ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ ទំនប់អាងទឹកដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង តាមផែនការគម្រោងនេះ ត្រូវរួចរាល់ នៅក្នុងឆ្នាំ២០២៣ ដែលមកដល់នឹងថ្ងៃទី ២៥ ខែកក្កដា អនុវត្តបានលទ្ធផល ៨១,៩ ភាគរយ នៃគម្រោងហើយ។ គម្រោងនេះ អាចរួចរាល់ យឺតជាងផែនការ ដោយសារកន្លងទៅ ជួបវិបត្តិកូវីដ ១៩ មានភ្លៀងធ្លាក់ច្រើន ញឹកញាប់ និងមានការកែសម្រួលនៅចំណុចខ្លះ នៃគម្រោងផង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថាៈ គម្រោងសាងសង់ទំនប់អាង ទឹកដូនទ្រី មានទីតាំងស្ថិតនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង មកដល់ពេលនេះ (២៥ខែកក្កដា) អនុវត្តបានលទ្ធផល ៨១,៩ ភាគរយ នៃគម្រោងទាំងមូលហើយ។ តាមផែនការ គម្រោងនេះ ត្រូវបញ្ចប់នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ ខាងមុខ តែជាក់ស្តែង រួចរាល់អាចយឺតជាង ការគ្រោងទុក ដោយសារតំបន់នេះ មានភ្លៀងធ្លាក់ច្រើនញឹកញាប់ បញ្ហាកូវីដ១៩ និងដោយ សារការងារមួយចំនួន នៅក្នុងគម្រោងនេះ ត្រូវបានកែសម្រួល ជាក់ស្តែង។ គម្រោងអភិវឌ្ឍន៍ ទំនប់ដូនទ្រី មានទីតាំងស្ថិតនៅក្នុង ស្រុករុក្ខគីរី ខេត្តបាត់ដំបង ប្រើប្រាស់ហិរញ្ញប្បទាន សម្បទាន បានមកពីសាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ គ្រោងនឹងបញ្ចប់ នៅក្នុងឆ្នាំ២០២៣។
ក្រោយពេលសាងសង់រួច គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី អាចផ្គត់ផ្គង់ទឹក សម្រាប់ការស្រោចស្រព លើផ្ទៃដីស្រូវវស្សា បាន ចំនួន ៣៣.០០០ ហិកតា និងផ្ទៃដីស្រូវប្រាំង បានចំនួន ៤.៥០០ ហិកតា ។ ការងារត្រូវធ្វើនៅក្នុងគម្រោងនេះ រួមមាន សាងសង់ទំនប់មេ ជាប្រភេទទំនប់ស្នូលដីថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើ ទទឹង ៨ ម៉ែត្រ កម្ពស់ខ្ពស់បំផុត ប្រមាណ ៤៧ ម៉ែត្រ និងមានប្រវែងសរុប ៦៥៤ ម៉ែត្រ។ សំណង់បង្ហៀរ (Spillways) ធ្វើពីបេតុង ស្ថិតនៅខាងឆ្វេងទំនប់មេ មានប្រវែងសរុប ៤១៤ ម៉ែត្រ។ ទំនប់បង្ហៀរនេះ អាចដោះទឹកបាន ៨៥០ ម៉ែត្រគីប ក្នុងមួយវិនាទី។ សាងសង់រូងទូនេល ពង្វៀងទឹក (Diversion Tunnel) រូងមានរាងជាក្រចកជើងសេះ, អង្កត់ផ្ចិត ៤ ម៉ែត្រ, មានប្រវែង សរុប ៤៦២ ម៉ែត្រ។ សង់សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹក ចំនួន ៥ (២,២ ម៉ែត្រគុណ ២,២ ម៉ែត្រ, ៤ទ្វារ និង ៤ ម៉ែត្រគុណ ៤ ម៉ែត្រ, ១ទ្វារ)។ សង់ទំនប់បណ្តោះអាសន្ន ខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ ម៉ែត្រ, ខ្នងលើទទឹង ៥ ម៉ែត្រ, ប្រវែង ៥៣៦ ម៉ែត្រ ។ សង់ទំនប់បណ្តោះអាសន្ន ខាងក្រោម (D/S Coffer Dam) មានកម្ពស់ ១០ ម៉ែត្រ, ខ្នងលើ ទទឹងទំនប់ ៥ ម៉ែត្រ, ប្រវែង ១៥០ ម៉ែត្រ និងសាងសង់ផ្លូវក្រាលថ្មភ្នំ ប្រវែង ៥,២ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ ជាមួយសំណង់ដោះទឹក ចំនួន ៨ កន្លែង៕/V.mara