​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ហ្វូ​ឡា​គេ​មី អា​គិ​ន​លី ( Folakemi I. Akinleye) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​នី​ហ្សេ​រី​យ៉ា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ថ្លែង​ក្នុងជំនួប​សម្តែង​ការគួរ​សមនេះ លោកស្រី​ឯកអគ្គរដ្ឋទូត បានបង្ហាញ អំពី​ចំណាប់អារម្មណ៍​លើ​ការពង្រឹង​កិច្ចសហការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​សហព័ន្ធ​នី​ហ្សេ​រី​យ៉ា ក៏ដូចជា​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​ការប្រើប្រាស់ និង​ការអភិវឌ្ឍ​វិស័យ​ថាមពល​នៅ​កម្ពុជា ពិសេស​លើ​ផ្នែក​អគ្គិសនី​និង​ឱកាស​លើ​ការវិនិយោគ​ក្នុង​វិស័យ​ប្រេង​និង​ឧស្ម័ន​។

​ជាមួយគ្នានេះដែរ លោកស្រី​ឯកអគ្គរដ្ឋទូត បានធ្វើការ​កោតសរសើ​រ​ខ្ពស់​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩​និង​ការអភិវឌ្ឍន៍​វិស័យ​រ៉ែ ថាមពល និង​ប្រេងកាត​គួរ​ឲ្យ​កត់សម្គាល់​៕​