ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​អ៊ីចេះ​

​និបាតសព្ទ​

( ព​. សា ) ដូច្នេះ​
​ធ្វើ​អ៊ីចេះ​ថា​ខុស ធ្វើ​អ៊ីចុះ​ថា​ខុស​ដែរ ចុះ​ឲ្យ​ធ្វើ​ដូច​ម៉េច​ទៅវិញ​អ៊ីចឹង ?

​កន្លាត​

នាមសព្ទ​

​ឈ្មោះ​សត្វល្អិត​មួយ​ប្រភេទ មាន​ក្លិនឆ្អេះ​អាក្រក់ ច្រើន​កើត​នៅ​នឹង​ទី​កៀនកោះ​ក្នុងផ្ទះ​លំនៅ ជា​សត្វ​ឲ្យ​ទុក្ខ​ម្នេញ​ដល់​មនុស្ស ដោយហេតុ​កាត់សំពត់​អាវ និង​ក្រដាស​ជាដើម ។ កន្លាត​មួយ​យ៉ាង​ទៀត​មាន​ស្លាប ហៅថា កន្លាត​ស្លាប ។​

​គុណសព្ទ​

​ដែលមាន​ពណ៌​ដូច​ស្លាប​កន្លាត ។​

​កម​

នាមសព្ទ​

​រោគ​ស្បែ​កមួយ​យ៉ាង​បណ្តាល​រមាស់​ឲ្យ​អេះ​កេះ​ដល់​រលាត់​មាន​ទឹករងៃ​និង​ខ្ទុះ​
​កូន​ខ្ញុំ​វា​កើត​កម​រដេមរដម វា​ឈប់​ខាន​រៀន​អស់ ១ ខែ​ហើយ ។​

​ក្ដឹះ​

គុណសព្ទ​

( ជើង ដ ) ឆ្អេះ​ម្ហេះៗ​

​ធុំក្លិន​ក្តឹះ​, បែកញើស​ធុំក្លិន​ក្ដឹះ ។ ស្រែក​បែក​ក្ដឹះ គឺ​ស្រែក​លុះដល់​ចេញ​ញើស​ពី​ខ្លួន​ធុំក្លិន​ម្ហេះៗ​; តែ​តាម​ទម្លាប់​អ្នកស្រុក​ប្រើ​ធម្មតា គឺ​សំដៅត្រង់​ក្មេង​ស្រែកយំ​ខ្លាំង​ថា ស្រែក​បែក​ក្ដឹះ ។​

​ខ្ញុង​

​នាមសព្ទ​

​ឈ្មោះ​សត្វល្អិត​មួយ​ពួក ស្រដៀង​នឹង​កំពោង​, កញ្ចែ ។ ខ្ញុង​មាន​ពីរ​ពួក​គឺ មួយ​ពួក មាន​ក្លិន​ខារ ក្រពុល​ឆ្អេះ​, មួយ​ពួក​ទៀត អ្នកស្រុក​ខ្លះ គេ​យកមក​លីង​បរិភោគបាន ដូចជា ចង្រិត ។​