​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ បន្ទាប់ពី​អាក់ខាន រយៈពេល ២​ឆ្នាំ ដោយសារ​វិបត្តិ​កូ​វីដ ១៩ នៅ​ថ្ងៃទី​២៥ ខែកក្កដា នេះ គឺជា​លើក​ទី​២ ដែល​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា ដោយមាន​កិច្ច សហការ​ជាមួយ​សមាគម​ធានារ៉ាប់រង​កម្ពុជា និង​គ្រឹះស្ថាន​ធានារ៉ាប់រង បានរៀបចំ ” ទិវា​ធានារ៉ាប់រង ២០២២ ” ក្នុង​គោលបំណង​សំខាន់ៗ ចំនួន​៣ ដែល​បង្ហាញ​នូវ​សន្ទុះ​រីកចម្រើន គួរកត់សម្គាល់ ក្នុង​រយៈពេល​ជិត ២ ទសវត្សរ៍ កន្លងមកនេះ ។​

​ទិវា​នេះ បាន​ប្រព្រឹត្តទៅ នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ ជ្រោយចង្វារ (OCIC) ក្រោម​អធិបតីភាព​របស់លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ និង​មានការ​ចូលរួម ពី​តំណាង​ក្រសួង​-​ស្ថាប័ន រាជរដ្ឋាភិបាល គ្រឹះស្ថាន​ធានារ៉ាប់រង ដៃគូ​អភិវឌ្ឍន៍ និង​សមាគម ធុរកិច្ច​នានា​នៅ​កម្ពុជា ថែមទាំង​មាន​សាធារណជន​ទូទៅ បាន​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ក្នុង​កម្មវិធី​បើក​ទិវា​នេះ លោក​រដ្ឋលេខាធិការ បានលើកឡើង​នូវ​គោលបំណង​សំខាន់ៗ ទាំង​៣ ចំណុច​នោះ រួមមានៈ ១.​ការលើកកម្ពស់​ការយ​ល់​ដឹង និង​ជំរុញ​ការផ្សព្វផ្សាយ អំពី​សេវា​ធានារ៉ាប់រង ជូន​សាធារណជន​។ ២.​ជាការ​បង្ហាញ​ពី​ការគាំទ្រ របស់​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​ឲ្យ​មាន​ពិពិធ​កម្ម ផលិតផល​ហិរញ្ញវត្ថុ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ដូច​មានចែង នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល និង​ទី​៣.​ជាការ​បង្ហាញ​ដល់​សាធារណជន ឲ្យ​បាន​ជ្រាបថា វិស័យ​ធានារ៉ាប់រង ជា​វិស័យ​សំខាន់​មួយ នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ជា​វិស័យ ដែលមាន​តួនាទី​យ៉ាងសំខាន់ និង​ចាំបាច់​ក្នុងការ​ចូលរួមចំណែក កសាង​សំណាញ់ សុវត្ថិភាព សង្គម និង​សេដ្ឋកិច្ច​ថ្នាក់ជាតិ​។​

​លោក​បាន​បន្តថាៈ ទិវា​នេះ ក៏បាន​គូស​រំលេច​ឲ្យ​ឃើញថា វិស័យ​ធានារ៉ាប់រង​កម្ពុជា មាន​សន្ទុះ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រយៈពេល​ជិត ២ ទសវត្សរ៍ កន្លងមកនេះ​។ ជាក់ស្តែង ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា បច្ចុប្បន្ន មាន​គ្រឹះស្ថាន​ធានារ៉ាប់រង សរុប​ចំនួន ៩៤ កំពុង​ធ្វើ​ប្រតិបត្តិការ អាជីវកម្ម​ធានារ៉ាបរង​។​

​លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក​និយ័ត​ករ ធានារ៉ាប់រង​កម្ពុជា បាន​មានប្រសាសន៍ថាៈ ជាមួយនឹង​កំណើន​គ្រឹះស្ថាន​ធានារ៉ាប់រង ខាងលើនេះ ទំហំ​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា បាន​កើនឡើង ដល់​ប្រមាណ ៣០០ លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២១ ដោយបាន​ចូលរួម ចំណែក ក្នុង​សេដ្ឋកិច្ចកម្ពុជា ជា​អត្រា ១,១% នៅ​ឆ្នាំ​២០២១ និង​ដង់ស៊ីតេ ធានារ៉ាប់រង​ធានា រ៉ាប់រង ចំនួន ១៨,៧៥ ដុល្លារ ក្នុង​មួយ​នាក់​។​

