​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ អ្នកជំនាញ​ក្នុង​វិស័យ​ធានារ៉ាបរង​កម្ពុជា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​សេវា​ធានារ៉ាបរង មាន​ចំនួន​សរុប​ប្រមាណ​ជាង ១​លាន​នាក់​ប៉ុណ្ណោះ ដោយសារ​កត្តាសេដ្ឋកិច្ច​ជាតិ និង​ដង់ស៊ីតេ​ការយល់ដឹង​នៅមានកម្រិត​។​

​លោក ប៊ូ ច័ន្ទ​ភី​រូ អគ្គនាយក នៃ​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា នៅក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ពិធី​បើក​កម្មវិធី​ទិវា​ធានារ៉ាប់រង​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​មានប្រសាសន៍ថា បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក អត្រា​ភាគទាន​ធៀប​នឹង​សេដ្ឋកិច្ច យក​ចំនួន​ប្រជាជន​យើង​ដែលមាន​ទាប ផល​បុព្វលាភ​ធៀប​នឹង​ប្រជាជន​គឺមាន​ទាប​ណាស់​។ លោក​បន្តថា អត្រា​ភាគទាន​យើង​មាន​ប្រមាណ ១,១១​ភាគរយ និង​ដង់ស៊ីតេ​មាន​ប្រមាណ ១៨,៧៥​ដុល្លារ ក្នុង​មួយ​នាក់ ដែល​បង្ហាញ​យ៉ាងច្បាស់​ថា ការរីកចម្រើន​នៃ​វិស័យនេះ​នៅមានកម្រិត​ទាប បើ​ធៀប​នឹង​តំបន់ និង​សាកលលោក​។​

​លោក​អគ្គនាយក បាន​បញ្ជាក់ថា អត្រា​ការប្រើប្រាស់​ធានារ៉ាប់រង​របស់​កម្ពុ​ជាមាន​ចំនួន​ទាប​នេះ ដោយសារ​ធនធានមនុស្ស ហើយ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ដែល​ពួកគាត់​មិន​យល់ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ធានារ៉ាប់រង​។ ពួកគេ​ភាគច្រើន​គិតថា​ជា​ធានារ៉ាប់រង​ជា​បន្ទុក​នៃ​ការចំណាយ​ទៅវិញ ប៉ុន្តែ​ផ្ទុយទៅវិញ​ការទិញ​ធានារ៉ាប់រង​ជាការ​សន្សំ​។ ប្រសិនបើ​យើង​ទិញ​ធានារ៉ាប់រង ដូច​សន្សំ​ប្រាក់​ក្នុង​ធានារ៉ាប់រង​ដែរ ព្រោះថា ពេល​មាន​ហានិភ័យ​កើតឡើង​ក្រុមហ៊ុន​ជា​អ្នក​ចេញមុខ​ធានារ៉ាប់រង​ជំនួស​។

​លោក​បានបញ្ជាក់​ជូន​ថា គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា មាន​គ្រឹះស្ថាន​ធានារ៉ាប់រង​ចំនួន​៩៤ ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​១៨, ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​១៤,​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​៧, ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​១, ក្រុមហ៊ុន​ជើងសា​ធានារ៉ាប់រង​ចំនួន​១៨, ក្រុមហ៊ុន​ភ្នាក់ងារ​ធានារ៉ាប់រង​ចំនួន​៣៤ និង​ក្រុមហ៊ុន​វាយតម្លៃ​ហានិភ័យ​ធានារ៉ាប់រង​ចំនួន​២ កំពុង​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា​។

​លោក​ឲ្យ​ដឹង​ទៀតថា បុព្វលាភ​ដុល​សរុប​បាន​កើន​ឡើងដល់​ប្រមាណ ៣០០​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ​២០២១ និង​មាន​កំណើន​ប្រមាណ ២០​ភាគរយ​ជា​មធ្យម ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ជាពិសេស​ទីផ្សារ​នៅតែ​រក្សាបាន​កំណើន​វិជ្ជមាន​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រង្វង់​ប្រមាណ ៨​ភាគរយ ក្នុង​ឆ្នាំ​២០២០ និង​១០​ភាគរយ ក្នុង​ឆ្នាំ​២០២១ ទោះ​ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​

​លោក យក់ ចំរើន​ប្ញ​ទ្ធិ ប្រធាន​អគ្គនាយក នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង ហ្វ​ត​តេ បាន​និយាយថា ការយល់ដឹង​ក្នុង​វិស័យ​ធានារ៉ាប់រង​គឺ​តិច​បំផុត ហើយ​នេះ​វា​ជាការ​លំបាក​មួយ​ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមសហការ​គ្នា ទាំង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​។ លោក​លើកឡើងថា វិស័យ​ឯកជន​ត្រូវតែ​ប្រឹង​ធ្វើការ​ងារ​ឲ្យ​បាន​ច្រើន ដើម្បី​បញ្ជ្រាប​ឲ្យ​ការយល់​អំពី​ធានារ៉ាប់រង​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​វិធីសាស្ត្រ​របស់​យើង ដូចជា​ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ការផ្សព្វផ្សាយ​ធ្វើ​សំណង​ឲ្យ​បាន​សមរម្យ​ជូន​ប្រជាពលរដ្ឋ ឬក៏​គួរ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល គឺអាច​ធ្វើបាន​ច្រើន​។ លោក​បន្ថែមទៀតថា “​ការដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​ធ្វើ​ការងារ​សង្គម​ច្រើន ក៏​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ទៅលើ​ក្រុមហ៊ុន​ធានារ៉ាប់រង​ដែរ ដូចជា​ពួក​ខ្ញុំ​ធ្វើ​ការងារ​សង្គម​ច្រើនណាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យល់ ជាបឋម​ឲ្យ​បាន​យល់ថា​យើង​មាន​ធានារ៉ាប់រង​សិន ប្រសិនជា​គាត់​មានលទ្ធភាព​បង់​ធានារ៉ាប់រង គាត់​នឹង​បង់​ភ្លាម ព្រោះ​ធានារ៉ាប់រង ប្រៀប​បីដូច​ជា​សោ​ចាក់​ផ្ទះ​”​។​

​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា បាន​លើកឡើងថា ការធានារ៉ាប់រង​បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​កានតែ​ចាំបាច់ ដើម្បី​បម្រើ​សេចក្តីត្រូវការ​ដ៏​ទូលំទូលាយ សម្រាប់​សហគមន៍​ទាំងអស់ ទាំង​ប្រជាពលរដ្ឋ ធុរកិច្ច និង​នៅក្នុង​សេដ្ឋកិច្ច​ផងដែរ​។ ជាក់ស្តែង ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា ពោលគឺ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំងអស់ បានរួម​ចំណែក​ផ្តល់នូវ​ការ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ធុរកិច្ច​នានា​នា​ដែល​បាន​ជួបប្រទះ​នូវ​ហានិភ័យ​តាមរយៈ​ការទូទាត់​សំណង​ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៤១,១​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១ មានការ​កើនឡើង ១១,៣% ធៀប​នឹង​ឆ្នាំ​២០២០​។ ជាមួយគ្នានេះ ក្រុមហ៊ុន​ធានា​រា់ប​រង​ទាំងអស់​បាន​ចាក់​ប​ញ្ចូ​លូ​ល​និ​ធិ​ទៅក្នុង​ប្រព័ន្ធ​ធនាគារ​ក្នុង​ទម្រង់​ជា​ប្រាក់​បញ្ញើ​មាន​ចំនួន​ជាង ៥៦០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២១៕​