ដោយៈ បូកគោ / កំពត: ក្រោយខកខានមិនបានដឹកភ្ញៀវ លម្ហែកម្សាន្តក្នុងដងព្រែក មួយរយ: ពេលនេះ ម្ចាស់ទូកទេសចរណ៍ មានក្តីសប្បាយរីករាយឡើងវិញ បន្ទាប់ពីក្រុមហ៊ុនស៊ីណូ ហាយដ្រូ បិទទ្វារទឹក បញ្ឈប់ការបង្ហូរចេញពី អាងទំនប់វារីអគ្គិសនីកំចាយ។
ស្ត្រីជាម្ចាស់ទូកហេបភីកូនភ្លោះ បានរៀបរាប់ថាៈ អ្នកស្រី មានក្តីសប្បាយរីករាយ ដោយសារទូកដឹកភ្ញៀវកម្សាន្ត ដើម្បីទៅមើលថ្ងៃលិច និងមើលអំពិលអំពែក តាមដងព្រែក បានដំណើរការធម្មតាឡើងវិញ។ រយ:ពេលពីរសប្តាហ៍កន្លងមក ទូករបស់អ្នកស្រី ក៏ដូចជា ទូកទេសចរណ៍ផ្សេងៗទៀត បានត្រឹមទទួលភ្ញៀវ មកបរិភោគចំណីអាហារ នៅនឹងកន្លែង ព្រោះតែក្រុមហ៊ុនវារីអគ្គិសនីកំចាយ បើកបង្ហូរទឹកធ្វើឲ្យល្បឿនទឹក ក្នុងព្រែកហូរខ្លាំង និងកម្ពស់ទឹកឡើងខ្ពស់មិនអាចឲ្យទូកឆ្លងកាត់ខាងក្រោមស្ពានបាន។
ម្ចាស់ទូកហេបភីកូនភ្លោះដដែល បានបញ្ជាក់ថាៈ កាលពីថ្ងៃចុងសប្តាហ៍ កន្លងទៅ ក្រុមហ៊ុនវារីអគ្គិសនី បានឈប់បង្ហូរទឹក ទើបពេលនេះ សេវាកម្មដឹកភ្ញៀវកម្សាន្ត ក្នុងដងព្រែក អាចដំណើរការឡើងវិញ។ ម្ល៉ោះហើយ កាលពីថ្ងៃអាទិត្យ ស្របពេលទេសចរមកលេង នៅកំពតច្រើន ហើយអាកាសធាតុ ស្រឡះល្អផងនោះ ទូកជាច្រើនគ្រឿង បានដំណើរការ ដឹកភ្ញៀវ ទៅលម្ហែផ្នែកខាងលើ មានសកម្មភាពជាធម្មតាដូចមុន។
លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពត បានប្រាប់ឲ្យដឹងថាៈ ដោយសារ ស្ថានភាពកាសធាតុល្អប្រសើរ ក្រុមហ៊ុនវារីអគ្គិសនីកំចាយ ស៊ីណូហាយដ្រូ បានបិទទ្វារ បញ្ឈប់ការបង្ហូរទឹក តាំងពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ មកម្ល៉េះ។ ដោយឡែក គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នេះ ស្ថានភាពកម្រិតទឹក ក្នុងអាងទំនប់ វារីអគ្គិសនីកំចាយ មានកម្ពស់ ១៤៨,២០ ម៉ែត្រ ដោយលំហូរទឹកចូលចំណុះ ៨៦,៧០ ម៉ែត្រ ត្រីគុណ ក្នុងមួយវិនាទី។ ចំណែកលំហូទឹកចេញ មានបរិមាណ ១៧៨,២៨ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ជាមួយនឹងការផលិតថាមពល មានកម្លាំង ១៧៩,៣ ម៉េហ្គាវ៉ាត់។ ក្នុងករណី ស្ថានភាពអាកាសធាតុ នាតំបន់ទំនប់វារីអគ្គិសនី នៅតែល្អដូចថ្ងៃនេះ នោះនឹងមិនមានការ បើកទ្វាររំដោះទឹកចេញទៀតទេ៕/V