​ដោយៈ គង់​ហេង​/ កំពង់ចាមៈ នាពេល​ឆាប់ៗ ខាងមុខនេះ ខេត្តកំពង់ចាម នឹងមាន​អភិបាលរង​ខេត្ត ចំនួន ១០ រូប ខណៈ​បច្ចុប្បន្ន មាន​ចំនួន ប្រាំ​រូប គឺ​នឹង​ជួយ​ចែករំលែក ការងារ​គ្នា កាត់បន្ថយ​ការកកស្ទះ​ការងារ និង​ការកកស្ទះ​ឯកសារ​។

នេះ​បើ​យោងតាម ការប្រកាស​ឱ្យដឹង​ដោយ​លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម នៅក្នុង​ឱកាស ដែល​លោក និង​សហការី បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្តីណែនាំ​លេ​ខៈ ១៦៩/២២ ម​ស​.​ស​ណន របស់​ក្រសួង​មុខងារសាធារណៈ « ស្តីពី​គោលការណ៍ បែបបទ និង​នីតិវិធី នៃ​ការគ្រប់គ្រង​បុគ្គលិក​រដ្ឋបាល​ក្រុង ស្រុក​» នៅក្នុង​សាលាខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃទី​២៥ កក្កដា​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថាៈ ការបន្ថែម​អភិបាលរង ពាក់ព័ន្ធ​នឹង​អនុក្រឹត្យ​លេខ ១១៩ ដោយ​បន្ថែម​អភិបាលរង ខេត្តកំពង់ចាម ចំនួន បួនរូប ក្នុងនោះ មួយរូប ជា​ខ្មែរឥស្លាម​។ បន្ថែម​នាយករង​រដ្ឋ​បាល​ខេត្ត ចំនួន ពីររូប​, អភិបាលរង​ស្រុក ក្រុង​ចំនួន ពីរ រូប គឺមាន​មួយរូប ក៏​ជា​ខ្មែរឥស្លាម​ដែរ ចំពោះ​ស្រុក ក្រុង ដែលមាន​ជនជាតិខ្មែរ​ឥស្លាម រស់នៅ និង​នាយករង រដ្ឋបាល​ស្រុក ក្រុង​ចំនួន ពីរ រូប​ដែរ​។​

​លោក​បាន​បន្តថាៈ ការបន្ថែម​អភិបាលរង​ខេត្ត នាយករង​រដ្ឋបាលខេត្ត អភិបាលរង​ស្រុក ក្រុង និង​នាយករង​រដ្ឋបាល ស្រុក ក្រុង គឺ​ដើម្បី​ចែករំលែក​ការងារ​គ្នា កាត់បន្ថយ​ការកកស្ទះ ការងារ​ផង និង​ការកកស្ទះ​ឯកសារ​ផង​។ រដ្ឋបាលខេត្ត នឹងមាន​ការសម្រេច​បែងចែក​តួនាទី និង​ភារកិច្ច ជូន​នាពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ក្រសួងមហាផ្ទៃ សម្រេច​៕/V​.mara