ដោយ:បាយ័ន/សៀមរាបៈ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងជាង១២ មានទេសចរជនជាតិម៉ុងហ្គោលលី ដែលកាន់លិខិតឆ្លងដែនលេខ E 2778114 បានលង់ទឹកស្លាប់នៅចំណុចទឹកធ្លាក់ជាន់ទីបី ភ្នំគូលែន។

ជនរងគ្រោះឈ្មោះ GANZORIG MYAGMARDORJ ភេទប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានលង់ទឹកស្លាប់នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

សមត្ថកិច្ចនគរបាលស្រុកស្វាយលើ ខេត្តសៀមរាប បាននិយាយថា ជនរគ្រោះបានមកលេងទឹកធ្លាក់ព្រះអង្គធំជាមួយមិត្តភក្តិម្នាក់ទៀតដែលកាន់លិខិតឆ្លងដែន E 3056972ឈ្មោះ OYUNTSENGEL MOHTOJIYGIC កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៨ ។ជនរងគ្រោះ បានជិះ Pass App ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប ជាអ្នកបើកបរជូន។

ពេលមកដល់ចំណុចទឹកធ្លាក់ពួកគេទាំងបីនាក់បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះក៏បានជូនមិត្តភិក្ដស្រីមកទុកនៅមាត់ច្រាំងម្ខាង ហើយជនរងគ្រោះក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះមានសភាពអស់កម្លាំងហើយក៏តោងផ្ទាំងថ្មតែដោយសារផ្ទាំងថ្មមានសភាពស្លែកាន់រអិលធ្វើឲ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹកតែម្តង។

ចំណែកអ្នកបើក Pass App ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះតែចាប់មិនទាន់ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរហើយក៏បានស្រែកឲ្យភ្ញៀវទេសចរដទៃ ទៀតជួយរាវរកជនរងគ្រោះតែរកពុំឃើញ។ លុះដល់ម៉ោងជាង១រសៀលទើបរាវរកជនរងគ្រោះឃើញហើយក៏ស្រង់មកដាក់លើគោក៕សរន