​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​ចូលចិត្ត​កែកុន​រាងកាយ​ម្នាក់ ដែល​ស្រមៃ​ចង់​ក្លាយជា “​មនុស្ស​ក្រៅ​ភព​ស្បែក​ខ្មៅ​” ឥឡូវ​នេះ​ចង់​កាត់​ជើង​ចោល​ម្ខាង បន្ទាប់ពី​គាត់​កាត់​ម្រាមដៃ​ពីរ​ដើម្បី​ឱ្យ​ដៃ​មើលទៅ​ដូច​ក្រ​ញ៉ាំ​។​

​លោក អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រេ​ដូ (Anthony Loffredo) អាយុ ៣៣ ឆ្នាំ​បាន​គ្របដណ្តប់​រាងកាយ​របស់​គាត់​ជាមួយ​រូបសាក់​រួចទៅហើ​យ រួមទាំង​គ្រាប់ភ្នែក​របស់​គាត់​ហើយ​បានចៀរ​ចោល​សាច់​ច្រមុះ​​និង​បបូរមាត់​ខាង​លើ​របស់​គាត់​ដើម្បី​មើល​ទៅ​ដូច​ជា “​មនុស្ស​ក្រៅ​ភព​ស្បែក​ខ្មៅ​”​។​

​បុរស​សញ្ជាតិ​បារាំង ដែល​បាន​ចងក្រង​ឯកសារ​អំពី​ការផ្លាស់ប្តូរ​រាងកាយ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់គាត់​សម្រាប់​អ្នក​តាមដាន ១,២ លាន​នាក់​នៅលើ Instagram ឥឡូវ​នេះ​ចង់​ទៅ​ហួស​មួយ​ជំហាន​ទៀត ដោយ​កាត់​ជើង​របស់​គាត់​ពី​ត្រឹម​ក្បាលជង្គង់​ចុះក្រោម​។​

​ឡូ​ហ្វ​ហ្វ្រេ​ដូ ដែល​ពីមុន​លាតត្រដាង​ថា រូបរាង​ដ៏​សាហាវ​ខ្លាំង​របស់​គាត់​បាន​រារាំង​គាត់​ពី​ការស្វែងរក​ការងារ​ធ្វើ​នោះ បាន​និយាយថា “​វា​ពិតជា​លំបាក​ណាស់​ព្រោះ​ខ្ញុំ​មាន​ជើង​ដែលមាន​សុខភាព​ល្អ​ហើយ​​ការ​កាត់​វា​ចេញ​គឺជា​រឿង​សំខាន់​”​។​

​ទោះបីជា​លោក​ឡូ​ហ្វ​ហ្វ្រេ​ដូ​ឆ្លងកាត់​ការវះកាត់​ជាច្រើនលើក ដោយ​មាន​ការ​វះ​បំបែក​អណ្តាត​ជា​ពីរ​និង​កាត់​ស្លឹកត្រចៀក​ចេញ​ក៏ដោយ ក៏​គាត់​នៅតែ​និយាយ​ថា​គាត់​សម្រេច​បាន​តែ “៤៤ ភាគរយ​”​នៃ​ផ្លូវ​ឆ្ពោះ​​ទៅរក​គោលដៅ​របស់​គាត់​ដើម្បី​ក្លាយជា “​មនុស្ស​ក្រៅ​ភព​ស្បែក​ខ្មៅ​” ប៉ុណ្ណោះ​។​

​ឡូ​ហ្វ​ហ្វ្រេ​ដូ​បាន​និយាយថា គាត់​ចង់​កែប្រែ​មុខ​របស់​គាត់​បន្ថែមទៀត មុន​ពេល​គាត់​ផ្តោត​លើ​ការ​កាត់​ជើង​របស់​គាត់​។ គាត់​បាន​និយាយថា “​ការ​កែកុន​បន្ទាប់​របស់​ខ្ញុំ​គឺ​មុខ​របស់​ខ្ញុំ នោះ​គឺជា​ការ​កែកុន​បន្ទាប់​”៕

ឡូ​ហ្វ​ហ្វ្រេ​ដូនឹង​កែ​មុខ​បន្ថែម​ទៀត​មុន​នឹង​សម្រេច​ចិត្ត​ត្រូវ​កាត់​ជើង​ឬ​អត់​