​ដោយ​: សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​: មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​បីនាក់​បាន​ស្លាប់​ភ្លាម​នៅនឹងកន្លែង​បន្ទាប់ពី​ជិះ​ម៉ូតូ​ត្រូវ​រថយន្តបុក​កិន​អូស​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣០ ត្រង់ចំណុច​ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២​។​

​នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំងបី​នាក់​នេះ​មាន​៖ ១.​ឈ្មោះ​ពួន រស្មី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ប្តី ២.​ឈ្មោះ​គង់ ស្រី​ដាវ ភេទ​ស្រី អាយុ​២២​ឆ្នាំ ត្រូវជា​ប្រព​ន្ឋ ៣.​ឈ្មោះ​អាន ដា​វិត ភេទ​ប្រុស អាយុ​១​ឆ្នាំ ត្រូវជា​កូន​។ ជនរងគ្រោះ​ទាំងបី​នាក់​រស់នៅ​ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ ស្រុក​គងពិសី ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FR ៤៦៩៩ បើកបរ​ពី​ដោយ​បុរស​ជា​ប្តី​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​។​

​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ស ពាក់​ក​លេខ ភ្នំពេញ ២AD-០០៧២ បើកបរ​ដោយ​ឈ្មោះ​ពិត យូ​ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បើកបរ​បរ​ពី​ទិស​ខាង​លិចទៅ​ទិស​កើត បាន​បុក​កិន​ជនរងគ្រោះ​ស្លាប់​ទាំងបី​នាក់​ភ្លាមៗ​នៅនឹងកន្លែង​។ ក្រោយពេល​កើតហេតុ​បាន​បើករថយន្ត​រត់គេចខ្លួន ទៅដល់​ចំណុច​មុខ​វត្ត​ព្រៃទទឹង​ស្ថិតនៅ​ភូមិ​ព្រៃទទឹង ឃុំ​ព្រះ​និ​ពា​ន្វ ស្រុក​គងពិសី ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​

​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​វត្ថុតាង​ទាំងពីរ​គ្រឿង​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ចាត់ការ​តាម​និតិ​វិធី​៕​