ដោយៈ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​/ភ្នំពេញ៖​តី ហៀ​ង កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ គាត់​មិនបាន​រៀន​ជ្រៅជ្រះ​ដូច​ក្មេង​ឯទៀត​ក្នុងភូមិ​ឡើយ​។ ហៀ​ង នៅតែ​រំឭក​ពី​រឿងនេះ​ថា គាត់​ខ្មាស់​ក្មេង​ឯទៀត និង​មិន​ហ៊ាន​លេចមុខ​ឲ្យ​អ្នក​ទាំងនោះ​ឃើញ​ឡើយ ព្រោះ​គាត់​មិនបាន​បន្ត​ការសិក្សា​ទៀត​ដោយសារ​ឪពុកម្តាយ​ក្រីក្រ​។

នៅក្នុង​បន្ទុក​ឪពុកម្តាយ ហៀ​ង តែងតែ​ជួយ​សម្រាល​ការងារ​ផ្ទះ​ជំនួស​ឪពុកម្តាយ ដូចជា ធ្វើ​ស្ករត្នោត និង​ធ្វើស្រែ​។ នៅ​ឆ្នាំ​១៩៧១ ហៀ​ង បាន​រៀបការ​តាម​ឪពុកម្តាយ​ផ្សំផ្គុំ​ឲ្យ​។ នៅ​ឆ្នាំ​១៩៧៣ ហៀ​ង បានចេញ​ទៅធ្វើ​បដិវត្តន៍ ក្នុងពេលដែល​គាត់​មានកូន​ពីរ​នាក់​ក្នុងបន្ទុក​។ គាត់​បាន​ចាកចោល​ប្រពន្ធ និង​កូន ដោយសារតែ​កំហឹង​វណ្ណៈ និង​ចង់បាន​សង្គម​មួយ​ដែល​គ្មាន​វណ្ណៈ​ជិះជាន់​។


តី ហៀ​ង សព្វថ្ងៃ​រស់នៅ​ភូមិ​ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ខាងក្រោម​នេះ គឺជា​ការរៀប​រាប់រប​ស់ ហៀ​ង អំពី​ដំណើរ​ជីវិត​ចាក​ចេញពីផ្ទះ​ដើម្បី​បដិវត្តន៍ និង​រឿងរ៉ាវ​ជីវិត​ជា​យុទ្ធជន ដែល​ចាប់ផ្តើម​ពី​យុទ្ធជន​ខ្មែរក្រហម រហូត​ប្រែជា​យុទ្ធជន​ប្រយុទ្ធ​ប្រឆាំងនឹង​ខ្មែរក្រហម​វិញ​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០៖
​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​ដោយសារ​កំហឹង​វណ្ណៈ​
​នៅ​ឆ្នាំ​១៩៧៣ តី ហៀ​ង បាន​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​ខ្មែរក្រហម ដោយសារ​មិន​ពេញចិត្ត​ចំពោះ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ និង​ស្អប់ខ្ពើម​ភាព​ខែងរ៉ែង​របស់​មេទ័ព​នៃ​របប លន់ នល់ ឈ្មោះ ហ៊ិ​ន ទឹម ដែល​តែងតែ​បង្ហាញ​ភាព​អស្ចារ្យ​របស់ខ្លួន​ក្នុងការ​ដឹកនាំ​ទ័ព​ចូលទៅ​វាយ​កងកម្លាំង​ខ្មែរក្រហម​នៅតាម​ជើងភ្នំ​ដំរី​រមៀល កាលពី​អំឡុង​ដើម​ទសវត្ស​ន៍​ឆ្នាំ​១៩៧០​។ «​ខ្ញុំ​ឃើញ​មេទាហាន លន់ នល់ ម្នាក់​ឈ្មោះ ហ៊ិ​ន ទឹម ដើរ​កាន់​ឈើច្រត់​នៅ​ពីមុខ​កងទ័ព​របស់គាត់ ចេញពី​វាយប្រហារ​កងកម្លាំង​ខ្មែរក្រហម​នៅក្នុង​ព្រៃ កាត់​តាម​ភូមិ​ខ្ញុំ ហើយ​មើលទៅ​គាត់​បញ្ចេញ​ឫកពារ​ក្រអឺតក្រទម​ណាស់​។ នរណាៗ​ក៏​ខ្លាច​គាត់​ដែរ​។ កាលពី​មាន​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​អង្គតាសោម​ថ្ងៃ​១៨ មីនា ១៩៧០ តា ហ៊ិ​ន ទឹម នេះ​បាន​បាញ់សម្លាប់​សិស្ស​និស្សិត និង​ប្រជាជន​ដែល​ចូលរួម​ធ្វើបាតុកម្ម​ច្រើន​នាក់​ណាស់​។ ខ្ញុំ​មិន​ពេញចិត្ត​ចំពោះ​ឫកពារ​ដូច្នេះ​ទេ ហើយក៏​មិន​ចង់ឃើញ​គាត់​ដើរ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​នៅក្នុង​ភូមិ​ខ្ញុំ​តទៅទៀត​ដែរ​»​។​
