ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ច្រាំងទន្លេដែលបាក់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយត្រូវពលរដ្ឋស្នើឱ្យអាជ្ញាធរជួយពន្លឿនការស្ថាបនាឡើងវិញអោយឆាប់នោះ ពេលនេះ ត្រូវបានអភិបាលរាជធានីភ្នំពេញ បញ្ជាផ្នែកជំនាញ ឱ្យស្ថាបនាឡើងវិញ នៅថ្ងៃទី២៧ កក្កដា ស្អែកនេះ ដើម្បីឆ្លើយតបទៅតាមការស្នើសុំ របស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូល ផ្ទះរបស់ពួកគាត់។
នៅពេលដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាព នៃការបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី២៦ កក្កដានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ ការបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេក នេះ មន្ត្រីជំនាញ ត្រូវសិក្សាឱ្យបានម៉ត់ចត់ ហើយក្រុមការងារ ត្រូវធ្វើការការងារ នៅថ្ងៃទី២៧ កក្កដា ស្អែកនេះ តទៅ ដើម្បីដោះស្រាយកង្វល់ និងការធ្វើដំណើរ ទៅមករបស់បងប្អូន ប្រជាពលរដ្ឋ។
លោក អឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេក បានបញ្ជាក់ថាៈ ច្រាំងទន្លេ ដែលបាក់ចូល ទៅក្នុងទន្លេ នៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកនេះ បានបាក់ចំនួន ៣ ដង ជាបន្តបន្ទាប់គ្នា ប្រមាណជិត ៥ ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋ សហការគ្នាទប់បណ្តោះអាសន្ន ដើម្បីកុំអោយបាក់ផ្ទះប្រជាពលរដ្ឋ ចូលទៅក្នុងទន្លេទៀត។
ចំពោះមូលហេតុ នៃការបាក់ច្រាំងទន្លេនេះ លោក អឿ ស៊ីផុន ក៏បានបញ្ជាក់ដែរថាៈ គឺបណ្តាលមកពីដី ជ្រាបទឹកចេញពីព្រែកតាគង់ ធ្វើឱ្យដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។
បើតាមមន្ត្រីជំនាញ បានអះអាងថា ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាប នៅទាប គឺអាចដំណើរការលើ ការងារនេះបាន ដោយទី១. ត្រូវប្រើថ្មតូច ធំចាក់ទប់នៅ បាតច្រាំងទន្លេ , ទី២.កាយយកដី ស្អុយចេញ, ទី៣. ចាក់ខ្សាច់ក្រាលពីក្រោម និងទី៤. ចាក់ដីពីលើបំពេញផ្លូវ ដែលបាក់នេះ តែម្តង ហើយផ្លូវដែលបាក់នេះ មានប្រវែង ៩០ ម៉ែត្រ ត្រូវចាក់បំពេញ។
នៅក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានថ្លែងនូវ អំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក ឃួង ស្រេង ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់ច្រាំងទន្លេ ដែលបានបាក់ ចូលទន្លេនេះ ឡើងវិញ៕/V