​ដោយៈ ទេព មង្គល / សៀមរាបៈ បើតាម​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នេះ​ថាៈ អាជ្ញាធរ​ជាតិ​អប្សរា និង​អង្គការ G.A.C.P អាល្លឺម៉ង់ បាន​សហការគ្នា ជួសជុល​ក្បាច់ចម្លាក់​កំបោរ​បាយអរ និង​ថ្មភក់ តាម​ជញ្ជាំង​តួ​ប៉ម​ឥដ្ឋ​ទី​៨ របស់​ប្រាសាទបាគង ដែល​កំពុង​ទទួលរង​ការខូចខាត​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ក្រុម​អ្នកបច្ចេកទេស អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ អង្គការ G.A.C.P របស់​ប្រទេស​អាល្លឺម៉ង់ កំពុងដំណើរការ​ជួស​ជុល​ក្បាច់ចម្លាក់​នានា នៅ​តួ​ប៉ម​ឥដ្ឋ​ទី​៨ របស់​ប្រាសាទបាគង ដែល​កំពុង​ទទួលរង នូវ​ការខូចខាត ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង ដោយ​ថ្មភក់ និង​កំបោរ​បាយអរ មានការ​ពុកផុយ របេះ​ធ្លាក់ បន្តិច​ម្ដងៗ​។​

​ការជួសជុល​ដែល​ចាប់ដំណើរការ ពី​ដើមឆ្នាំ​២០២២ មកនេះ បាន​ផ្តោត​សំខាន់​ទៅលើ ការងារ​ពង្រឹង​ក្បាច់ចម្លាក់​មួយចំនួន ដែល​នៅ​សេសសល់ តាម​ជញ្ជាំង​ប្រាសាទ កុំឱ្យ​ខូចខាត​បន្តទៀត​។ ដោយ​ប្រើ​ប្រភេទ​កាវ​ពិសេស​ម្យ៉ាង ឈ្មោះ Ethyl silicate បញ្ជ្រាប​ចូលក្នុង​សាច់​ថ្ម ដែល​ពុកផុយ និង​បិទ​ភ្ជិត​តាម​ស្នាម​ប្រេះ​នានា ដើម្បីឱ្យ​ចម្លាក់ មាន​ភាពរឹងមាំ​ឡើងវិញ​។ គម្រោង​នេះ ត្រូវ​ប្រើពេល​យ៉ាងតិច ក៏ ២ ឆ្នាំ​ដែរ ដោយ​គ្រោង​នឹង​បញ្ចប់ នា​ដំណាច់ឆ្នាំ​២០២៣ ខាងមុខ​៕/V​