​តី ហៀ​ង បាន​ចាក​ចេញពីផ្ទះ​នៅវេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ឆ្ពោះទៅកាន់​មន្ទីរ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ដើម្បី​សុំ​ចុះឈ្មោះ​ចូល​បម្រើកងទ័ព​ខ្មែរក្រហម​។ គណៈ​ឃុំ​ឈ្មោះ ហួន និង ចិន ជា​អ្នកទទួល ហៀ​ង ឲ្យ​ចូល​បម្រើ​បដិវត្តន៍​។ ទៅជា​មួយ ហៀ​ង មានឈ្មោះ សុន (​បច្ចុប្បន្ន​ជា​មេភូមិ​មួយ​ក្នុង​ឃុំ​ត្រពាំង​ធំ​ខាងត្បូង​), លីន (​ស្លាប់​), ម៉ៅ ម៉ាក (​ស្លាប់​), ឃឹម ថន (​នៅរស់​) និង ឃា មាន (​ស្លាប់​)​។ ដំបូង​ឡើយ អ្នក​ទាំង​៦​នាក់ ត្រូវបញ្ជូន​ទៅកាន់​មន្ទីរ​ស្រុក​ដើម្បី​រៀន​ក្បួន​យុទ្ធសាស្ត្រ និង​ចូល​ធ្វើជា​កងទ័ព​ស្រុក​ត្រាំកក់​។ បន្ទាប់មក អ្នក​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​១៣ ដើម្បី​ត្រៀមប្រយុទ្ធ​ជាមួយ​ទាហាន លន់ នល់​។ «​ខ្ញុំ​បាន​ចេញពីផ្ទះ​នៅ​ម៉ោង​៩​ព្រឹក នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៩៧៣​។ ខ្ញុំ​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​ខ្មែរក្រហម​។ ខ្ញុំ​បាន​បបួលគ្នា​៥​នាក់​ទៀត​គឺ សុន​, លីន​, ម៉ៅ ម៉ាក​, ឃឹម ថន និង​ឃា មាន ទៅជា​មួយ​ដើម្បី​បានជា​គ្នា​ទៅ​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​។ ខ្ញុំ​ចូល​នៅ​មន្ទីរ​ឃុំ​ត្រពាំង​ធំ​ខាងត្បូង ដោយមាន​តា ហួន និង​តា ចិន គណៈ​ឃុំ ជា​អ្នកទទួល​ពួក​ខ្ញុំ​។ ក្នុងចំណោម​គ្នា​ខ្ញុំ​ទាំង​៦​នាក់ មកដល់​បច្ចុប្បន្ននេះ ស្លាប់​អស់​បីនាក់​ហើយ​គឺ លីន​, ម៉ាក និង​មាន​។ កាលពី​ខ្ញុំ​ចូលធ្វើ​កងទ័ព​ដំបូង ខ្ញុំ​ត្រូវ​មេបញ្ជាការ​យោធា​ស្រុក​បញ្ជូន​ឲ្យ​ចូលរៀន​ក្បួនសឹក​នៅ​ដុក​សាប ក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ហើយ​មេបញ្ជាការ​គឺជា​អ្នក​បង្រៀន​ផ្ទាល់​។ កាលនោះ ខ្ញុំ​ស្ថិតនៅក្នុង​កង​ស្រុក​ត្រាំកក់ (​យោធា​ស្រុក​)​។ មេរៀន​ដែល​ខ្ញុំ​បាន​រៀន​គឺ របៀប​លូន និង​ក្រាប របៀប​បាញ់ របៀប​ដោះ​គ្រាប់ និង​មនោគមវិជ្ជា​បដិវត្តន៍​»​។​

បម្រើការ​នៅ​អង្គភាព​៣៣០ តំបន់​១៣
