ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ក្រុមហ៊ុន មីនីបៀ មីតស៊ូមី របស់ជប៉ុនដែលផលិតគ្រឿងបង្គុំអេឡិចត្រូនិច និង អំពូលអិលអ៊ីឌី នៅក្នុងប្រទេសកម្ពុជាមានអាយុកាល១០ ឆ្នាំ ហើយក្នុងរយៈពេល១០ ឆ្នាំនេះបានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ៤០០ លានដុល្លារអាមេរិកដោយបានបង្កើតការងារដល់ពលរដ្ឋខ្មែរជាង ៦,០០០ នាក់។នេះ បើតាមការបញ្ជាក់របស់លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនីបៀ មីតស៊ូមី ។

នៅព្រឹកថ្ងៃទី ២៦ ខែ កក្កដា ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុន មីនីបៀ មីតស៊ូមី ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅ វិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្រី្ត ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានគោរពរាយការណ៍ ជូនសម្តេចអគ្គំហាសេនាបតិតេជោ ហ៊ុន សែន អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនរយៈពេល១០ ឆ្នាំកន្លងមក ដែលក្នុងនោះក្រុមហ៊ុនបានដាក់ទុន វិនិយោគសរុបប្រមាណ ១១២៤ ពាន់លានយ៉េន(លុយជប៉ុន)នៅកម្ពុជា។ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានគោរពជម្រាបជូនសម្ដេចតេជោថាក្រុមហ៊ុនរបស់លោកយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព,តម្លៃសេដ្ឋកិច្ច,សេវាល្អនិងល្បឿនលឿននិងជាពិសេសទៅទៀតនោះយកចិត្តទុកដាក់ខ្លាំងទៅលើវិស័យបរិ ស្ថាន។លោកកៃនុម៉ាបានបន្ថែមថារោងចក្ររបស់លោកផលិតអំពូលភ្លើងអិលអ៊ីឌី ១០០ ភាគរយនៅកម្ពុជាហើយបាននាំចេញទៅលក់នៅទីផ្សារទូទាំងពិភពលោកដោយឡែកនៅកម្ពុជាក្រុមហ៊ុនបានតំឡើងអំពូល អិលអ៊ីឌី បានចំនួន ១៨,៨៨០ អំពូលដែលក្នុងនោះអាចជួយកាត់បន្ថយការប្រើប្រាស់អគ្គិ សនីផង ការកាត់បន្ថយការសាយភាយឧស្ម័នកាបូនិចផងនិងកាត់បន្ថយ ចំណាយលើអគ្គិសនីប្រមាណមួយលានដុល្លារក្នុងមួយឆ្នាំ ។

ក្នុងឱកាសនោះដែរ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានគោរពថ្លែងអំណរគុណសម្ដេចតេជោនិងមន្ត្រីសុខាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានជួយដល់កម្ម ករក្រុមហ៊ុនឲ្យរួចផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩,លោកបន្តថាក្នុងចំណោមកម្មករជាង ៦ ពាន់នាក់មានតែកម្មករ ៧៨នាក់ប៉ុណ្ណោះដែលឆ្លងជំងឺកូវីដ១៩ , ហើយរោងចក្ររបស់លោកនៅបន្តដំណើរការជារៀងរហូតពុំមានការផ្អាកដំណើរការនៅក្នុងចង្វាក់ផលិតកម្មនិងច្រវ៉ាក់ផ្គត់ផ្គង់ឡើយ។ ជាទីបញ្ចប់លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានគោរពអញ្ជើញសម្ដេចតេជោជាអធិបតីក្នុងពិធីខួបទី ១០ ឆ្នាំនៃវត្តមានក្រុមហ៊ុនមីនេបៀនៅកម្ពុជា ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ដែលបានរាយការណ៍អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុននិងបានសម្តែងការរីករាយ ចំពោះក្រុមហ៊ុននិងអបអរចំពោះក្រុមហ៊ុនដែលទទួលបានជោគជ័យក្នុងរយៈពេល១០ឆ្នាំកន្លងមក ក្នុងការពង្រីកសកម្មភាពរបស់ខ្លួនជាបន្តបន្ទាប់។
សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបានទទួលយកការអញ្ជើញរបស់លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា ជាអធិបតីក្នុងពិធីគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតក្រុមហ៊ុន មីនីបៀ មីតសូមី នៅកម្ពុជា ។

សម្ដេចតេជោបានរំឭកអំពីប្រវត្តិក្រុមហ៊ុន មីនីបៀ មីតស៊ូមី ពិសេសនៅពេលដែលក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគនៅកម្ពុជាដែលក្នុងពេលនោះសម្ដេចបានអនុ វត្តយុទ្ធសាស្ត្រពី គឺមិនប្រកាន់ត្រីតូចឬត្រីធំនោះទេត្រីណាមកមុនគឺចាប់យកត្រីនោះ និង ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនទាំងអស់មានជំនឿចិត្តលើកម្ពុជា ។

ក្រុមហ៊ុនមីនីបៀ ប្រៀបដូចជាកូនដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១១ដែលមានទុនដំបូងត្រឹមតែ ២៣ លានដុល្លារអាមេរិក តែប៉ុណ្នោះ ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនដែលបានបើកដំណើរការមុនគេនៅកម្ពុជាដើម្បីផលិតគ្រឿងអេឡិចត្រូនិចដូចជាឌីណាម៉ូនិង ម៉ូទ័រតូចៗ។ វត្តមាន របស់មីនីបៀ បានឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគទុនជប៉ុនចំពោះកម្ពុជា ៕