ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃទី​២៥  ខែកក្កដា សហព័ន្ធ​ប្រដាល់សកល​កម្ពុជា​បាន​ណែនាំ​គ្រូបង្វឹក​ថ្មី​ជា​ជនជាតិ​កា​ហ្សា​ក់​ស្ថាន​ដល់​អ្នក​ប្រដាល់​ជម្រើសជាតិ​កម្ពុជា​ដែល​ទើបនឹង​បញ្ចប់​ការបោះ​ជ​ម្រំ​ហ្វឹកហាត់​២​សប្ដាហ៍​នៅ​ប្រទេស​ថៃ​រួម​នឹង​គ្រូ​ជំនួយ និង​មន្ត្រី​របស់​សហព័ន្ធ​ជាច្រើនរូប​។

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ដែលជា​អគ្គលេខាធិការ​របស់​ស​ហ​ព័ន្ធ​បាន​បញ្ជាក់ថា​គ្រូបង្វឹក​ថ្មី​​នេះ​បានមក​ដោយសារ​ជំនួយ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)​។ គ្រូបង្វឹក​រូបនេះ ជា​គ្រូបង្វឹក​កម្រិត​អន្តរជាតិ ដែលមាន​បទពិសោធន៍​ច្រើន​លើ​វិញ្ញាសា​ប្រដាល់​​សកល​ដែល​ធ្លាប់ជា​គ្រូបង្វឹក​ជម្រើសជាតិ​វៀតណាម មី​យ៉ាន់​ម៉ា និង​ធ្លាប់ជា​គ្រូបង្វឹក​ជម្រើស​ជាតិ​ផ្នែក​យោធា​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ទៀតផង​។ គ្រូបង្វឹក​រូបនេះ​ទើបតែ​បញ្ចប់​បេសកកម្ម​បង្ហាត់​នៅ​ប្រទេស​ទួរគី​រយៈពេល​មួយឆ្នាំ​។​

​លោក​អគ្គលេខាធិការ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រឹក​មិញ​នេះ​ក្រៅពី​ការណែនាំ​ឲ្យ​ស្គាល់គ្នា​សហព័ន្ធ​ក៏បាន​ពង្រឹង​ឲ្យ​កីឡាករ​សហការ​ជាមួយ​គ្រូបង្វឹក​ថ្មី​នេះ​ឲ្យ​បានល្អ​ពិសេស​លើ​ផ្នែក​​បច្ចេកទេស និង​ការហ្វឹកហាត់​ឲ្យ​បានល្អ​ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​ខ្ពស់​សម្រាប់​ឆ្នាំ​២០២៣​។​

​គ្រូបង្វឹក​រូបនេះ​សន្យាថា និង​បង្ហាត់​ឲ្យ​អស់ពី​សមត្ថភាព​ហើយ​គាត់​ក៏មាន​គម្រោង​ស្នើសុំ​ទៅ CAMSOC តាមរយៈ​សហព័ន្ធ ដើម្បី​បញ្ជូន​អ្នក​ប្រដាល់​ជម្រើសជាតិ​កម្ពុជា​ទៅ​បោះ​ជ​ម្រំ​​ហ្វឹកហាត់​នៅ​កា​ហ្សា​ក់​ស្ថាន ដែលជា​ប្រទេស​សម្បូរ​ដោយ​ធនធាន​កីឡាករ​ប្រដាល់សកល​​ដើម្បី​ពង្រឹង​បច្ចេកទេស និង​បទពិសោធន៍​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ការហ្វឹកហាត់​នៅ​ទីនោះ​កីឡាករ​កម្ពុជា​នឹងមាន​ដៃគូ​ជាមួយ​កីឡាករ​លំដាប់​អន្តរជាតិ​។​

​កា​ហ្សា​ក់​ស្ថាន​ជា​ប្រទេស​ដែល​លំដាប់​អន្តរជាតិ​ផ្នែក​កីឡាប្រដាល់​សកល​ដែល​ធ្លាប់​​ទទួលបាន​មេដាយមាស​ពិ​ភ​ភ​លោក​និង​អូឡាំពិក​ហ្គេម​។ លោក​សោ​ភ័​ណ្ឌ​មាន​ជំនឿ​ចិត្ត​ថា​សម្រាប់​ការជួល​គ្រូ​មកពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​នេះ​គឺ​ដើម្បី​ពង្រឹង​បច្ចេកទេស​ការហ្វឹកហាត់​​និង​ការប្រកួត​ឲ្យ​កាន់តែ​ល្អ​ព្រោះ​គាត់​មានបទពិសោធន៍​ច្រើន​ហេតុនេះ​គាត់​អាច​ស្វែងយល​ពី​​កម្រិត​បច្ចេកទេស​រប​ស់​អ្នក​ប្រដាល់​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង អាស៊ី​។​

​លោក​អគ្គលេខាធិការ​មាន​ជំនឿ​ចិត្ត​ថា​គ្រូបង្វឹក​ថ្មី​នេះ​នឹង​ជួយ​ពង្រឹង​ហើយ​គាត់​នឹងមាន​​យុទ្ធសាស្ត្រ​ល្អ​សម្រាប់​ជួយ​ដល់​អ្នក​ប្រដាល់​កម្ពុជា​ឲ្យ​ដណ្ដើមបាន​ជោគជ័យ​នា​ឆ្នាំ​២០២៣៕​