​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/បំណង​ (​ស្ត្រេត​ថែមស៍​) ៖ ចិន​បាន​អនុម័ត​ថ្នាំ​ប្រឆាំង​កូវី​ដ​១៩​ផលិត​ក្នុងស្រុក​ដំបូង​របស់​ខ្លួន ខណៈ​និយតករ​បានអនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ​ពី​ក្រុមហ៊ុន Genuine Biotech​ដែល​​ពី​មុន​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​មេរោគ​ហ៊ី​វ​។​

​រដ្ឋបាល​ផលិតផល​វេជ្ជសាស្ត្រ​ជាតិ​បាន​ផ្តល់​ការអនុញ្ញាត​ដល់​ថ្នាំ Azvudine ពី​ក្រុមហ៊ុន​ឱសថ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហឺ​ណាន (Henan)​សម្រាប់​មនុស្សពេញវ័យ​ដែល​មាន​រោគសញ្ញា​ធម្មតា​ក្រោម​​ការអនុញ្ញាត​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ទីភ្នាក់ងារ​នេះ​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែកក្កដា​។​

​ថ្នាំ​នេះ​នឹង​ប្រកួតប្រជែង​ជាមួយនឹង​ថ្នាំ Paxlovid របស់​ក្រុមហ៊ុន Pfizer ដែល​ត្រូវបាន​អនុម័ត​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែ​កុម្ភៈ​ពោលគឺ​មិនយូរប៉ុន្មាន​មុន​ពេល​ប្រទេស​នេះ​បាន​ជួបប្រទះ​ការ​​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​។​

​លោក លៀង វ៉ាន់នៀន (Liang Wannian) ប្រធាន​ក្រុម​អ្នកជំនាញ​នៃ​គណៈកម្មការ​សុខភាព​ជាតិ បាន​និយាយ​កាលពី​ខែ​មេសា​ថា​ការ​យក​ឈ្នះ​លើ​មេរោគ​នេះ​បាន​គឺ​ត្រូវការ​វ៉ាក់សាំង​ដែលមាន​​ប្រសិទ្ធភាព ការព្យាបាល និង​ការ​បំប្លែង​របស់​មេរោគ​ក្នុង​កម្រិត​ស្រាល​។​

​ការអនុញ្ញាត​ឱ្យ​ប្រើ​ថ្នាំ Azvudine គឺ​កើតឡើង​មុន​ពេល​ការសម្រេចចិត្ត​លើ​ឱសថ​របស់​ក្រុមហ៊ុន Shanghai Junshi Biosciences Co. ដែល​ត្រូវ​បាន​ដាក់ជូន​កាលពី​ខែ​ឧសភា​។

​មនុស្ស​កំពុង​ឈរ​តម្រង់​ជួរ​ដើម្បី​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩​នៅ​ទីក្រុង​សិន​ចិន ប្រទេស​ចិន កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២២

​ចិន​នៅ​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា​នេះ បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​៩៧៦​នាក់​សំរាប់​ថ្ងៃ​២៥​កក្កដា ក្រោយ​ឆ្លង​៨០០​នាក់​កាល​ពី​មួយ​ថ្ងៃមុន តែ​មិន​មាន​អ្នកជំងឺ​កូវី​ដស្លាប់​ថ្មីទេ គឺ​រក្សា​នៅ​ចំនួន​៥.២២៦​នាក់​ដដែល​។​

​គិត​ត្រឹម​ថ្ងៃ​២៥​កក្កដា ចិនដីគោក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​ចំនួន​២២៨.៩៤៦​នាក់​ក្នុង​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកនេះ​៕