​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ជនសង្ស័យ ឆក់​ពីរ​នាក់​គូស្នេហ៍ ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ​ស្រាវជ្រាវ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់ពី ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​រយៈពេល​បី​ថ្ងៃ ហើយ​ទៅសំងំ​លាក់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​តា​ណា​នី​តា ស្ថិតនៅ ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំងពីរ​នាក់​រួមមាន​៖ ១.​ឈ្មោះ​អូន សំណាង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ពុំ​ពិតប្រាកដ និង​២.​ឈ្មោះ​ជ័យ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់នៅ តាម​ផ្ទះសំណាក់​។ ចំណែក នារី​រងគ្រោះ​ឈ្មោះ​ជា មេត្តា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​សិស្ស​ស្នាក់នៅ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​តាម​នគរបាល អោយដឹងថា ជនសង្ស័យ ២​នាក់ ក្នុងចំណោម បក្សពួក​៣​នាក់ ដែល​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ព​ស្ត្រី​ម្នាក់​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២ នៅតាម​បណ្តោយ​ផ្លូវ ៥៩៨ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រ​ជ​ធានី​ភ្នំពេញ​។​
តាម​ព័ត៌មាន​អោយដឹងថា នៅក្នុង​សកម្មភាព ជនសង្ស័យ បាន​ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១៣​ប្រូ​មេក បានសម្រេច បណ្តាលអោយ នារី​រងគ្រោះ​ដួល ម៉ូតូ រងរបួស​ជើង ។​បន្ទាប់ពី ធ្វើ​សកម្មភាព​ឆក់ ជនសង្ស័យ បាន​គេចខ្លួនបាត់​ហើយ​នារី​រងគ្រោះ​ពុំ​បានមក​ដាក់ពាក្យ​បណ្តឹង​នោះទេ ។ តាមរយៈ​ពេល កា​ម៉េ​រ៉ា សុវត្ថិភាព នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច ក៍បាន​ចុះទៅ​ស្រាវជ្រាវ ឈានទៅ​កំណត់​មុខ សញ្ញា​ជនសង្ស័យ ។​លុះ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០២២ សមត្ថកិច្ច​ក៍​បានទទួល​ដំណឹង​ថា មាន​ជន​មួយក្រុម​ប្រមូលគ្នា​នៅផ្ទះ​សំណាក់​ខាងលើ ក៍បាន​ចុះទៅ​ត្រួតពិនិត្យ ឈានទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ទាំង​២​នាក់​តែម្តង​។ បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​ក៍បាន​ដកហូត​បាន​ទូរស័ព្ទ របស់​ជនរងគ្រោះ និង​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្លៅ​ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GG.០៣៥៥ មួយគ្រឿង ដែលជា​មធ្យោបាយ ធ្វើ​សកម្មភាព​ផងដែរ​។​

​ជនសង្ស័យ ត្រូវបាន​នគរបាល​ប​ញ្ចូ​ន ទៅកាន់​អធិការដ្ឋាន ខណ្ឌ​សែន​សុខ​សាកសួរ និង​ចាត់ការ​តាមច្បាប់ ៕​