ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្សីនឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់ទ្វីបអឺរ៉ុបបន្ថែមទៀត នៅក្នុងការវាយសំពងមួយលើបណ្តាប្រទេសដែលបានគាំទ្រទីក្រុងគៀវខណៈមានក្តីសង្ឃឹមកាលពីថ្ងៃចន្ទទី២៥កក្កដាថា ការនាំចេញគ្រាប់ធញ្ញជាតិដែលរាំងស្ទះរបស់អ៊ុយក្រែននឹងបន្តឡើងវិញក្នុងសប្តាហ៍នេះ។
អង្គការសហប្រជាជាតិបាននិយាយថា ទោះបីជាមានការវាយប្រហារតាមអាកាសនៅចុងសប្តាហ៍ក៏ដោយក៏កប៉ាល់ដំបូងពីកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែនអាចនឹងចេញដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតក្រោមកិច្ចព្រមព្រៀងដែលបានធ្វើកាលពីថ្ងៃសុក្រ។ នេះនឹងជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារអន្តរជាតិ ទោះបីជាការមិនទុកចិត្តនិងលទ្ធភាពគ្រោះថ្នាក់នៅតែមានក៏ដោយ។
ការកើនឡើងនៃថ្លៃថាមពលនិងការបារម្ភអំពីគ្រោះទុរ្ភិក្សនៅក្នុងតំបន់មួយចំនួននៃពិភពលោកបានបង្ហាញពីរបៀបដែលជម្លោះដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ កំពុងមានផលប៉ះពាល់ហួសឆ្ងាយពីអ៊ុយក្រែន។
នៅសមរភូមិជួរមុខ យោធាអ៊ុយក្រែនបានរាយការណ៍ថាការបាញ់ផ្លោងកាំភ្លើងធំរបស់រុស្ស៊ីនៅភាគខាងកើតបានធ្វើឡើងពេញមួយយប់ ហើយបាននិយាយថាកងទ័ពរបស់ទីក្រុងមូស្គូកំពុងត្រៀមសម្រាប់ការវាយលុកថ្មីលើទីក្រុងបាក់មុត (Bakhmut) នៅក្នុងតំបន់ឧស្សាហកម្មដុនបាស។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចកាលពីដើមខែនេះថា ការដាក់ទណ្ឌកម្មកំពុងប្រថុយបង្កឱ្យមានការកើនឡើងតម្លៃថាមពលពិភពលោកដ៏ធំសម្បើម។
ដោយដកស្រង់សេចក្តីណែនាំពីអ្នកឃ្លាំមើលឧស្សាហកម្ម ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បាននិយាយកាលពីថ្ងៃចន្ទថា លំហូរឧស្ម័នទៅកាន់ប្រទេសអាល្លឺម៉ង់តាមរយៈបំពង់បង្ហូរ Nord Stream 1 នឹងធ្លាក់ចុះមកនៅត្រឹម ៣៣ លានម៉ែត្រគូបក្នុងមួយថ្ងៃចាប់ពីថ្ងៃពុធទី២៧កក្កដា។នោះគឺស្មើនឹងពាក់កណ្តាលនៃលំហូរបច្ចុប្បន្នដែលមានត្រឹមតែ ៤០ ភាគរយនៃសមត្ថភាពធម្មតាប៉ុណ្ណោះ។ មុនសង្គ្រាម អឺរ៉ុបបាននាំចូលឧស្ម័នប្រហែល ៤០ ភាគរយ និងប្រេង ៣០ ភាគរយពីរុស្ស៊ី។
វិមានក្រឹមឡាំងនិយាយថា ការរំខានឧស្ម័នគឺដោយសារតែបញ្ហាធែទាំជួសជុលនិងការដាក់ទណ្ឌកម្មរបស់លោកខាងលិចខណៈសហភាពអឺរ៉ុបបានចោទប្រកាន់រុស្ស៊ីថាជ្រើសរើសប្រើការគំរាមកំហែងខាងថាមពល។
អាល្លឺម៉ង់បាននិយាយថា ខ្លួនមិនឃើញហេតុផលបច្ចេកទេសសម្រាប់ការកាត់បន្ថយឧស្ម័នចុងក្រោយបង្អស់នេះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថា វិមានក្រឹមឡាំងកំពុងធ្វើ “សង្គ្រាមឧស្ម័នដោយបើកចំហ” ប្រឆាំងនឹងសហភាពអឺរ៉ុបដែលរួបរួមគ្នា។
ក្រុមអ្នកនយោបាយនៅអឺរ៉ុបបាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីអាចនឹងកាត់ផ្តាច់ឧស្ម័ននៅរដូវរងានេះ ដែលជាជំហានមួយនឹងរុញប្រទេសអាល្លឺម៉ង់ឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចនិងនាំឱ្យតម្លៃកើនឡើងសម្រាប់អ្នកប្រើប្រាស់ដែលប្រឈមមុខនឹងការចំណាយថាមពលខ្ពស់យ៉ាងឈឺចាប់រួចទៅហើយ។
ទីក្រុងមូស្គូនិយាយថា ខ្លួនមិនចាប់អារម្មណ៍ចំពោះការបញ្ឈប់ទាំងស្រុងនៃការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបនោះទេ៕
រុស្ស៊ីអាចនឹងកាត់ផ្តាច់ឧស្ម័ននៅរដូវរងានេះ