ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖បន្ទាប់ពីបញ្ចប់ការប្រកួតជម្រើសជើងឯកជាតិកាលពីចុងសប្ដាហ៍កន្លងមកនេះប្រមុខសហព័ន្ធកីឡាគុនដាវគឺលោក តែ ឡូរិនបានអះអាងថាប្រភេទកីឡាមួយនេះកំពុងបោះជំហានរីកចម្រើន។

ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ កីឡាការិនី៥៥នាក់មកពី១១ក្លិបចូលរួម បើធៀបកាលពីសហព័ន្ធកកើតដំបូងៗ គឺខុសគ្នាឆ្ងាយ ដែលមានក្លិបចូលរួមប្រមាណ ២ ឬ ៣ក្លិបប៉ុណ្ណោះ ។ ដូច្នេះនេះគឺជាការទទួលស្គាល់មួយដែលបញ្ជាក់ថាវិស័យកីឡាគុនដាវកម្ពុជា កំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់។

លោក តែ ឡូរិន បានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមប្រកួត ទោះបីទទួលបានទទួលជ័យលាភីក្ដីមិនបានក្ដីក្ដីត្រូវបង្កើនការខំប្រឹងឲ្យកាន់តែខ្លាំងដើម្បីអភិវឌ្ឍន៍សមត្ថភាព ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដ្បិតកីឡាគុនដាវក៏ត្រូវបានអនុម័តរួចរាល់ដាក់ក្នុងកម្មវិធីប្រកួតនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

លទ្ធផលនៃការប្រកួតក្លិបហូសាណាដណ្ដើមបានមេដាយច្រើនជាងគេរួមមានៈមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធិ ៤ ខណៈក្លិបសន្ធរម៉ុក ឈរលេខ២ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធិ ២ និងក្លិបផេនដា ឈរលេខ៣ ដណ្ដើមបានមេដាយមាស ១ និងប្រាក់ ១គ្រឿង៕សរន