​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ពេលនេះ គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ដែលមាន​ឈ្មោះ​​ក្នុង​បញ្ជី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ ២០២៣ សុទ្ធតែ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន ដើម្បី​ប្រជែង​យក​មេដាយ ក្នង​ឋានៈ​ជា​ម្ចាស់ផ្ទះ ។ អាច​និយាយបានថា អ្វីៗ​គឺ​ដើម្បី​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​។

​ដោយឡែក សម្រាប់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី លើ​តុ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ បានបង្ហាញ​ផែនការ​យុទ្ធសាស្ដ្រ ៤​ចំណុច ដើម្បី​សម្រួច​ទិសដៅ ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

​ផែនការ​យុទ្ធសាស្ដ្រ​ទាំង ៤​ចំណុច ដែល​ប្រមុខ​សហព័ន្ធ​រូបនោះ បានបញ្ជាក់ រួមមាន​: ទី​១.​ការ​បំផុស និង​បណ្ដុះបណ្ដាល តាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​។ ទី​២.​ការត្រៀម​បញ្ជូន​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក ដើម្បី​ធ្វើការ​ហ្វឹកហាត់​នៅ​បរទេស​។ ទី​៣.​ការចុះឈ្មោះ​ប្រឡង​អាជ្ញា​​កណ្ដាល ចៅក្រម​ថ្នាក់​អន្ដរជាតិ និង​ទី​៤.​ការបើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​មន្ដ្រី​​បច្ចេកទេស រៀបចំ​ការប្រកួត នា​ខែសីហា​ខាងមុខ​។

លោកបានចាត់ទុកថា:នេះគឺជាផែនការច្បាស់លាស់ដែលសហព័ន្ធកំពុងយកចិត្ដទុកដាក់ពិសេសការបណ្ដុះបណ្ដាល​ធនធាន​កីឡាករ​-​កីឡាការិនី ឲ្យ​មាន​សមត្ថភាព​កម្រិត​ខ្ពស់​។ តាមរយៈ​នេះ លោក​បាន​ជំរុញ​និង​លើកទឹកចិត្ត ដល់​កីឡាករ កីឡាការិនី ទាំង​អ្នកខ្លាំង ទាំង​អ្នក​មិនទាន់​ខ្លាំង ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង ដើម្បី​ពង្រឹងសមត្ថភាព ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

​លោក​ប្រធាន​សហព័ន្ធ ក៏បាន​ជំរុញ​ឲ្យ​មន្ដ្រី​បច្ចេកទេស ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន ឲ្យ​កាន់តែ​ប្រសើរ ឈានទៅ​ប្រឡង​ក្របខណ្ឌ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ ដើម្បី​ទទួលបាន​ឱកាស​ចូលរួម​កាត់សេចក្ដី និង​រៀបចំ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង នៅ​កម្ពុជា នា​ឆ្នាំក្រោយ បន្ទាប់ពី​កម្ពុជា ទន្ទឹងរង់ចាំ​​អស់​រយៈពេល ៦៤​ឆ្នាំ​។

​លោក​បាន​បញ្ជាក់ថា​: គេ​មិន​អាចធ្វើ​អ្វីមួយ ដែល​មិនមាន​ផែនការ​ច្បាស់លាស់ ឲ្យ​ទទួលបាន​ជោគជ័យ​នោះឡើយ​។ អ្វីៗ​ទាំងអស់ ត្រូវតែ​គូសវាស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កំណត់​ផ្លូវ​ដើរ​ឲ្យ​បានច្បាស់លាស់ ជាមុនសិន សឹម​ចេញដំណើរ​។

​ដើម្បី​សម្រេចបាន​ជោគជ័យ គេ​មិន​អាចធ្វើ ដំណើរ​តាមរបៀប​ផ្សងព្រេង ដោយ​គ្មាន​​គោលដៅ​ច្បាស់លាស់​នោះឡើយ ។ ពេល​ដែលមាន​ផែនទី​ធ្វើដំណើរ​ច្បាស់លាស់​នោះ មាន​​ន័យ​ថា ជោគជ័យ ភាគច្រើន វា​ស្ថិតនៅក្នុង​កណ្ដាប់ដៃ​យើង​ជាមុន​ទៅហើយ ៕/V​.mara