ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ច ប្រជុំ​មួយ នា​ល្ងាច​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត ដើម្បី​ផ្សព្វផ្សាយ​សារាចរ ណែនាំ​ពី នីតិវីធី​បច្ចេកទេស នៃ​ការរៀបចំ​គម្រោង​ថវិកា របស់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២៣​។​

​លោក បឹង គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ បាន​មាន ប្រសាសន៍ថាៈ កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្តីពី​នីតិវីធី​បច្ចេកទេស នៃ​ការរៀបចំ គម្រោង​ថវិកា របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២៣​នេះ វា​មាន​សារ​:​សំខាន់​ណាស់ សម្រាប់​លោក លោកស្រី ជា​មន្ត្រីរាជការ ដែល​ពាក់ព័ន្ធ តាមរយ​: ការផ្តល់​ជាគោលការណ៍​ណែនាំ​ថ្មីៗ ដែលជា​មូលដ្ឋាន សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រៀបចំ​គំរោង​ថវិកា ឆ្នាំ​២០២៣ របស់ខ្លួន ប្រកបដោយ ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព ធានា​ការគ្រប់គ្រង ការអនុវត្ត​ថវិកា ហើយ​ដើម្បី​ឈានទៅ​បង្កើត​លទ្ធផល ជាក់ស្តែង ដែល​អាច​វាសវែង​បាន និង​ការរួមចំណែក​ដោយផ្ទាល់ ក្នុងការ​សម្រេច​គោលបំណង នយោបាយ​អាទិភាព របស់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​លោក បឹង គឹម​សឹង បាន​និយាយ​បន្តថាៈ ដើម្បី​សម្រេចបាន​នូវ​គោលដៅ នៃ​ការធ្វើ ទំនើបកម្ម និង​ការពង្រឹង​ប្រព័ន្ធ​ថវិកា នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ស្របតាម​ក្រប ខណ្ឌ​គោល នយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ និង​ថវិកា ឆ្នាំ​២០២៣ រដ្ឋាភិបាល បានកំណត់​គោលដៅ សូចនាករ ហិរញ្ញវត្ថុ​សាធារណ​: សម្រាប់​ឆ្នាំ​២០២៣ ដែល​ចែង​ក្នុង​ច្បាប់ រួចជាស្រេច​ហើយ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្តីពី​នីតិវិធី​បច្ចេកទេស នៃ​ការរៀបចំ​គម្រោង​ថវិកា​របស់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ការគ្រប់គ្រង ប្រចាំឆ្នាំ​២០២៣ នេះ បាន​ផ្ដោត​សំខាន់​លើ​មាតិកា នៃ​កិច្ចប្រជុំ​សំខាន់ៗ រួមមានៈ (១)-​ប្រតិទិន និង​ដំណើរ​ការរៀបចំ គម្រោង​ថវិកា (២)-​គោលការណ៍ និង​បច្ចេកទេស នៃ​ការរៀបចំ​ថវិកា ឆ្នាំ​២០២៣ (៣)-​អំពី​យន្តការ​គាំទ្រ និង (៤)-​តារាង​ឧបសម្ព័ន្ធ ។​

​លោក យុ​ត ស្វី​នី ប្រធាន​រតនាគារ ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​: ក្នុងចំណោម ឃុំ សង្កាត់ ចាស់ ចំនួន ៦៥ នៃ ៩ ស្រុក ក្រុង នៃ​ខេត្ត មាន​ឃុំ សង្កាត់ ចំនួន ១៨ ដែល​ឆ្នើម ហើយ​អនុវត្ត​បានល្អ នូវ​នីតិវិធី​បច្ចេកទេស នៃ​ការរៀបចំ ថវិកា​របស់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នេះ ហើយ​ល្បឿន​នៃ​ការធ្វើ​របាយការណ៍ បញ្ជូនទៅ​សមត្ថកិច្ច ថ្នាក់លើ​បង្គាប់​របស់ខ្លួន បាន​ទាន់ពេល ស្របតាម​ផែនការ និង​កាលបរិច្ឆេទ​។ ក្នុងនោះ សង្កាត់​ថ្មី ចំនួន​២ ដែល​ទើប​បង្កើត នៅ​ក្រុង​ប៉ោយប៉ែត ក៏​នឹងត្រូវ​ទទួល​ការបណ្តុះបណ្តាល និង​ឆ្លុះបញ្ចាំង​ជាមួយ ឃុំ សង្កាត់ រៀមច្បង ដើម្បីឱ្យ​ការអនុវត្ត​ការងារ​នេះ បាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធិ​ភាព​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ លោក អភិបាលក្រុង ស្រុក ប្រធានការិយាល័យ​រដ្ឋ​បាល ហិរញ្ញវត្ថុ ស្រុក ក្រុង លោក​ចៅសង្កាត់ ឃុំ ស្មៀន និង​មន្ត្រី​ពាក់ព័ន្ធ ក្រោយពី​បាន​ចូលរួម​កិច្ចប្រជុំ​នេះ ហើយ ត្រូវយក​ចំណេះដឹង និង​សមត្ថភាព គួបផ្សំ​នឹង​បទពិសោធន៍​ការងារ ដើម្បី​ធានា​ឲ្យ​ប្រាកដថា ការរៀបចំ​គំរោង​ថវិកា ឆ្នាំ​២០២៣ នេះ អាច​សម្រេចបាន​សមិទ្ធ​ផល តាម​គោលដៅ​សូចនាករ ដែល​បានកំណត់​។​

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថាៈ គម្រោង​ថវិកា ឆ្នាំ​២០២៣​នេះ ជាការ​ត្រៀម ចាប់ផ្តើម នៃ​ដំណើ​ឆ្ពោះទៅរក​របត់​ថ្មី នៃ​ការងារ​គ្រប់គ្រង​ថវិកា ស្របតាម​យុទ្ធ សាស្ត្រ នៃ​ការកែទម្រង់ ប្រព័ន្ធ​ថវិកា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ​២០២២ និង ២០២៣​។​

​លោក អ៊ុំ រាត្រី បាន​សង្កត់ធ្ងន់ថាៈ សំខាន់​ជាង​នេះ មេឃុំ ចៅសង្កាត់ ស្មៀន និង​ថែម ជំនួយការ​ហិរញ្ញវត្ថុ របស់​ស្មៀន ដែល​បាន​នឹង​កំពុង​ជ្រើសរើស​ចូល​ថ្មី ត្រូវខិតខំ បំពេញការងារ ដូចជា ១-​រៀបចំ​សៀវភៅ​គម្រោង​ថវិកា​ឃុំ សង្កាត់ ឆ្នាំ​២០២៣ ឱ្យបាន​ល្អ លឿន​ទាន់ពេល​។ ២-​ធ្វើបាន​តាម​គោលការណ៍​ហិរញ្ញវត្ថុ​។ ៣-​ឃុំ សង្កាត់ ត្រូវ​ឆ្លើយតបបាន នូវ​ការស្នើ និង​យក​ថវិកា​ឃុំ សង្កាត់​នេះ ទៅ​អភិវឌ្ឍន៍ ឬ​ឆ្លើយតប សំណូមពរ ពលរដ្ឋ​ម្ចាស់ឆ្នោត នៅ​មូលដ្ឋាន ដែល​ពួកគាត់ ទើប​បោះឆ្នោត​ជូន ក្រុមប្រឹក្សា មេឃុំ ចៅសង្កាត់ កាលពីពេល​ថ្មីៗ កន្លងទៅនេះ​៕/V​-PC