​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក រដ្ឋ សា​រ៉ាវុធ អគ្គនាយក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​ប្រធាន​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ បាន​ដឹកនាំ​ឧ​ត្ត​ម​មន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ទៅ​បំពេញបេសកកម្ម​ស្វែងយល់​ពី​តថភាព​ក្នុង​ដំណើរការ​រៀបចំខ្លួន​ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត ។

​ដំណើរ​ទស្សនៈកិច្ច​រប​ស់អា​ស៊ាន ដឹកនាំ​ដោយ​កម្ពុជា​នេះ បាន​ធ្វើឡើង​នៅក្នុង​អំឡុង​ពីថ្ងៃ​ទី​១៩​ដល់​ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ​២០២២ ដោយ​បេសកកម្ម​នេះ មាន​គោលបំណង​វាយតម្លៃ​នូវ​វឌ្ឍនភាព​របស់​ទី​ម័​រ​ខាងកើត​ក្នុង​ដំណើរ​ការស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន ក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដោយ​ពិនិត្យមើល​គោលនយោបាយ​ជាតិ បទ​ប្បញ្ញត្តិ និង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ឱ្យមាន​អនុលោមភាព​ស្របតាម​គោលការណ៍​អាស៊ាន​។ ភាគី​ទាំង​២ ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ក៏ដូចជា​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក ជាពិសេស​ឱកាស បញ្ហា​ប្រឈម សក្តានុពល ក៏ដូចជា​ចំណុច​ខ្វះខាត​នានា​របស់​ទី​ម័​រ​ខាងកើត​ដើម្បី​អាចឱ្យ​អាស៊ាន​ជួយ​កសាង​សមត្ថភាព និង​ជំនួយ​បច្ចេកទេស​ផងដែរ​។

​គណប្រតិភូ​អាស៊ាន​ក៏បាន​ជួបពិភាក្សា​ជាមួយនឹង​ភាគី​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ក្នុងនោះ​មាន​ក្រសួង​និង​ស្ថាប័ន​ចំនួន​៨ ដែល​ដឹកនាំ​ដោយ​លោក ដូ​មី​ហ្គោ​ស ឡូ​ប៉េ​ស អាន​ទូ​ន​ណេ​ស ( Domingos Lopes Antunes ) អនុរដ្ឋមន្ត្រី​ក្រសួង​ទេសចរ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ក្នុងនាម​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ បាន​ចូលរួម​ធ្វើ​បទ​បង្ហាញជូន​ដល់​គណៈប្រតិភូ​ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​។
​ក្រសួង​និង​ស្ថាប័ន​ទាំងនោះ​មានដូចជា ក្រសួង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម​និង​នេសាទ ក្រសួង​សាធារណការ​និង​ទំនាក់ទំនង ក្រសួង​ប្រេងកាត និង​រ៉ែ ក្រសួង​ទេសចរ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម អាជ្ញាធរ​គយ សមាគម​សណ្ឋាគារ ព្រមទាំង​វិស័យ​ឯកជន​នានា​ផងដែរ​។​

​នាឱកាស​នោះ លោក​អគ្គនាយក ក៏បាន​ដឹកនាំ​គណៈប្រតិភូ​អាស៊ាន​ធ្វើ​ទស្សនកិច្ច នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការងារ​និង​ការបណ្តុះបណ្តាល​ជំនាញ កំពង់ផែ​ឌី​លី និង​កំពង់ផែ ទី​បា បេ ( Tibar Bay) ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ការបណ្តុះបណ្តាល​កសាង​ធនធានមនុស្ស ក៏ដូចជា​សក្តានុពល​នៃ​ការដឹកជញ្ជូន​ទំនិញ​របស់​ទី​ម័​រ​ខាងកើត ផងដែរ​។​

​ក្នុងអំឡុង​បេសកកម្ម​នេះដែរ លោក​អគ្គនាយក ក៏បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី អា​ដា​ជី​ហ្សា ម៉ា​ញូ ( Adaljiza Magno ) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទី​ម័​រ​ខាងកើត លោកស្រី​ទីប្រឹក្សា​ធនាគារ ADB និង​លោកស្រី ម៉ា​អ៊ី​កា អូ​ស៊ីកា​វ៉ា ( Maika Oshikawa) ប្រធាន​នាយកដ្ឋាន​ពិនិត្យ​និង​វាយតម្លៃ​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​តំបន់ បន្ថែមទៀត​។​

​បេសកកម្ម​រយៈពេល​៤​ថ្ងៃនេះ បាន​ប្រព្រឹត្ត​ទៅដោយ​ទទួលបាន​ផ្លែផ្កា​គាប់ប្រសើរ​។ ប្រទេស​ទី​ម័​រ​ខាងកើត បាន​ប្តេជ្ញា​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាក់ព័ន្ធ​ជាមួយ​អាស៊ាន ដើម្បី​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការស្នើ​សុំចូល​ជា​សមាជិក​អាស៊ាន​។

​នៅពេលនេះ ទី​ម័​រ​ខាង​កើតជា​ប្រទេស​សង្កេតការណ៍​មួយ​របស់​អាស៊ាន ។ ប្រទេស​នេះ​បាន​កំពុងតែ​ដាក់ពាក្យ​ស្នើសុំ​ដើម្បី​ក្លាយជា​សមាជិក​ទី ១១ របស់​អាស៊ាន ប៉ុន្តែ​ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន ។ ពាក់ព័ន្ធ​នឹង​ទី​ម័​រ​ខាងកើត​នេះ ប្រទេស​កម្ពុជា នៅក្នុង​ថា​នៈ​ជា​ប្រធាន​អាស៊ាន គឺ​បាន​គាំទ្រ​និង​សង្ឃឹមថា ទី​ម័​រ​ខាងកើត​នឹង​ទទួលបាន​សមាជិកភាព​អាស៊ាន​នៅក្នុង​ឆ្នាំនេះ​៕​