ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២២នេះប្រតិភូកីឡាជនពិការកម្ពុជាចេញដំណើរឆ្ពោះទៅកាន់ទីក្រុងសូឡូប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។

ប្រតិភូនិងកីឡាករ កីឡាការិនីចំនួន ១៥៤នាក់ ដែលដឹកនាំដោយឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានចាកចេញតាមជើងហោះហើរពិសេស ZA018 ។

ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅប្រទេសឥណ្ឌនេស៊ីលើកនេះ មាន៣ប្រភេទ គឺប្រតិភូទី១ ក្រុមអត្តពលិក និងគ្រូបង្វឹក ទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១។ ប្រតិភូទី២ គឺក្រុមការងារទៅរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្រប់យ៉ាង ដើម្បីយកចំណេះដឹងមករៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា និងប្រតិភូទី៣ គឺក្រុមការងារសម្តែងដើម្បីទទួលទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

សម្រាប់ការធ្វើដំណើរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ដ្រីនៃ
ព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានយល់ព្រមឲ្យមានការរៀបចំយន្ដហោះពិសេស សម្រាប់ការដឹកជញ្ជូនអត្តពលិកមានពិការភាពកម្ពុជា ទៅឥណ្ឌូនេស៊ីហើយក្រុមហ៊ុនអាកាសចរណ៍Sky Angkor Airlinesបានយល់ដឹកជញ្ជូនទៅ
មកដោយឥតគិតថ្លៃ ដែលត្រូវចេញដំណើរនៅថ្ងៃទី២៦ខែកក្កដានិងវិលត្រឡប់មកមាតុភូមិវិញ នៅថ្ងៃទី៧ ខែសីហា។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយមានកីឡា ១៤ប្រភេទដាក់ឲ្យប្រកួត។

កម្ពុជា បញ្ជូន ១១ប្រភេទកីឡា ទៅចូលរួមប្រកួតរួមមាន កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និងប៊ូស្យា៕សរន