​ហៀ​ង បាន​ចូលរួម​ធ្វើសង្គ្រាម​ជាច្រើន​សមរភូមិ​នៅក្នុង​ស្រុក​ត្រាំកក់ និង​ស្រុក​គិរីវង់ មុន​ពេលដែល​ប្រទេសជាតិ​ត្រូវ​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ខ្មែរក្រហម​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ បន្ទាប់ពី​ខែមេសា ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​ភាគច្រើន​ត្រូវបាន​រំសាយ និង​បញ្ជូន​មកកាន់​ស្រុកកំណើត​វិញ​ដើម្បី​ចូលរួម​បង្កបង្កើនផល ហើយ​មានតែ​កងទ័ព​ភាគតិច​តែប៉ុណ្ណោះ ដែល​ទទួលបាន​ការផ្លាស់​ប្តូរ​តួនាទី ឬ​កន្លែងធ្វើការ​។ «​ខ្ញុំ​ត្រូវ​អង្គការ​ថ្នាក់លើ​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​ធ្វើការ​នៅក្នុង​អង្គភាព​៣៣០ ជា​អង្គភាព​បម្រើការ​ខាង​ផ្នែក​រោងចក្រ​ឧស្សាហកម្ម​របស់​តំបន់​១៣​វិញ​។ អង្គភាព​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តតាកែវ​។ ខ្ញុំ​ធ្វើការ​នៅ​ទីនោះ​អស់​រយៈពេល​ជាង​បី​ឆ្នាំ ទើប​អង្គ​ការស្នើ​ខ្ញុំ​ឲ្យ​ទៅ​រៀន​ខាងមុខ​ជំនាញ​វា​រី​អគ្គិសនី​នៅ​ភ្នំពេញ និង​កំពង់ស្ពឺ​ត្រង់ចំណុច​ទំនប់​រលាំង​ជ្រៃ ជាមួយ​ជំនាញការ​ចិន​។ ខ្ញុំ​ចេញពី​អង្គភាព​៣៣០ នៅក្នុង​រដូវ​ច្រូត​ឆ្នាំ​១៩៧៨​។ ខ្ញុំ​ធ្លាប់​ទទួលបាន​ការតែងតាំង​ជា​ជំនួយការ​អង្គភាព បន្ទាប់ពី​អង្គការ​ថ្នាក់លើ​ចាប់ខ្លួន យោគ គឺជា​ប្រធាន​អង្គភាព និង សុខ ជា​អនុប្រធាន​អង្គភាព កាលពី​ឆ្នាំ​១៩៧៧​។ ក្នុង​តំណែង​ជា​ជំនួយការ ខ្ញុំ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ លាង គឺជា​ប្រធាន​អង្គភាព​ដែល​ទើបនឹង​ផ្លាស់​មក និង វ៉ាន់ គឺជា​អនុប្រធាន រហូតដល់​គាត់​មានការ​ផ្លាស់ប្តូរ​មករៀ​ន​សូត្រ​បន្ត​»​។​

​វិល​ចូល​បម្រើការ​ជា​កងទ័ព​ខ្មែរក្រហម​ម្តងទៀត និង​បង្កើត​កង​ថ្មី​
​ក្នុង​ព្រឹត្តិការណ៍​ច្របូកច្របល់​នៅ​ចុងឆ្នាំ​១៩៧៨ ជា​ពេលដែល ហៀ​ង កំពុង​បន្ត​ការសិក្សា​ផ្នែក​វា​រី​អគ្គិសនី​នៅ​រលាំង​ជ្រៃ​។ កម្មាភិបាល​ខ្មែរក្រហម​ទាំងអស់​បាន​រត់ចោលជួ​រ និង​ភារកិច្ច​របស់ខ្លួន ហើយ​រត់​ភៀសខ្លួន​ទៅកាន់​ទីដៅ​ចុងក្រោយ​របស់ខ្លួន​នៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា​។ ហៀ​ង និង​សម​មិត្ត​រួម​ជំនាន់ បាន​រត់​ភៀសខ្លួន​ទៅ​ភាគ​ខាងលិច​ដូច​កម្មាភិបាល​ខ្មែរក្រហម​ផ្សេងទៀត​។ គាត់​បានធ្វើ​ដំណើរ​កាត់​តាម​បុស​ផង់ អន្លង់​ភ្ញៀវ និង​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤​ឆ្ពោះទៅ​ទិស​ខាងលិច​។ ក្នុងពេលដែល​កំពុង​ភៀសខ្លួន​នៅតាម​ផ្លូវ ហៀ​ង និង​អ្នក​ឯទៀត​បាន​ជួប​មេបញ្ជាការ​វរ​សេនា​ធំ (​មិន​ចាំ​លេខ​) ឈ្មោះ បូរ៉ាន ហើយ​ត្រូវ បូរ៉ាន បញ្ចុះបញ្ចូល​ឲ្យ​ចូលក្នុង​ជួរ​កងទ័ព​ឡើងវិញ ដើម្បី​តស៊ូ ប្រយុទ្ធប្រឆាំង​ជាមួយនឹង​វត្តមាន​របស់​កងទ័ព​វៀតណាម​ដែល​កំពុង​វាយ​រុញច្រាន​កងទ័ព​ខ្មែរក្រហម​ឲ្យ​ចុះចាញ់​។ បូរ៉ាន បាន​បំពាក់អាវុធ​ដល់ ហៀ​ង និង​យុទ្ធ​មិត្រ​ឯទៀត ព្រមទាំង​បាន​បង្កើត​កង​ថ្មី​មួយទៀត​ឈ្មោះថា «​កង​ពិសេស​» ឬ «​កង​គ្មាន​លេខ​»​។ កង​នេះ ត្រូវបាន​បង្កើតឡើង​ភ្លាមៗ និង​មិនមាន​ការចាត់តាំង​ត្រឹមត្រូវ​ពី​ថ្នាក់ដឹកនាំ​ភូមិភាគ ឬ​តំបន់​ឡើយ ហើយ​កងទ័ព​ដែលមាន​នៅក្នុង​កង​នេះ ក៏​មិនមាន​គ្នាច្រើន​ដែរ​។​

​បរាជ័យ​ចុងក្រោយ និង​ការវិល​ត្រឡប់មក​ស្រុកកំណើត​
​បន្ទាប់ពី​បង្កើតបាន​កង​ថ្មី​រួចហើយ កង​នេះ​បាន​អនុវត្ត​ក្បួនសឹក​មួយ​ឈ្មោះថា «​ច្រែះ​ស៊ី​ដែក​» ដើម្បី​បំផ្លាញ ឬ​បង្អាក់ដំណើរ​កងទ័ព​វៀតណាម​ដែល​ដេញ​វាយ​កងទ័ព​ខ្មែរក្រហម​ពីក្រោយ​។ តាម​ការ​ឲ្យ​ដឹង​ពី ហៀ​ង ថា សង្គ្រាម​ច្រែះ​ស៊ី​ដែក គឺ​សំដៅលើ​សង្គ្រាម​ឆ្មក់ ឬ​សង្គ្រាម​វាយ​ដកៗ ឬ​សង្គ្រាមឈ្លប​។ នៅ​ដើមឆ្នាំ​១៩៧៩ ហៀ​ង និង​កង​ពិសេស រួមទាំង បូរ៉ាន ផង បាន​ចាញ់​សង្គ្រាម និង​បាន​ដកថយ​រហូតដល់​ភាគ​ខាងលិច​ប្រទេស​។ ក្រោយមក កង​ពិសេស ឬ​កង​គ្មាន​លេខ ត្រូវបាន​រំលាយ​។ បូរ៉ាន បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីន​របស់​ខ្លួនឯង​។ អ្នក​ឯទៀត បាន​ចាកចេញ​ទៅកាន់​ទីកន្លែង​ផ្សេងៗ​ដែល​ពួកគេ​ចង់ទៅ​។ ហៀ​ង បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ជាមួយ​បងប្រុស​បង្កើត​។ នៅតាម​ផ្លូវ បងប្រុស​របស់ ហៀ​ង បាន​ស្លាប់ ហើយ​គាត់​បានធ្វើ​ដំណើរ​ទៅដល់​ខេត្តកោះកុង ជា​កន្លែង​ដែល​គាត់​ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ គាត់​ត្រូវបាន​បញ្ជូន​មកកាន់​កំពង់សោម ដើម្បី​ឃុំឃាំង​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧៩ ហៀ​ង ត្រូវបាន​ដោះលែង​ឲ្យ​វិល​ត្រឡប់មក​ស្រុក​កណើត​វិញ​។ មុនពេល​ដោះលែង ហៀ​ង ទទួលបាន​លិខិត​មួយច្បាប់​ចេញ​ដោយ​អាជ្ញាធរខេត្ត​កំពង់សោម និង​មាន​បោះត្រា​ក្រហម​ពី​ជំនាញការ​វៀតណាម​ប្រចាំ​នៅ​ខេត្ត​នោះ ដើម្បី​ឲ្យ ហៀ​ង ប្រើប្រាស់​ជា​លិខិតបើកផ្លូវ​សម្រាប់​ការធ្វើដំណើរ​ត្រឡប់មក​ផ្ទះសម្បែង​វិញ​របស់គាត់​។​

