​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ថ្ងៃទី​២៥ កក្កដា លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី បាល់ទះ​អង្គុយ​កម្ពុជា ចំនួន ២៦​រូប ដែល​ត្រៀម​ចេញដំណើរ​ទៅ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ថ្ងៃទី​២៦ ខែកក្កដា ស្អែក​នេះ​។​

​ការជួប​សំណេះសំណាល​នេះ ដែល​ធ្វើឡើង នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏បាន​ផ្ញើ​ថវិកា ជូន​ដល់​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំង ២៦​នាក់ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន ២០០ ដុល្លារ​។​

​ចំពោះ​លោក ស សុខា ក៏បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម ៥០០ ដុល្លារ ដល់​លោក យី វាសនា នាយ​បេសកកម្ម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កម្ពុជា សម្រាប់​ការចំណាយ​នានា អំឡុង​ពេលចេញ ទៅ​ប្រកួត នាពេល​ល​ឆាប់ៗ ខាងមុខ​ផងដែរ​។​

​លោក​អនុប្រធាន​សហព័ន្ធ បាន​គូសបញ្ជាក់ថាៈ បេសកកម្ម​លើក​នេះ គឺជា​ការ​ចេញទៅ​ចូលរួម​ប្រកួតប្រជែង​ផង និង​សិក្សា​ពី​គេ​ផង ដើម្បី​ស្វែងយល់​ពី​ចំណុចខ្លាំង និង​ចំណុចខ្សោយ សម្រាប់​ពង្រឹងសមត្ថភាព ទាំង​កីឡាករ​-​កីឡាការិនី និង​ធនធាន​មន្ដ្រី​បច្ចេកទេស​សហព័ន្ធ សម្រាប់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣​។ លោក​សង្ឃឹមថា គ្រប់ភាគី​ពាក់ព័ន្ធ នៃ​ក្រុម​កីឡាបាល់ទះ​អង្គុយ​កម្ពុជា នឹង​សម្រេចបាន លទ្ធផល​ល្អប្រសើរ ក្នុង​បេសកកម្ម​ដ៏​មាន​សារសំខាន់​នេះ​។​

​លោក ស សុខា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ទោះបី​ស្ថិតក្នុង​បរិបទ​កូ​វីដ​-១៩ ក៏ដោយ​។ តែ​យ៉ាងណា លោក​បាន​ក្រើនរំលឹក ដល់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ ត្រូវ​រក្សា​ការពារ សុខភាព ទាំង​ពេលធ្វើ​ដំណើរ និង​ហ្វឹកហាត់ ដើម្បី​ជៀសផុត​ពី​ជំងឺ​នានា ពិសេស​ជំងឺ​កូ​វីដ​១៩​។ មួយវិញទៀត ត្រូវគោរព​ឲ្យ​បាន​ដាច់ខាត តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុង​ពិធី​ជួប​សំណេះសំណាល កាលពី​ថ្មីៗ​។​

​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូណេស៊ី នឹង​ចាប់ផ្ដើម​ការប្រកួត ផ្លូវការ ពីថ្ងៃ​ទី​៣០ ខែកក្កដា ដល់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២២ នៅ​ទីក្រុង​សូ​ឡូ ដោយ​កម្ពុជា បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី សរុប ១៦៦ នាក់ លើ ១១ ប្រភេទ​កីឡា រួមមាន កីឡាអត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង​នារី បាល់បោះ​រទេះ​បុរស និង​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់ ៧ ម្ខាង (​ចលករ​ខួរក្បាល​) វាយ​កូនឃ្លី​លើ​តុ វាយ​សី លើក​ទម្ងន់ អុក និង​ប៊ូ​ស្យា ដែល​ត្រូវ​ធ្វើដំណើរ​ចាកចេញ ពី​មាតុភូមិ នា​ថ្ងៃ​អង្គារ ស្អែក​នេះ តាម​ជើងយន្ដហោះ​ពិសេស ដែល​អនុញ្ញាត​ឲ្យ​រៀបចំ ដោយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ដ្រី​៕/V​