​លោក​បាន​បន្ថែមថាៈ សូចនាករ​ទាំងនេះ បង្ហាញថា ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា នៅមាន​ទំហំ តូច​នៅឡើយ បើ​ធៀប​នឹង​តំបន់​ដែល​យើង អាច​ទាញ​ការ​សន្និដ្ឋានបានថា ទីផ្សារ​ធានារ៉ាប់រង កម្ពុជា នៅមាន​សក្តានុពល​ធំធេង សម្រាប់​ការអភិវឌ្ឍ នាពេល​អនាគត​។​

​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​ឲ្យ​ដឹងថាៈ ការរៀបចំ​ឡើងវិញ នូវ​ព្រឹត្តិការណ៍​ទិវា ខាងលើនេះ នឹងមិន​ត្រឹមតែ​បង្ហាញជូន​សាធារណជន ឲ្យ​បានដឹង​កាន់តែ ច្បាស់ អំពី​ស្ថានភាព និង​ទិដ្ឋភាព​ទូទៅ នៃ​ទីផ្សារ​ធានារ៉ាប់រង នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក ដល់​ការបង្កើន​ចំណេះដឹង​សាធារណៈ អំពី​អត្ថប្រយោជន៍ ធានារ៉ាប់រង និង​ការលើកកម្ពស់ ទំនុកចិត្ត​លើ​ទីផ្សារ ផងដែរ​។​

​សូមជម្រាបថា គិត​ត្រឹម​ឆ្នាំ​២០២១ ទំហំ​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា មាន​បុព្វលាភ​ដុល សរុប​ចំនួន​ប្រមាណ ៣០០ លាន​ដុល្លារ និង​មាន​កំណើន ប្រមាណ ២០% ជា​មធ្យម ក្នុង​រយៈពេល ៥ ឆ្នាំ ចុងក្រោយ​នេះ ជាពិសេស ទីផ្សារ​នៅតែ​កំ​ណើ​វិជ្ជមាន គួរ​ឲ្យ​កត់សម្គាល់ ក្នុង​រង្វង់​ប្រមាណ ៨% ក្នុង​ឆ្នាំ​២០២០ និង ១០% ក្នុង​ឆ្នាំ​២០២១ ទោះ​ក្នុងដំណាក់កាល នៃ​វិបត្តិ​កូ​វីដ ១៩ ក៏ដោយ​។​

​ជាមួយគ្នានេះ ក្រុមហ៊ុន​ធានារ៉ាប់រង ធានា​បន្ទុក​ហិរញ្ញវត្ថុ ចំពោះ​រាល់​ហានិភ័យ បាន​ចំនួន ប្រមាណ​ជាង ២០៤ ប៊ី​លាន​ដុល្លារ​អាម៉េរិក ជាមួយ​បណ្ណ សន្យា​រ៉ាប់រង​ចំនួន​ជាង ១​លាន​ប័ណ្ណ និង​បាន​ទូទាត់​សំណង ជូន​អតិថិជន ចំនួន​ជាង ៤៥ លាន​ដុល្លារ​អាម៉េរិក​។ ទីផ្សារ​ធានារ៉ាប់រង កម្ពុជា បច្ចុប្បន្ន មានទ្រព្យ​សកម្ម សរុប​ចំនួន ប្រមាណ ៨៥១ ដុល្លារ​អាម៉េរិក និង​មូលនិធិ ភាគ​ទុ​និក ចំនួន​ប្រមាណ ៣៦៩ លាន​ដុល្លារ និង​បង្កើត​ការងារ​ពេញ​ម៉ោង បាន​ចំនួន ប្រមាណ​ជិត ៤ ពាន់​កន្លែង និង​ការងារ​ក្រៅ​ម៉ោង ជាង ១ ម៉ឺន​កន្លែង​៕/V​