​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រេង​បាន​ឡើងថ្លៃ​នៅ​ថ្ងៃ​អង្គារ​ទី​២៦​កក្កដា​នេះ​ក្នុងពេល​មាន​ការរំពឹង​ទុក​ថា​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​អាច​ជំរុញ​ឱ្យ​​មានការ​ងាក​ទៅរក​ប្រេង​ឆៅ ទោះបីជា​មាន​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​តម្រូវការ​ប្រេងឥន្ធនៈ​ដោយសារតែ​ការរំពឹង​ទុក​អំពី​ការដំឡើង​អត្រា​ការប្រាក់​របស់​សហរដ្ឋ​អាម៉េរិក​នឹង​រឹតត្បិត​ការឡើង​​ថ្លៃ​ប្រេង​ក៏ដោយ​។​

​ប្រេង​ឆៅ​របស់​ទីផ្សារ Brent សម្រាប់​ការទូទាត់​នៅ​ខែ​កញ្ញា​បាន​កើនឡើង ៤៥ សេន ឬ ០,៤ ភាគរយ ស្មើនឹង ១០៥,៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​ម៉ោង ០១៖១២ ម៉ោង​សកល បន្ទាប់​ពី​ការកើនឡើង ១,៩ ភាគរយ​នៅ​មួយ​ថ្ងៃមុន​នេះ​។​ប្រេង​ឆៅ​របស់​ទីផ្សារ​អាម៉េរិក West Texas Intermediate (WTI) សម្រាប់​ការ​ចែកចាយ​ខែកញ្ញា​បាន​កើនឡើង ៣៤ សេន ឬ ០,៤ ភាគរយ ស្មើនឹង ៩៧,០៤ ដុល្លារ​ក្នុង​មួយ​បារ៉ែល ក្រោយ​កើនឡើង ២,១ ភាគរយ​កាលពី​ថ្ងៃ​ចន្ទ​។​

​រុស្ស៊ី​បាន​រឹតបន្តឹង​ការបង្ហូរ​ឧស្ម័ន​របស់​ខ្លួន​ទៅ​កាន់​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុមហ៊ុន Gazprom បាន​និយាយថា ការផ្គត់ផ្គង់​តាមរយៈ​បំពង់​បង្ហូរ Nord Stream 1​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ២០ ភាគរយ​នៃ​សមត្ថភាព​។​

​ការកាត់បន្ថយ​ការផ្គត់ផ្គង់​របស់​រុស្ស៊ី​នឹង​ធ្វើឱ្យ​ប្រទេស​នានា​មិន​អាច​សម្រេចបាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​ការបំពេញ​ការ​ស្តុក​ទុក​ឧស្ម័ន​ធម្មជាតិ​ឡើងវិញ​នៅមុន​តម្រូវការ​រដូវ​រងា​ខាងមុខ​។ អាល្លឺម៉ង់ ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប ប្រឈម​មុខ​នឹង​លទ្ធភាព​ត្បិតត្បៀត​ឧស្ម័ន​ដល់​ឧស្សាហកម្ម ដើម្បី​រក្សា​ភាព​កក់ក្តៅ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ក្នុងអំឡុង​រដូវរងា​។​

​លោក ហ៊ី​រ៉ូ​យូគី គី​គូ​កា​វ៉ា (Hiroyuki Kikukawa) អ្នកគ្រប់គ្រង​ទូទៅ​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន Nissan Securities បាន​និយាយថា​”​តម្លៃ​ឧស្ម័ន​កាន់តែ​ខ្ពស់​ដែល​បង្កឡើង​ដោយ​ការ​រឹត​​ត្បិត​ឧស្ម័ន​របស់​រុស្ស៊ី​អាច​នាំឱ្យ​មាន​ការងា​ក​ចេញ​បន្ថែម​ពី​ឧស្ម័ន​ទៅរក​ប្រេង​ឆៅ និង​ជួយ​រុញ​តម្លៃ​ប្រេង​”​។​

​ដោយ​ព្យាករណ៍​ថា​ទីផ្សារ WTI នឹង​រក្សា​ការជួញដូរ​ប្រេង​ក្នុង​រង្វង់​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល លោក​បាន​និយាយថា​”​ប៉ុន្តែ​ការ​ប្រទាញ​គ្នា​រវាង​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​នៃ​តម្រូវការ​ដោយសារ​ការធ្លាក់​​ចុះ​សេដ្ឋកិច្ច​ចំ​ពេល​មាន​ការ​កើន​ដំឡើង​អត្រា​ការប្រាក់​នៅ​សហរដ្ឋ​អាម៉េរិក និង​ការបារម្ភ​អំពី​ហានិភ័យ​នៃ​ការផ្គត់ផ្គង់​ដោយសារ​តែ​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែន​អូសបន្លាយ​ទំនងជា​នឹង​បន្ត​កើតមាន​មួយ​​រយៈ​ទៀត​”​។​

​ធនាគារ​កណ្តាល​អាម៉េរិក​ត្រូវ​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​ដំឡើង​អត្រា​ការប្រាក់ ៧៥ ចំណុច​មូលដ្ឋាន​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​គោលនយោបាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​។​ការដំឡើង​នៅ​ទំហំ​​បែប​នោះ​នឹង​បិទ​ការគាំទ្រ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដជា​ធរមាន​៕

​ប្រេង​ឆៅ​របស់​ទីផ្សារ Brent សម្រាប់​ការទូទាត់​នៅ​ខែ​កញ្ញា​បាន​កើនឡើង ៤៥ សេន ឬ ០,៤ ភាគរយ ស្មើនឹង ១០៥,៦០ ដុល្លារ​ក្នុង​មួយ​បារ៉ែល​គិត​ត្រឹម​ម៉ោង ០១៖១២ ម៉ោង​សកល