ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាមួយគ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​បរិស្ថាន សម្រាប់​ការរៀបចំ​គម្រោង រ៉េដ​បូក​សំ​កុស ក្នុង​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស​។​

​នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ថ្លែង ឱ្យដឹងថាៈ ដែន​ជម្រក សត្វព្រៃ​ភ្នំ សំ​កុស មិន​ធ្លាប់មាន​ដៃគូ​សហការ លើ​កិច្ចការពារ ធនធានធម្មជាតិ និង​អភិរក្ស​ជីវចម្រុះ ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) បាន​ស្ម័គ្រចិត្ត​ធ្វើ ជា​ដៃគូ​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​រួមគ្នា​ការពារ និង​អភិរក្ស​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស តាមរយៈ​ការរៀបចំ​គម្រោង រេ​ដ​បូក តាម​ស្តង់​ការ​កាបូន​ស្ម័គ្រចិត្ត​។ គោលបំណង​ចម្បង នៃ គម្រោង​រេ​ដ​បូក​សំ​កុស គឺ​ចូលរួមចំណែក​ដល់​ការកាត់បន្ថយ​បម្រែបម្រួល អាកាសធាតុ​សកល តាមរយៈ ការគាំទ្រ ដល់​និរន្តរភាព នៃ​ការគ្រប់គ្រង​ដែនជម្រកសត្វព្រៃ និង​ការលើកកម្ពស់ ជីវភាព​សហគមន៍ ដែល​រស់នៅក្នុង និង​ជាប់​នឹង​តំបន់​គម្រោង​។ ដោយ​គេ​រំពឹងថា នឹង​សម្រេចបាន តាមរយៈ​ការធ្វើការ ដោយផ្ទាល់ ជាមួយ​សហគមន៍ ដើម្បី​អនុវត្ត សកម្មភាព កសិកម្ម​បែប​អភិរក្ស និង​បង្កើត​ឱកាស និង​ជម្រើស​ជីវភាព សម្រាប់ ប្រជា​សហគមន៍ នៅ​មូលដ្ឋាន ដើម្បី​បញ្ចៀស​ការដាក់​សម្ពាធ ទៅលើ​ធនធាន ធម្មជាតិ​។​

​ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បាន​បញ្ជាក់ដែរថាៈ កិច្ចសហប្រតិបត្តិការ នៅក្នុង​គម្រោង​នេះ មាន​គោលបំណង និង​គោលដៅ​ជាក់លាក់ ស្របតាម​ច្បាប់ និង​បទដ្ឋាន គតិយុត្ត ដែលមាន​ជា​ធរមាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថភាព ប្រភព​ថវិកា និង​គោលការណ៍ មានដូចជាៈ​

​ក​- កាត់បន្ថយ​សកម្មភាព​កាប់​រាន​ព្រៃ​ខុសច្បាប់ ការកាប់​ឈើ ការ​បរបាញ់ សត្វព្រៃ និង​កា រ​ជួញដូរ​ប្រភេទ​សត្វព្រៃ​សំខាន់ៗ ក្នុង​តំបន់ការពារធម្មជាតិ តាម រយៈ​ការ​ល្បាត និង​ការអនុវត្ត ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព​។​

​ខ​- បង្កើត​គម្រោង​រេ​ដ​បូក​ថ្មី​មួយ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​។ គម្រោង​នេះ នឹងត្រូវ​បង្កើត បញ្ជាក់ និង​ចុះបញ្ជី ដោយ​ប្រើប្រាស់​ស្តង់ដារ​កាបូន​បញ្ជាក់ (Verified Carbon Standard- VCS) និង​ស្តង់ដារ​អាកាសធាតុ សហគមន៍ និង​ជីវចម្រុះ (Climate, Community and Biodiversity Standard-CCB)​។​

​គ​- ផ្តល់យោបល់ និង​ការគាំទ្រ​បច្ចេកទេស ដល់​ក្រសួងបរិស្ថាន រួមមាន ការផ្សព្វផ្សាយ​ទីផ្សារ និង​ការលក់​ឥណទាន​កាបូន នៃ​គម្រោង​កាត់បន្ថយ​ការ បំ​ភាយ​ឧស្ម័ន​កាបូ​និក ពី​ការបាត់បង់ និង​រេចរឹល​ព្រៃឈើ «​រេ​ដ​បូក​» (Reducing Emission from Deforestation and Forest Degradation-REDD+) ក្នុង​គម្រោង រេ​ដ​បូក សំ​កុស យោងតាម​កិច្ចព្រមព្រៀង គម្រោង​រេ​ដ​បូក រវាង​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​។​

​ឃ​- ធានា​សុវត្ថិភាព​ជីវភាព​សហគមន៍​មូលដ្ឋាន ដែល​ពឹង​អាស្រ័យ​លើ​ធនធាន ក្នុង​តំបន់ ការពារ​ធម្មជាតិ តាមរយៈ​ការគ្រប់គ្រង​ធនធានធម្មជាតិ អាស្រ័យ​លើ​សហគមន៍​។​

​ង​- កំណត់​ក្នុង​ផែនទី​ប្រើប្រាស់​ដីធ្លី នៅក្នុង​និង​ជុំវិញ តំបន់ការពារធម្មជាតិ និង​តាមរយៈ វិធីសាស្ត្រ ធ្វើ​ផែនការ ប្រើប្រាស់​ដីធ្លី ដោយមាន​ការចូលរួម​ផ្តល់ សុវត្ថិភាព ដល់​ព្រំប្រទល់ នៃ​តំបន់ការពារធម្មជាតិ​។​

​ច​- កសាង​សមត្ថភាព​បច្ចេកទេស និង​រូបវន្ត ដល់​មន្ត្រី​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ព្រៃឈើ និង​សត្វព្រៃ​ជាក់ស្តែង នៅ​ទីវាល​។​

​ឆ​- អនុវត្ត​កម្មវិធី​តាមដាន​ជីវចម្រុះ តាមរយៈ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ សម្រាប់​តំបន់ ការពារ​ធម្មជាតិ​៕/V-PC