​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកការទូត​កំពូល​របស់​រុស្ស៊ី​បាន​និយាយថា គោលដៅ​សំខាន់​របស់​ទីក្រុង​មូ​ស្គូក្នុង​ប្រទេ​សអ៊ុយ​ក្រែន​គឺ​ដើម្បី​រំដោះប្រជាជន​របស់​ប្រទេស​នេះ​ពី​”​របប​មិន​អាច​ទទួល​​យកបាន​” ដោយ​បង្ហាញ​ពី​គោលបំណង​នៃ​សង្គ្រាម​របស់​វិមាន​ក្រឹម​ឡាំង​នៅក្នុង​សំណួរ​ដ៏​មិន​ច្បាស់លាស់​បំផុត​មួយ​ខណៈ​កងកម្លាំង​របស់​ខ្លួន​បាន​បង្កើន​ការវាយលុក​ប្រទេស​នេះ​ដោយ​កាំភ្លើង​ធំ​និង​ការ​​វាយប្រហារ​តាម​អាកាស​។

​ការកត់សម្គាល់​របស់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ធ្វើឡើង​ចំ​ពេល​មាន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អ៊ុយ​ក្រែន​ក្នុង​ការបន្ត​ការនាំចេ​ញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​សមុទ្រ​ខ្មៅ​របស់​ខ្លួន​ដែល​​អាចជួយ​សម្រួល​ដល់​ការខ្វះខាត​ស្បៀង​អាហារ​ពិភពលោក​ក្រោម​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​ត្រូវ​បាន​សាកល្បង​ដោយ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​កំពង់ផែ​អូ​ដេសា (Odesa) កាលពី​ចុង​សប្តាហ៍​។​

​ដោយ​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​របស់​ប្រធានាធិបតីអ៊ុយ​ក្រែន​លោក​វ៉ូ​ឡូឌី​មៀ ហ្សេ​លេន​ស្គី លោក​ឡាវ​រ៉ូវ​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃ​សម្ព័ន្ធ​អារ៉ាប់​នៅ​ទីក្រុង​គែរ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​”​យើង​ប្តេជ្ញា​​ជួយ​ប្រជាជន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​ឱ្យ​រំដោះ​ខ្លួន​ចេញពី​បន្ទុក​លំបាក​នៃ​របប​ដែល​មិន​អាច​ទទួលយកបាន​ទាំងស្រុង​នេះ​”​។​

​ទំនង​លើកឡើង​ពី​គោលបំណង​នៃ​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ​ហួស​ឆ្ងាយ​ពី​តំបន់ឧស្សាហកម្ម​ដុន​បាស​របស់​អ៊ុយ​ក្រែ​នភាគ​ខាងកើត លោក​ឡាវ​រ៉ូវ​បាន​និយាយថា​”​យើង​ពិតជា​នឹង​ជួយ​ប្រជាជន​អ៊ុ​យក្រែន​​ឱ្យ​កម្ចាត់​របប​នេះ ដែល​ជា​ការប្រឆាំង​នឹង​ប្រជាជន និង​ប្រឆាំង​នឹង​ប្រវត្តិសាស្ត្រ​យ៉ាង​ដាច់​ណាត់​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​ឡាវ​រ៉ូវ​ធ្វើឡើង​បន្ទាប់​ពី​ការព្រ​មាន​របស់​គាត់​កាលពី​សប្តាហ៍​មុន​ថា រុស្ស៊ី​គ្រោង​នឹង​រក្សា​ការគ្រប់គ្រង​លើ​តំបន់​ទូលំទូលាយ​ហួស​ពី​ភាគ​ខាងកើត​អ៊ុ​យក្រែន រួម​ទាំង​តំបន់​ឃើ​សិន (Kherson) និង​ហ្សា​ប៉ូរី​ហ្ស​ហ្សា (Zaporizhzhia) នៅ​ភាគខាងត្បូង ហើយ​នឹង​ដណ្តើមយក​ទឹក​ដី​បន្ថែម​នៅ​កន្លែង​ផ្សេងទៀត​៕

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ ឡាវ​រ៉ូវ ធ្វើ​កាយវិការ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​គែរ ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែកក្កដា ឆ្នាំ​២០២២