​ដោយៈ សុផល / ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកស្រី ហា ធី​ង៉ា សមាជិក​គណៈកម្មាធិកា​រក​ណ្តា​លម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​សហព័ន្ធ​នារី​វៀតណាម ចូលជួប​សម្តែង​ការគួរសម នៅពេល​លោកស្រី ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកស្រី ហា ធី​ង៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​ប្រធានរដ្ឋសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មមាញឹក និង​មានតម្លៃ​របស់​សម្តេច អនុញ្ញាតឱ្យ​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម នាឱកាស​នេះ​។

​លោកស្រី បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា ពី​លទ្ធផល​ការងារ ដែល​សហព័ន្ធ​នារី​វៀតណាម បានសម្រេច​បាន នាពេល​កន្លងមក នៅក្នុង​នោះ​មាន​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ ដែល​ទើប​បញ្ចប់​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២២ និង​ត្រៀម​ចុះ​កិច្ចសហប្រតិបត្តិការ ៥​ឆ្នាំ​បន្តទៀត​។

​លោកស្រី ប្រធាន​គណៈប្រតិភូ បាន​ជម្រាបជូន សម្តេច​ប្រធានរដ្ឋសភា​ថា​: នៅក្នុង​រដ្ឋសភា​ប្រទេស​វៀតណាម ដែលមាន​សមាជិក ចំនួន ៤៩៩​នាក់ មាន​សមាជិក​ជានា​រី​ចំនួន ១៥១ នាក់ ដែល​ស្មើ​ប្រមាណ​ជាង ៣០%​។

​លោកស្រី ហា ធី​ង៉ា បាន​គោរព​ស្នើ​សូម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បង្កលក្ខណៈ​ងាយស្រួល ដល់​កិច្ចសហប្រតិបត្តិការ រវាង​សមាជិក​រដ្ឋសភា​កម្ពុជា ជា​ស្ត្រី និង​សហព័ន្ធ​នារី​វៀតណាម នៅក្នុង​ការផ្លាស់ប្តូ​រប​ទ​ពិសោធន៍​ជាមួយគ្នា នាពេល​អនាគត​។​

​ក្នុងនាម​រដ្ឋសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សំដែង​នូវ​ក្តី​សោមនស្ស​រីករាយ និង​ស្វាគមន៍ លោកស្រី ហា ធី​ង៉ា និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​។ សម្ដេច​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា ពិតជា​រួមចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​បក្ស រដ្ឋ និង​ប្រជាជន​ប្រទេស​ទាំងពីរ​។

​សម្តេច បាន​អបអរសាទរ​លោកស្រី ដែល​បាន​ជាប់ឆ្នោត​សារជាថ្មី ជា​ប្រធាន​សហព័ន្ធ​នារី​វៀតណាម សម្រាប់​អាណត្តិ​ទី​១៣ ឆ្នាំ​២០២២-២០២៧ ផងដែរ​។

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា​: វត្តមាន​ស្ត្រី នៅក្នុង​វិស័យ​នយោបាយ និង​កិច្ចការ​សង្គម​ទូទៅ ទាំង​នៅ​វៀតណាម និង​កម្ពុជា មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សិទ្ធិនារី និង​ការជំរុញ​លើកកម្ពស់​សមភាព​យេនឌ័រ ដែលជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់ របស់​សកលលោក បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់ខ្លួន និង​សកលលោក​។ វត្តមាន​ស្ត្រី នៅក្នុង​វិស័យ​កិច្ចការ​សង្គម​នយោបាយ ជា​កម្លាំង​ស្នូល និង​ជា​ឆ្អឹងខ្នង​ដ៏​សំខាន់ មិនអាច​ខ្វះ​បាន ក្នុង​រួមចំណែក​ថែរក្សា​សន្តិភាព សណ្តាប់ធ្នាប់​សង្គម ជាពិសេស ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គម​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​សង្កត់ធ្ងន់ថា​: នៅ​កម្ពុជា វត្តមាន​ស្ត្រី ទាំង​ក្នុង​ក្របខណ្ឌ​បក្ស រដ្ឋ និង​វិស័យ​ឯកជន ត្រូវបាន​លើកកម្ពស់ ជាមួយនឹង​បរិមាណ កំណើន​គួរឱ្យកត់សំគាល់ នៅ​ស្ទើរ​គ្រប់​វិស័យ​សាធារណ​: ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។

​ឆ្លៀតឱកាស​នោះ សម្តេច បាន​គាំទ្រ និង​លើកទឹកចិត្ត ក្នុងការ​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង រវាង​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ និង​សហព័ន្ធ​នារី​វៀតណាម ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត​៕/V​