ដោយៈ ទេព មង្គល / ព្រះសីហនុៈ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ បានដុតកម្ទេចចោលនូវ គ្រឿងញៀន ជាច្រើនប្រភេទជិត ៦០ គីឡូក្រាម ដែលអាជ្ញាធរមានសមត្ថកិច្ច នៃខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ បានរឹបអូសយកបាន នៅក្នុងប្រតិបត្តិការបង្ក្រាប នាពេលកន្លងមក។
ការដុតកម្ទេចចោលនូវវត្ថុតាង ជាគ្រឿងញៀន ជិត ៦០ គីឡូក្រាមនោះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ ក្នុង ឱកាសនៃការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ” ដោះស្រាយបញ្ហាគ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្សធម៌ ” នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ក្រោមវត្តមានលោកនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក គួច ចំរើន អភិបាលខេត្ត និងជា ប្រធានគណ:កម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះសីហនុ ព្រមទាំងលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងស្ថាប័នសាលាដំបូង និងអយ្យការអម សាលាដំបូង នៃខេត្តទាំង៣ គឺខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ។
លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រះសីហនុ បានឲ្យដឹងថាៈ វត្ថុតាងគ្រឿងញៀន ដែលបានបង្កភាពមហន្តរាយ ដល់អ្នកប្រើ ក្រុមគ្រួសារ និងសហគមន៍ មានជិត ៦០ គីឡូក្រាម ក្នុងនោះ ខេត្តព្រះសីហនុ មានជាង ២០ គីឡូក្រាម, ខេត្តកំពង់ស្ពឺ ជាង ៣១ គីឡូក្រាម និងខេត្តកំពត ជាង ៥ គីឡូក្រាម ត្រូវបានដុតបំផ្លាញ។
លោក គួច ចំរើន បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់យកនូវតុល្យភាព រវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ ព្រមទាំង ចាត់ទុកអ្នកប្រើគ្រឿងញៀន គឺជាជនរងគ្រោះ ដែលត្រូវ ទទួលបានការយកចិត្តទុកដាក់ ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួលនូវការចោទប្រកាន់ តាមផ្លូវច្បាប់។
ដោយឡែក លោកនាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានថ្លែងថាៈ គ្រឿងញៀន នៅតែជាបញ្ហា ដែលតម្រូវឱ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវបន្តអនុវត្តន៍នូវយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី័៧។
លោកនាយឧត្តមសេនីយ៍ បានជំរុញដល់គ្រប់មន្ទីរ អង្គភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ម្ចាស់ការ សម្របសម្រួល ដឹកនាំអនុវត្តន៍ ឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ច របស់ខ្លួន ក្នុងការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ តាមគ្រប់មធ្យោបាយ បង្ក្រាប និងដោះស្រាយ នូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រងត្រួតពិនិត្យ សារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព ខ្ពស់ ដើម្បីទប់ស្កាត់បាន រាល់ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅកែច្នៃ ផលិតគ្រឿង ញៀន ខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា៕/V