ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកក្កដា សហព័ន្ធខ្មែរកីឡាហាប់គីដូបានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស និងលើកទិសដៅអនុវត្តបន្ដរបស់សហព័ន្ធ ក្នុងអាណត្តិទី៧ នាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។
លោក សៅ សេងហាក់ ដែលជាប្រធានសហព័ន្ធបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែង និងពួតដៃគ្នា ក្រោមស្មារតីរួបរួមដោយឆន្ទៈ និងការលះបង់ខ្ពស់ ដើម្បីការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើនហើយមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
ក្នុងនាមប្រធានសហព័ន្ធថ្មី លោកបានធ្វើការជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបានឱកាសក្លាយជាគ្រូបង្គោលនាថ្ងៃអនាគតហើយឈានទៅសាបព្រោះវិស័យកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជា។
លោក គង់ ចាន់ធីណាដែលជាអគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា រយៈពេល ៣ខែកន្លងមក (ខែមេសា-មិថុនា) សហព័ន្ធបានសម្រេចសកម្មភាពការងារជាច្រើន ដូចជាការបើកវគ្គបណ្ដុះបណ្ដាល និងបង្ហាត់ស្នៀតជំនាញបច្ចេកទេស ដើម្បីការពារសន្ដិសុខ ដល់ក្រុមគ្រូបង្គោលមកពីសាលាបណ្ឌិតសភានគរបាលជាតិក្រុមកងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលដល់ក្លិបសមាជិក។
បច្ចុប្បន្នសហព័ន្ធមានក្លិបសមាជិកចំនួន៤ដែលមានសិស្សគុនសរុបប្រមាណ៧២នាក់។បន្ទាប់ពីសហព័ន្ធបានបោះឆ្នោតជ្រើសរើសប្រធានថ្មីលោកបានចាត់ចែងដឹកនាំកិច្ចប្រជុំរៀបចំឯកសារពាក់ព័ន្ធ និងដាក់ទិសដៅការងារជាបន្តបន្ទាប់ ដោយមានកិច្ចសហការផ្ទៃក្នុងល្អ ប្រកបដោយសុខដុមនីយកម្មរហូតទទួលបានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំពោះសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់កីដូទៀតផង៕