​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​,ដេល្លីម៉េល) ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ខ្លួន​លែង​អាចមាន​«​ការទាក់ទង​ដូច​ធម្មតា​»​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា​តទៅទៀត​ហើយ​ក្រោយ​អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា​​ប្រហារជីវិត​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​បួន​នាក់​។​អាម៉េរិក​ក៏​បាន​បន្ថែមថា គ្រប់​ជំ​រើ​កំពុងស្ថិត​នៅ​លើ​តុ​ដើម្បី​ចាត់វិធានការ​ដាក់ពិន័យ​លើ​របប​យោធា​នេះ​បន្ថែម​។​

​ប្រជាជន​មី​យ៉ាន់​ម៉ា​តវ៉ា​ប្រឆាំង​ក្រោយ​ការប្រហារជីវិត​សកម្មជន​នៅ​ក្រុង​យ៉ាងហ្គោន​កាលពី​ថ្ងៃ​ចន្ទ

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក​លោក ណេ​ត ប្រា​យ​(Ned Price)​បាន​អំពាវនាវ​អោយ​ប្រទេស​នានា​ហាម​ការលក់​គ្រឿង​បរិក្ខា​យោធា​ទៅអោយ​មី​យ៉ាន់​ម៉ា និង​កុំ​ចាត់​វិធានការ​ណា​ដែល​ផ្តល់​កិត្តិយសលើឆាក​អន្តរជាតិ​ដល់​របប​សឹក​មី​យ៉ាន់​ម៉ា​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតីបៃដិ​ន​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ឧស្សាហកម្ម​ហ្គាស​មី​យ៉ាន់​ម៉ា​ដែរឬទេ លោក​ប្រាយ​បាន​និយាយថា មាន​ការពិភាក្សា​អំពី​វិធានការ​បន្ថែ​​ម ដោយ​គ្រប់​ជំរើស​ទាំងអស់​កំពុង​នៅ​លើ​តុ​។​លោក​ថា​«​ជាមួយ​នឹង​អំពើ​ព្រៃផ្សៃ​គួរអោយ​រន្ធត់​ដែល​របប​សឹក​មី​យ៉ាន់​បាន​ធ្វើ មិន​អាច​មាន​ការទាក់ទង​ដូច​ធម្មតា​ជាមួយ​របប​នេះ​តទៅទៀត​​»​ទេ។​

​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​កាលពី​ខែ​មករា​និង​មេសា​ សកម្មជន​បួន​នាក់​រួមមាន​អតីត​សមាជិកសភា​នៃ​រដ្ឋាភិបាល​មុន​ម្នាក់​ផង​ត្រូវបាន​ចោទប្រកាន់​ថា​ជួយ​ចលនា​បះបោរ​ស៊ីវិល​មួយ​ដែល​ប្រយុទ្ធ​​តតាំង​នឹង​កងកម្លាំងប្រដាប់អាវុធ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​រដ្ឋប្រហា​រកា​លពី​ដើម​ឆ្នាំ​មុន និង​ការបង្ក្រាប​បង្ហូរឈាម​លើ​ការតវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​នៅពេលក្រោយៗមក។​

​វា​ជា​ការប្រហារជីវិត​មនុស្ស​តាម​ប្រព័ន្ធ​តុលាការ​ជា​លើកដំបូង​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ហៅការប្រហារជីវិត​នេះ​ថា​ជា​«​ចំណាត់ការ​ដ៏​សាហាវ​និង​គួរអោយ​សោកស្តាយ​»​នៅពេល​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​ថ្កោលទោស​វា​យ៉ាងខ្លាំង ហើយ​បាន​អំពាវនាវ​ជា​ថ្មី​អោយ​ដោះលែង​អ្នកទោស​ដែល​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត រួមទាំង​លោកស្រី អ៊ុង សាន ស៊ូ​ជី​ ផងដែរ។​

​ក្នង​សេចក្តីថ្លែងការណ៍​រួមមួយ សហភាព​អឺរ៉ុប កាណាដា ជប៉ុន អូស្ត្រាលី នូវ៉ែល​សេ​ឡង់ ន័​រវ៉េ​ស កូរ៉េខាងត្បូង អង់គ្លេស​និង​អាម៉េរិក​បាន​ពណ៌នា​ការប្រហារជីវិត​នេះ​ថា​ជា​«​អំពើហិង្សា​គួរ​ស្តីបន្ទោស​ដែល​​វា​កាន់តែ​បង្ហាញ​ថា​របប​យោធា​មី​យ៉ាន់​ម៉ា​មិន​គោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​»​។​

​ចំណែក​មន្ត្រី​នៅ​អង្គការ​សិទ្ធិមនុស្ស​Amnesty International​បាន​និយាយថា​ការប្រហារជីវិត​នេះ​ជា​«​ការដើរថយក្រោយ​ធំ​មួយ​»​ចំណែក​នាយក​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch​ប្រចាំ​អាស៊ី បាន​និយាយថា​វា​ជា​«​អំពើ​ព្រៃផ្សៃ​ច្បាស់​ចែស​»​មួយ​ដែល​មាន​បំណង​«​បង្ក្រាប​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​»​។​

​ចិន​មិនបាន​ប្រតិកម្ម​យ៉ាងណាទេ តែ​កន្លងមក​ក្រសួងការបរទេស​របស់​ខ្លួន​បាន​អំពាវនាវ​អោយ​គ្រប់​ភាគី​នៅ​មី​យ៉ាន់​ម៉ា​ដោះស្រាយ​ជម្លោះ​ក្នុង​ក្រប​ខណ្ឌ​ធម្មនុញ្ញ​របស់​ខ្លួន​៕