ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមអ្នកតវ៉ាបានសម្រុកចូលមូលដ្ឋានអង្គការសហប្រជាជាតិនៅទីក្រុងហ្គោម៉ា (Goma) ភាគខាងកើតប្រទេសកុងហ្គោកាលពីថ្ងៃចន្ទទី២៥កក្កដា ដោយលួចយកវត្ថុមានតម្លៃនិងទាមទារឱ្យកងរក្សាសន្តិភាពចាកចេញពីតំបន់នេះ។
មនុស្សរាប់រយនាក់បានបិទផ្លូវនិងស្រែកពាក្យស្លោកប្រឆាំងអ.ស.ប មុនពេលសម្រុកចូលទៅក្នុងទីស្នាក់ការកណ្តាលនៃបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនៅទីក្រុងហ្គោម៉ាដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នៃខេត្តណតគីវូ (North Kivu)។
អ្នកកាសែត AFP បានឃើញបាតុករវាយកម្ទេចបង្អួចនិងលួចកុំព្យូទ័រ គ្រឿងសង្ហារឹមនិងវត្ថុមានតម្លៃផ្សេងទៀតពីទីស្នាក់ការខណៈមន្ត្រីប៉ូលិសអ.ស.បបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងគោលបំណងរុញច្រានពួកគេត្រឡប់ថយក្រោយវិញ។
ឧទ្ធម្ភាគចក្របានដឹកមន្ត្រីអ.ស.បមួយចំនួនចេញពីទីស្នាក់ការដែលរងការវាយប្រហារនេះ។
ក្រុមអ្នកតវ៉ាក៏បានសម្រុកចូលមូលដ្ឋានភស្តុភាររបស់អ.ស.បនៅជាយក្រុងផងដែរ ជាកន្លែងដែលនិស្សិតម្នាក់ត្រូវបានបាញ់ចំជើង។
បេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលគេស្គាល់ថា MONUSCOបានទទួលរងការរិះគន់ក្នុងតំបន់នេះជាប្រចាំចំពោះអសមត្ថភាពរបស់ខ្លួនក្នុងការបញ្ឈប់ការប្រយុទ្ធគ្នានៅភាគខាងកើតដែលហែកហួរដោយជម្លោះ។
ក្រុមប្រដាប់អាវុធជាង ១២០ កំពុងអុកឡុកជុំវិញតំបន់ងាយក្រឡាប់ចាក់មួយនេះ ជាកន្លែងការសម្លាប់រង្គាលជនស៊ីវិលបានក្លាយជារឿងធម្មតា ហើយជម្លោះបានធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ។
នៅមុនការតវ៉ាកាលពីថ្ងៃចន្ទ សាខាយុវជននៃគណបក្សកាន់អំណាច UDPS នៅទីក្រុងហ្គោម៉ាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ MONUSCO”ដកខ្លួនចេញពីទឹកដីកុងហ្គោដោយគ្មានលក្ខខណ្ឌ ព្រោះបេសកកម្មនេះបានបង្ហាញឱ្យឃើញរួចហើយពីភាពអសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់ការការពារដល់ពួកយើង”៕
បាតុករវាយកម្ទេចបង្អួចនិងលួចកុំព្យូទ័រ គ្រឿងសង្ហារឹមនិងវត្ថុមានតម្លៃផ្សេងទៀតពីទីស្នាក់ការអ.ស.ប