ចូលកាន់​អាវុធ​ម្តងទៀត ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​
​នៅ​ឆ្នាំ​១៩៨៣ ហៀ​ង ត្រូវបាន​ស្នើ​ឲ្យ​ចូល​ធ្វើជា​ប្រធានភូមិ​ត្រពាំង​តា​សោម និង​គ្រប់គ្រង​កង​សេនាជន​ភូមិ​។ តាំងពី​មានការ​ចាត់តាំង​មក ហៀ​ង ពុំ​សូវ​បាន​ស្នាក់​នៅផ្ទះ​នៅពេល​យប់​ទេ​។ ហៀ​ង និង សេនាជន​ក្នុងភូមិ ត្រូវ​ទទួលបន្ទុក​យាម​កាម​ភូមិ និង​ត្រៀមប្រយុទ្ធ​គ្រប់ពេល​ជាមួយ​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​ដែលមាន​មូលដ្ឋាន​នៅក្នុង​ព្រៃ​នា​ជើងភ្នំ​ដំរី​រមៀល​។ ភារកិច្ច​នេះ ត្រូវ ហៀ​ង កាន់​ក្តាប់​រហូតដល់​គាត់​ទទួលបាន​ការប្រកាស​ថ្មី​មួយ​ទៀតថា​ជា​កងជីវពល​ប្រចាំ​ស្រុក​ត្រាំកក់ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៩៨ និង​ចេញ​ប័ណ្ណ​ប្រើប្រាស់​ចុះហត្ថលេខា​ដោយ​វរៈសេនីយ៍ឯក កង សំអឿន​។ ប័ណ្ណ​ដដែល​នេះ បាន​បញ្ជាក់ថា ហៀ​ង ទទួលបាន​ការប្រើប្រាស់​អាវុធ​ប្រភេទ​អាកា លេខ​៦៦១៦ សម្រាប់​ការពារ​ភូមិ​ឃុំ​ពី​ការ​វាយឆ្មក់​នានា​ពី​ទ័ពព្រៃ​ខ្មែរក្រហម​ដែលមាន​ទីតាំង​ស្ថិតនៅ​ជើងភ្នំ​ដំរី​រមៀល​។ សុពលភាព​នៃ​ការប្រើប្រាស់​អាវុធ និង​ប័ណ្ណ​សម្គាល់​របស់ ហៀ​ង បានបញ្ចប់​នៅត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៩៨​។

តី ហៀ​ង ទទួល​ប្រអប់​អនុស្សាវរីយ៍​ពី​ក្រុម​អ្នកស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ ខេត្តតាកែវ​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ជិវិត​សាមញ្ញ​នាពេល​បច្ចុប្បន្ន​
​សព្វថ្ងៃ ហៀ​ង មាន​អាយុ​៧២​ឆ្នាំ​ហើយ​។ គាត់​បាន​ស្នើសុំ​ឈប់​បម្រើការ​ជា​មេភូមិ​នៅ​ឆ្នាំ​២០១៨ បន្ទាប់ពី​គាត់​បាន​បម្រើការ​ជា​មេភូមិ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​រួចមក​។ ទោះបីជា​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​គាត់​នៅតែ​ជា​អ្នក​ជួយ​ជ្រោមជ្រែង និង​ចាត់ចែង​ការងារ​នៅក្នុង​ភូមិ​ដដែល​។ ជា​រៀងរាល់​ថ្ងៃសីល ហៀ​ង តែង​ទៅកាន់​វត្ត​អា​រ៉ា​ម​ដែល​នៅក្បែរ​ផ្ទះ​របស់គាត់ ស្ថិតនៅ​ជាប់​នឹង​ជើងភ្នំ​ដំរី​រមៀល ដើម្បី​សុំ​សីល និង​រៀបចំ​កម្មវិធី​សាសនា​ផ្សេងៗ​។ ហៀ​ង បាន​ប្រាប់ថា ជីវិត​គាត់​នាពេល​ប​ច្ចុ​ប្ប​នេះ គឺ​គិតតែ​ពី​ការ​សាង​បុណ្យ​កុសល​ដើម្បី​គាត់​ទទួល​បានការ​តបស្នង​មកវិញ​នូវ សេចក្តីសុខ​ផ្លូវ​អារម្មណ៍ និង​ផ្លូវចិត្ត​៕សរន