ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អត្រាចូលដេកមន្ទីពេទ្យដោយសារមេរោគកូរ៉ូណាបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសអូស្ត្រាលី ខណៈប្រទេសនេះកំពុងប្រឈមមុខនឹង”ជំងឺរាតត្បាតភ្លោះ” គឺ កូវីដនិងផ្តាសាយ។
អូស្ត្រាលីកំពុងប្រយុទ្ធនឹងការផ្ទុះអូមីក្រុងដោយស្នើអិយប្រជាជនពាក់ម៉ាស់ឡើងវិញ នៅពេលចំនួនមនុស្សស្លាប់ដោយកូវីដ១៩កើនឡើង
តួលេខផ្លូវការបង្ហាញថាមានអ្នកជំងឺចំនួន ៥.៤៥០ នាក់កំពុងដេកក្នុងមន្ទីរពេទ្យជាមួយកូវីដកាលពីថ្ងៃចន្ទទី២៥កក្កដា ដោយបំបែកកំណត់ត្រាមុនចំនួន ៥.៣៩០នាក់ក្នុងអំឡុងពេលរលកអូមីក្រុងដំបូងកាលពីខែមករា។
តួលេខនោះគឺកើនឡើងពីតួលេខប្រហែល ៣.០០០ នាក់កាលពីមួយខែមុន ចំពេលមានការរីករាលដាលនៃមេរោគបំប្លែង BA.4 និង BA.5 ។
អូស្ត្រាលីត្រូវបានសាទរថាជាសាច់រឿងជោគជ័យនៃកូវីដនៅដើមដំបូងនៃជំងឺរាតត្បាតនៅពេលដែលខ្លួនអាចរក្សាករណីឆ្លងស្ទើរតែកម្រិតសូន្យដោយបានប្រែក្លាយខ្លួនទៅជារដ្ឋឯកោជាមួយនឹងការបិទខ្ទប់ម្តងហើយម្តងទៀតនិងការបិទព្រំដែន។
ប៉ុន្តែគោលនយោបាយ “កូវីដសូន្យ” ដ៏ឃោរឃៅ ដែលខ្លួនទើបដកចេញក្រោយជំងឺកូវីដបានរាតត្បាតពីរឆ្នាំ ត្រូវគេគិតថាបានធ្វើឱ្យប្រជាជនរបស់ខ្លួនមានភាពស៊ាំតិចតួច។
ប្រហែល ៩៥ ភាគរយនៃប្រជាជនអូស្ត្រាលីត្រូវបានចាក់វ៉ាក់សាំងពីរដូស ហើយ ៧០ ភាគរយត្រូវបានចាក់ដូសជំរុញ ប៉ុន្តែមិនមាននរណាម្នាក់បានប៉ះពាល់នឹងវីរុសកូរ៉ូណាទេរហូតដល់ឆ្នាំនេះ។
យុទ្ធសាស្ត្របិទខ្ទប់យ៉ាងតឹងរ៉ឹងនេះក៏ត្រូវគេគិតដែរថាបានធ្វើឱ្យភាពស៊ាំរបស់មនុស្សចុះខ្សោយចំពោះជំងឺតាមរដូវ ហើយត្រូវបានស្តីបន្ទោសចំពោះការផ្ទុះឡើងនៃជំងឺផ្តាសាយនាពេលបច្ចុប្បន្ន។
ផ្តាសាយតាមរដូវរបស់អូស្ត្រាលី ដែលជាធម្មតាចាប់ផ្តើមពីខែមិថុនាដល់ខែកញ្ញា បានចាប់ផ្តើមឆាប់ខុសពីធម្មតានៅឆ្នាំនេះ ហើយបណ្តាលឱ្យមានការឆ្លងកើនឡើងដល់ទៅ ១០ដងខ្ពស់ជាងកម្រិតមុនជំងឺរាតត្បាតនៅក្នុងសប្តាហ៍មួយចំនួន។
រដ្ឋាភិបាលថ្មីរបស់បក្សការងារបានជំទាស់នឹងការអំពាវនាវឱ្យមានការរឹតបន្តឹងសង្គមឡើងវិញ ប៉ុន្តែបានផ្តល់អនុសាសន៍ឱ្យមនុស្សពាក់ម៉ាស់នៅក្នុងអគារហើយអាជីវកម្មនានាអនុញ្ញាតឱ្យនិយោជិតធ្វើការពីផ្ទះប្រសិនបើពួកគេអាចធ្វើបាន៕
អ្នកជំងឺចំនួន ៥.៤៥០ នាក់កំពុងដេកក្នុងមន្ទីរពេទ្យជាមួយកូវីដកាលពីថ្ងៃចន្ទទី២៥កក្កដា