក់​ខ្លង និង​វិទ្យាល័យ ហ៊ុន សែន ចាំ​យាម​។​

​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ដល់ សិស្សានុសិស្ស ត្រៀមប្រឡង​បាក់​ឌុប លោកស្រី មិថុនា ភូ​ថង អភិបាល​គណៈ​អភិបាល ខេត្តកោះកុង និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ថ្លែងថាៈ ការដែល​ផ្តួចផ្តើម​រៀបចំ​ឱ្យមាន ជា​វគ្គ​សិក្សា​បំប៉ន​នេះ​ឡើង ដើម្បី​ផ្តល់ឱកាស ឱ្យ​ប្អូនៗ​ទាំងអស់ មានលទ្ធភាព​ប្រឡង​ជាប់​ភាគរយ​ខ្ពស់ និង​ទទួលបាន​និទ្ទេស A និង B កាន់តែច្រើន សម្រាប់​មុខមាត់​ខេត្ត​។​

​លោកស្រី អភិបាលខេត្ត​កោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែកក្កដា នេះ​ថាៈ អ្វីដែល​សំខាន់ បំផុត​នោះ គឺ​ប្អូនៗ​តែម្តង ត្រូវតែ​ខិតខំ​បន្ថែមទៀត ដើម្បី​ក្រេប​យកចំណេះ​ដឹង ពី​លោកគ្រូ អ្នកគ្រូ មាន​ចម្ងល់​ត្រូវ​សាកសួរ ត្រូវ​សិក្សា​ស្រាវជ្រាវ ជំរុញ​ការរៀនសូត្រ​ឱ្យបាន​ច្រើន ព្រោះ​ជា​ឆ្នាំ​ត្រូវ​ប្រឡង​។​

​លោកស្រី មិថុនា ភូ​ថង ក៏​សង្ឃឹមថាៈ លោកគ្រូ អ្នកគ្រូ ដែលជា​ឪពុកម្តាយ​ទី​២ ពិតជា​ខិតខំ បង្ហាត់បង្ហាញ​ប្អូនៗ នូវ​ចំណេះដឹង​ទាំងអស់ ដល់​ប្អូនៗ ដើម្បីឱ្យ​ប្អូនៗ ទទួលបាន​លទ្ធផល​ល្អ ជា​កិត្តិយស​របស់លោក​គ្រូ អ្នកគ្រូ សាលារៀន គ្រួសារ និង​ខេត្តកោះកុង របស់​យើង​ផងដែរ​។ ម្យ៉ាងទៀត​ប្អូនៗ ទទួលបាន​និទ្ទេស​ល្អ អាច​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដើម្បី​យកចំណេះ​ដឹង​មក ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​របស់​យើង កាន់តែ​មានកា​រីកចម្រើន​បន្តទៀត​។​

​លោក សេង សុ​ទ្ធី អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកោះកុង បានឱ្យដឹង​ដែរ​ថាៈ មុខវិជ្ជា​សិក្សា​ដែល​ត្រូវ​បង្ហាត់បង្រៀន បំប៉ន​ដល់​សិស្ស នៅពេលនេះ មានដូចជា វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម ដោយ​អនុវត្ត​នា​ដើមខែ​កក្កដា រហូតដល់​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២២​។ ចំពោះ​វេន​ម៉ោង​សិក្សា នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ តាម​បន្ទប់​របស់​វិទ្យាល័យ ទាំង​៣ ខាងលើ​។​

​លោក សេង សុ​ទ្ធី បាន​បន្ថែមថាៈ នៅ​ឆ្នាំ​២០២២ មាន​បេក្ខជន​ត្រៀម​ចូលរួម​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាង ១.០០០ នាក់ ទូទាំង​ខេត្តកោះកុង​។ កាលពី​ឆ្នាំ​២០២១ កន្លងទៅ ខេត្តកោះកុង ទទួល​សិស្ស​ប្រឡង ជាប់​និទ្ទេស A ចំនួន ៤​នាក់ ដោយ​ពួកគាត់ ក៏​ត្រូវបាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តកោះកុង ផ្តល់​រង្វាន់​លើក​ចិត្ត ឱ្យ​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ ថែមទៀត​៕/V​.mara