​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

បែក​

​កិរិយាសព្ទ​

​រយៈ​; ឃ្លាត​ចេញពី​គ្នា​; សាយភាយ​, ចេញ​ព្រាតព្រោង ។ ល ។ បែកការ ធ្វើការ​កំបាំង​ឬ​សេចក្ដី​កំបាំង​ឲ្យ​លេចឮ​សាយសុស នាំ​ឲ្យ​ខូចការ ។ បែកកុក (​ចិ​. កុ៎ក “​ពួក​, ក្រុម​, ទីប្រជុំ​; ស្រុក​”) បែកពួក ។ បែកខ្ញែក បែក​រាត់រាយ​ប្រញាយ​ចេញពី​គ្នា ។ បែកខ្នែង ចេញ​ខ្នែង ។ បែកខ្មោច ប្រព្រឹត្ត​ក្នុងការ​ស្មន់អន្ធករ​នឹង​គ្នា លុះដល់​មាន​ញាតិ​ណាមួយ (​ច្រើនតែ​ខាង​ស្រី​) ឈឺចាប់ គេ​គន់គូរ​មើល​តាម​ក្បួន ឬ​បន់ស្រន់​បូរបាច់​ទៅ​ឃើញថា​ត្រូវ​ខ្មោច​មេបា​ធ្វើ​ទើប​គេ​ចាប់​ប្រកាន់​ឲ្យ​សែនខ្មោច​ឲ្យ​គេ . . . ។ បែកគំនិត ឬ បែកប្រាជ្ញា កើតមាន​គំនិត​ឬ​ប្រាជ្ញា​ថ្មី​ប្លែកៗ​
​ផ្សេង​ជាង​ពីមុន ។ បែកចិត្ត ងាកចិត្ត​ចេញ​លែង​រាប់រក ។ បែកចំណេះ កើតមាន​ចំណេះ​ប្លែកៗ​ឡើង​ជាង​ពីមុន ។ បែកញើស ចេញ​ញើស ។ បែកបាក់ ឬ បាក់បែក បែក​ខ្លះ​បាក់​ខ្លះ​ខ្ទេចខ្ទី ។ ព​. ប្រ​. ដាច់ដោច​ប្ដី​ប្រពន្ធ​ឬ​ឈ្លោះ​ទាស់​គ្នា​នឹង​បងប្អូន​ញាតិ​មិត្រ គឺ​បែកចិត្ត​លែង​រាប់អាន​គ្នា ។ បែកពួក បែកចេញ​ជា​ពួកៗ ដោយមាន​គំនិត​យល់​ខុសគ្នា ។ បែកមែក ចេញ​មែក​លូតលាស់​ចម្រើន​ឡើង ។ ព​. ប្រ​. បែក​ជា​កូន​ពូន​ជា​ចៅ គឺ​កើតមាន​កូនចៅ​សាយ​រាយ​ច្រើនឡើង ។ បែករំហាច ជន់​លិច​សាយ​ពេញ​វាល​រហ​រហាច (​និយាយបាន​ចំពោះតែ​ទឹក​) : ទឹក​ជន់​សាយ​លិច​វាល​បែករំហាច ។ បែកសា វះ​សត្វ​តាយសាក​ឲ្យ​បែក​បំពង់​បស្សាវៈ ធុំក្លិន​ឆ្អេះ​ខូច​រសជាតិ​សាច់ ។ ព​. ប្រ​. និយាយ​បែកសា ឬ បែកសាយាមោ គឺ​និយាយ​បែក​ពីនេះ​ពី​នោះ​មិនចេះចប់ ។ បែកសាមគ្គី បែក​សេចក្ដី​ព្រមព្រៀងគ្នា ។ ព​. ទ​. បុ​. បែក​ជា​អូរ​ហូរ​ទៅជា​ស្ទឹង ឈ្លោះប្រកែក​រំលើកបើកកកាយ​ពី​តិចតួច​ផ្តួច​ដាល​រាល​ទៅជា​ធំ ហាក់ដូចជា​ទឹក​ហូរ​ច្រោះ​កើតជា​អូរ យូរៗ​ទៅ​កើត​បានជា​ស្ទឹង​, ឬ​ពុំនោះ​ហាក់ដូចជា​ទឹក​ហូរ​ធ្លា​ក់មក​ក្នុង​អូរ​ហូរ​ចុះ​តទៅ​ក្នុង​ស្ទឹង ។ ល ។​

