ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ចម្រុះ សរុប​ចំនួន ៤៥ គីឡូក្រាម បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​ការចោទប្រកាន់ ពីបទ​ជួញដូរ គ្រឿងញៀន​។​

​គួររំលឹកថា កម្លាំង​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​សមត្ថកិច្ច ចម្រុះ បើក​ការបង្ក្រាប​ករណី​បទល្មើស​គ្រឿងញៀន ដោយ​ឃាត់ ខ្លួន​ជនជាតិ​ចិន​ម្នាក់ រួមទាំង​រឹបអូស​គ្រឿងញៀន​ចម្រុះ​ប្រភេទ សរុប​ចំនួន ៤៥ គីឡូក្រាម​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​នា​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ ដោយ​កម្លាំង​ជំនាញ (​ក​១០) នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា លោក​វរសេនីយ៍ឯក យឹម សែន​ឧ​ត្ត​ម នាយករង​មន្ទីរ លោក​វរ សេនីយ៍​ឯក តឹក សូ​នី នាយការិយាល័យ​ក​១០ និង​មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ដឹកនាំ សម្របសម្រួល​ពី​លោក អ៊ុ សុភ​ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈានទៅ ដល់​ការបង្ក្រាប នៅ ៤ គោលដៅ​ផ្សេងគ្នា​។​

​ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​ខាងលើនេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិចិន ១​នាក់ ឈ្មោះ ហ៊ូ ហ្វឹ​ង​វិ​ន (HU FENGWEN)​។ រីឯ​វត្ថុតាង​ដែល​រឹបអូស​បាន រួមមាន អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៧.១៥០,១៦ ក្រាម មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៤.០២៤ ក្រាម កេ​តា​មីន (KETAMIN) ទម្ងន់ ២៤.៣៨០ ក្រាម នី​មេ​តា​ហ្សេ​ប៉ា​ម (NIMETAZEPAM) ទម្ងន់ ១៤៤ ក្រាម​។ សរុប​សារធាតុ​ញៀន ចំនួន ៤៥.៦៩៨,១៦ ក្រាម (​ជាង ៤៥ គីឡូក្រាម​) រួម​នឹង​កញ្ឆា ៤០៨ ក្រាម និង​សារ​ធាតុគីមី ២៥.១៥៣,៣៨ ក្រាម​ទៀត​៕/V-PC