ដោយ​: ពៅ​និមល / ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) ហាមប្រាម​បញ្ឈប់​ការប្រើប្រាស់ ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ ឧបករណ៍ ពង្រីក​សេវា ដែល​បង្ក​ផលប៉ះពាល់ យ៉ាងខ្លាំង ដល់​សេវា​ទូរស័ព្ទ​ចល័ត បន្ទាប់ពី រកឃើញថា បាន​បង្ក​ការឆ្លង​រំខាន និង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​កម្រិត គុណភាព សេវា​ទូរស័ព្ទ​ចល័ត នៅក្នុង​តំបន់​។​

​ក្នុង​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ឈប់​ការប្រើប្រាស់ ឧបករណ៍​បង្កើន​កម្លាំង​សេវា និង​/​ឬ ឧបករណ៍​ពង្រីក​សេវា ដែល​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង ដល់​សេវា​ទូរស័ព្ទ ចល័ត ចុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានលើកឡើង​ថាៈ តាមរយៈ​ការចុះ​ត្រួតពិនិត្យ ហ្វ្រេ​កង់​ស៍​វិទ្យុ និង​ធ្វើ​ការវាស់ស្ទង់ គុណភាព​សេវា​ទូរស័ព្ទ​ចល័ត នៅក្នុង​បរិវេណ​បុរី​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ បាន​រកឃើញថា ការប្រើប្រាស់​ឧបករណ៍ បង្កើន​កម្លាំង​សេវា និង​/​ឬ ឧបករណ៍ ពង្រីក​សេវា (Signal Booster/Repeater) បាន​បង្ក​ការឆ្លង​រំខាន និង​ធ្វើឱ្យប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរ ទៅដល់​កម្រិត​គុណភាព សេវា​ទូរស័ព្ទ​ចល័ត នៅក្នុង​តំបន់​នោះ​។ ដូចនេះ ក្រសួង​សូម​ស្នើ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់ ឧបករណ៍​ទាំងនេះ ធ្វើការ​រុះរើ ដកចេញ និង​បញ្ឈប់​ការប្រើប្រាស់ ឧបករណ៍ ទាំងនេះ ដោយ​ខ្លួនឯង នៅតាម​ផ្ទះ​របស់ខ្លួន​។​

​ក្រសួង​ក៏បាន​ស្នើ​ទៅដល់ អ្នកពាក់ព័ន្ធ​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​នាំចូល​ឧបករណ៍ បង្កើន កម្លាំង​សេវា និង​/​ឬ ឧបករណ៍​ពង្រីក​សេវា​គ្រប់​ប្រភេទ ដែល​ពុំ​មានការ ទទួលស្គាល់​យ​ថា ប្រភេទ ពី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ជាបន្ទាន់ ជៀសវាង​ការ ប្រឈម​នឹង​វិធានការ​ច្បាប់​។​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានបញ្ជាក់​ទៀតថាៈ យោងតាម​មាត្រា​៨៤ នៃ​ច្បាប់ ស្តីពី​ទូរគមនាគមន៍ បាន​ចែងថា “ ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬ​ការកែប្រែ​ហេ​ដ្ឋា រចនាសម្ព័ន្ធ និង​បណ្តាញ​ទូរគមនាគមន៍ ឬ​គ្រឿង​សម្ភារៈ បរិក្ខារ​ទូរគមនាគមន៍ ដើម្បី​បង្ក​ការ​កាត់ផ្តាច់ ការរំខាន ឬ​ការជ្រៀតជ្រែក លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ឬ​បង្ក​ការប៉ះពាល់ ដល់​សណ្តាប់ ធ្នាប់​សាធារណៈ ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា ប្រាក់​ពី ២.០០០.០០០ រៀល ទៅ ១០.០០០ .០០០ រៀល​៕/V​-PC