ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ពេលនេះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​មិន​ទាប់​បញ្ចប់​បេសកកម្ម​នៅ​ទីក្រុង​ប៉ា​ឡាំ​បាង ប្រទេស​ឥណ្ឌូនេស៊ី​នៅឡើយ​ទេ​។​ក្រុម​នារី​កម្ពុជា​នៅសល់​២​ប្រកួត​ទៀត​សម្រាប់​ព្រឹត្តិការណ៍​AFF U18 WOMEN’S CHAMPIONSHIP 2022​។ ទោះបី​២​ប្រកួត​ដំបូង​កម្ពុជា​ចាញ់​ទាំង​២​ប្រកួត​ក៏ពិតមែន​ក៏​សម្រាប់​ការ​​ប្រកួត​ទី​៣ និង​ប្រកួត​ទី​៤​កម្ពុជា​នៅតែ​បន្ត​បង្កើន​ការហ្វឹកហាត់​សម្រាប់​ការប្រកួត​ចុងក្រោយ​នេះ​បន្តទៀត​។​

​ការប្រកួត​លើក​ទី​១​កម្ពុជា​ចាញ់​ក្រុម​ថៃ ០​ទល់​៤ និង ការប្រកួត​លើក​ទី​២​កម្ពុជា​ចាញ់​​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ០​ទល់​១​ប៉ុណ្ណោះ​។ សម្រាប់​ការប្រកួត​ទី​៣​កម្ពុជា​ក៏​ជួប​ក្រុម​ខ្លាំង​ដែរ គឺ​​ក្រុម​វៀតណាម និង​ការប្រកួត​ចុងក្រោយ​ត្រូវ​ជួប​ជាមួយ​សឹង្ហ​បូរី​ក៏​ជា​ក្រុម​ដែល​សុទ្ធតែ​បាន​បង្កើត​ក្រុមបាល់ទាត់​នារី​មុន​កម្ពុជា​ដែរ ។​ទោះបីជា​ក្នុង​ពូ​ល​របស់​កម្ពុជា​ដែលមាន​សុទ្ធតែ​ក្រុម​ខ្លាំង​ក៏ពិតមែន​ក៏​គ្រូបង្វឹក​របស់​កម្ពុជា​នៅតែ​កំណត់​ថាបើ​ចាញ់​ក៏​ត្រូវតែ​ចាញ់​តិច​គ្រាប់ ឬ​បើ​អាចទៅរួច​ត្រូវការពារ​មិន​ឲ្យ​របូត​គ្រាប់​បាល់​តែម្ដង​។​

​សូម​បញ្ចា​ក់ថា​២​ប្រកួត​កន្លងមកនេះ​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​កម្ពុជា​​មិនទាន់មាន​កីឡាការិនី​ណា​ម្នាក់​មាន​របួស​អ្វី​ឡើយ​។ ពួកគេ​មាន​សុខភាព និង​ស្មារតី​ល្អ និង​​ផ្ដោត​ខ្ពស់​សម្រាប់​ប្រកួត​ចុងក្រោយ​ទាំង​២​ប្រកួត ៕​