​បំណាច់​

​នាមសព្ទ​

​ថ្វីដៃ​, ស្នាដៃ​, ផលប្រយោជន៍​
​ការ​នុ៎ះ​ជា​បំណាច់​ដៃ​របស់​មា​ខ្ញុំ ។​
​រង្វាន់​ដែល​គេ​ឲ្យ​តប​ថ្វីដៃ​អ្នកធ្វើការ​, ថ្លៃ​នឿយហត់​, រង្វាន់​ឲ្យ​ដោយឡែក​ផ្សេង​, សគុណ​
​ប្រាក់ ៦០​រៀល​នេះ​ជា​ថ្លៃឈ្នួល​, ១០​រៀល​នេះ​ខ្ញុំ​ឲ្យ​ជា​បំណាច់ . . . ( បុ​. ​សរ​. ​បំ​ណេ​ច ក៏មាន ) ។​

​និបាតសព្ទ​

​ដ្បិត​, បានជា​, ដោយហេតុ​ដែល​
​លក់​ឲ្យ​គាត់​ខ្លះទៅ បំណាច់​គាត់​មក កុំ​ឲ្យ​គាត់​ទៅវិញ​ទទេ ! ; បំណាច់​ហៅ​គ្នា​មក គួរតែ​ឲ្យ​អ្វី​ដល់​គ្នា​ខ្លះទៅ​អេះ !

​ម៉ឹង​

​និបាតសព្ទ​

​អេះ​, ហ្ន៎ះ​។ ពាក្យ​និបាត​ច្រើន​និយាយ​ផ្សំ​នឹង​ពាក្យ ម្ល៉ឹង​, ម្ល៉ោះ ថា​
​យ័រ ! អី​ម្ល៉ឹង​ម៉ឹង​ឬ ? អី​ដល់​ទៅ​ម្ល៉ោះ​ម៉ឹង !

​ម្ដេច​

(​ជើង ដ​, ម្ដិច​)

និបាតសព្ទ​

​អ្វី​, យ៉ាងណា : ម្ដេចក៏ដោយ អ្វី​ក៏ដោយ​, យ៉ាងណាក៏ដោយ : ម្ដេចក្ដី យ៉ាងណាក្តី​; ម្ដេចទៅអេះ ? យ៉ាងណា​ទៅ​អេះ ? ; ម្ដេចហ៏ ? យ៉ាងណា​ហ៏ ? ; ធ្វើ​ម្ដេច​ហ្ន៎ ! ធ្វើយ៉ាងណា​ហ្ន៎ ! ។ ល ។ ពាក្យ​សាមញ្ញ​ថា ម៉េច ប្រើ​សរសេរ​បានតែ​ដោយ​សេចក្ដី​ស្និទ្ធស្នាល : ម៉េច​ក៏ដោយ​, ម៉េច​ទៅ ? , ថា​ម៉េច ? , យ៉ាងម៉េច ? ។ ល ។​

​ម្រ៉ាង​

​និបាតសព្ទ​

( ព​. បុ​. ) ពុំសមបើ​, ពុំគួរ​បើ​; ម្ដេច​ឡើយ​ក៏​
​ឱ មទ្រី​អើយ ម្រ៉ាងឡើយ​ក៏​នាង​មក​ដួល​ដេក​បាត់ស្មារតី​ដូច្នេះ ! ( ម​. កណ្ឌ​មទ្រី​បព្វៈ ) ។​
​កាលណា​, កាលណា​ឡើយ​, អង្កាល់​ទៅ​ហ្ន៎​, អង្កាល់​ទៅ​អេះ​; ធ្វើ​ម្ដេច​
​ម្រ៉ាង​នឹង​បាន​រួច​ចាក​ទុក្ខ​នេះ ! , ម្រ៉ាងឡើយ​នឹង​បាន​ឆ្លង​មហាសាគរ​ដ៏​ធំធេង​នេះ​រួច ! ។​
​ប្រហែលជា​, ប្រហែលជា . . . ទេ​ដឹង ?
​ចុះ​ឯ​ព្រះបាទ​ស្រី​វេស្សន្ដរ​ជា​ព្រះវររាជបិតា​នៃ​យើងខ្ញុំ ម្រ៉ាង​ពុំមែន​ជា​ព្រះរាជបុត្រ​ព្រះអង្គ ជា​អម្ចាស់​ទេ​ឬ ? ( សម្ដី​ជាលី​កុមារ ឆ្លើយតប​នឹង​សម្ដី​មន្ត្រី​ទាំងឡាយ​ដែល​និយាយ​រិះគន់​ព្រះ​វេស្សន្ដរ ។ ម​. កណ្ឌ​មហារាជ​បព្វៈ ) ។​