ដោយៈ សុផល / ភ្នំពេញ៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ បញ្ញាសាស្ដ្រកម្ពុជា កាលពីចុងសប្តាហ៍ បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហការវិស័យអប់រំ និងការសិក្សាស្រាវជ្រាវ។
លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែង ថាៈ ការចុះអនុស្សរណៈយោគយល់នេះ នឹងបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធជាមួយគ្នា ផ្តល់អត្ថប្រយោជន៍បន្ថែមទៀត និងបំពេញរាល់កង្វះខាត ជូនភាគីទាំងសងខាង ពាក់ព័ន្ធនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ ដោយផ្អែកលើគោលការណ៍ ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្ដល់អត្ថប្រយោជន៍ ដល់គូភាគីទៅវិញទៅមក។
បណ្ឌិត ស៊ីន ម៉េងស្រ៊ុន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ បញ្ញាសាស្ដ្រកម្ពុជា បានមានប្រសាសន៍ថាៈ នេះគឺជាការចាប់ផ្តើម នៃកិច្ចសហការ រវាងស្ថាប័នទាំងពីរ ក្នុងការឈានទៅរកភាពរីកចំរើនរួមគ្នា ដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស លើវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា។
គួរបញ្ជាក់ថា អនុស្សរណៈយោគយល់នេះ បានឯកភាពជាគោលការណ៍ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ការអប់រំ និងការស្រាវជ្រាវ រួមមានៈ សហការបណ្តុះបណ្តាល លើជំនាញបច្ចេកទេស ផ្សេងៗ ផ្លាស់ប្តូរមន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងបុគ្គលិក សហការលើការស្រាវជ្រាវ និងការអនុវត្តគម្រោងរួមគ្នា ក្នុងវិស័យពាក់ព័ន្ធ សហការផ្តល់ជំនួយបច្ចេកទេស លើការអប់រំ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសផ្សេងៗ ប្រើប្រាស់ឧបករណ៍ឧបករណ៍ សម្ភារៈសំណង់ និងធនធានរួមគ្នា ផ្តល់ឱកាសដល់និស្សិត ដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា ផ្តល់ជូនវិញ្ញាបនបត្រ នៃការបណ្តុះបណ្តាលបច្ចេកទេស និងជំរុញអនុវត្តសកម្មភាព ស្របតាមស្មារតី នៃអនុស្សរណៈ នៃការយោគយល់គ្នានេះ៕/V.mara