ដោយ :បូកគោ/កែប: អភិបាលខេត្តកែបបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋដាំកូនឈើប្រណីតជាងមួយពាន់ដើមបំំណងបង្កើនសោភ័ណភាព និងបរិស្ថានបៃតង។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរដើម្បីបំផុសដល់គ្រប់មជ្ឈដ្ឋានឲ្យដាំ និងចេះស្រឡាញ់ដើមឈើ ក៏ដូចជាអបអរសាទររុក្ខទិវា ៩ កក្កដា។


ថ្លែងក្នុងពិធីខាងលើ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថាសម្រាប់រុក្ខទិវា ៩ កក្កដា រៀងរាល់ឆ្នាំ រដ្ឋបាលខេត្តតែងមានសកម្មភាពដាំកូនឈើ និងដើមផ្កាជានិមិត្តរូបនៃការបំផុសចលនាបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សឱ្យចេះស្រលាញ់ និងយល់ពីសារសំខាន់ព្រៃឈើសម្រាប់មនុស្ស សត្វ ព្រមទាំងភពផែនដីទាំងមូល។ ការដាំដើមឈើអមផ្លូវក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរនាថ្ងៃនេះព្រោះតែរដ្ឋបាលខេត្តយល់ឃើញថាផ្លូវអំពេងសន្តិភាពជាច្រកទេសចរណ៍ដ៏សំខាន់ឆ្ពោះទៅកាន់តំបន់មាត់សមុទ្រឆ្នេរអង្កោល ខេត្តកែបតែម្តង។ លោកអភិបាលខេត្តបានបញ្ជាក់ថាកូនឈើដែលបានដាំក្នុងថ្ងៃនេះនឹងផ្តល់ប្រយោជន៍ជាច្រើន ពិសេសសម្រាប់វិស័យទេសចរណ៍ និងប្រជាជនខេត្តកែបនាថ្ងៃអនាគត។ ម្ល៉ោះហើយលោកសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន សូមជួយថែរក្សាកូនឈើទាំងនេះឱ្យធំធាត់ល្អ។ បន្ថែមលើនោះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើត្រូវសហការជាមួយរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះពិនិត្យតាមដានឡើងវិញនូវការកាប់ទន្រ្ទានដីព្រៃឈើ ព្រៃលិចទឹក ដីព្រៃសហគមន៍ជាដើម។ ក្នុងករណីមានជនណាម្នាក់នៅតែរឹងរូស មិនព្រមស្តាប់ការណែនាំចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់៕សរន