ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកស្ទឹង​ព្រែក​ត្នោត​នៅក្នុង​ខេត្តកំពង់ស្ពឺ កើនឡើង​បន្តិច បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់​ច្រើន​ថ្ងៃ តែ​មិនបាន​ឈានដល់​មាន​ជំនន់​នោះទេ​។ ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ទំនប់​៧​មករា ក៏​មិនមាន​ជំនន់​ដែរ ដោយ​គ្រាន់តែ​មានទឹក​ហូរ លើ​ទំនប់​បង្ហៀរ​កម្ពស់ ០,១២ ម៉ែត្រ និង​បើក​ទ្វារធំ​ចំនួន​៣ ដើម្បី​រំដោះ​ទឹក​ធម្មតា​ប៉ុណ្ណោះ​។

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ ថា​: ទឹកស្ទឹង​ព្រែក​ត្នោត នៅក្នុង​ខេត្តកំពង់ស្ពឺ​ថ្ងៃនេះ បាន​ឡើង​បន្តិច នៅ​រលាំង​ជ្រៃ តែ​មិនឈានដល់​កម្រិត​ជំនន់​នោះទេ​។ ទឹក​នៅ​ទំនប់​រលាំង​ជ្រៃ មាន​កម្ពស់ ៧,៣២ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៥ កក្កដា ០,១០​ម៉ែត្រ ទឹក​ហូរ​ពីលើ​សន្ទះទ្វារ​ទឹក ផ្នែក​ខាងលើ ០,៣២ ម៉ែត្រ​។

​ប្រធាន​មន្ទីរ​ខាងលើ បាន​បញ្ជាក់ថា​: នៅថ្ងៃនេះ​បើកទ្វារ​ទំនប់ទឹក​រលាំង​ជ្រៃ​មួយ​ទ្វារ កម្ពស់ ០,៨០ ម៉ែត្រ ជាមួយនឹង​វា​រី​អគ្គិសនី បាន​ដំណើរការ ទាំង​៤ តែ​ទឹក​នៅ​ពាម​ឃ្លៃ បា​នស្រកម​កនៅ​កម្ពស់ ៣,៩០​ម៉ែត្រ បន្ទាប់ពី​ឡើងដល់​កម្ពស់ ៤​ម៉ែត្រ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ។

​ស្ថានភាព​ភ្លៀង ធ្លាក់​រយៈពេល ២៤ ម៉ោង​នៅក្នុង​ខេត្តកំពង់ស្ពឺ ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា មាន​កម្រិត​ពី ១ ដល់ ៥៧​មី​លី​ម៉ែត្រ​។

​ចំណែក​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត នៅ​ទំនប់​៧​មករា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ទឹក​នៅខាងមុខ​ទ្វារ​ទឹក មាន​កម្ពស់ ៤,៩២ ម៉ែត្រ ដោយ​ហូរ​លើ​ទំនប់​បង្ហៀរ កម្ពស់ ០,១២ ម៉ែត្រ ។ បើក​ទ្វារធំ កម្ពស់ ០,៨០ ម៉ែត្រ គុណ​៣ សន្លឹក​ទ្វារ និង​បើកទ្វារ កម្ពស់ ០,៣០ ម៉ែត្រ​គុណ​មួយ​។ នៅ​ខាងក្រោយ​ទ្វារ​ទឹក មាន​កម្ពស់ ៤,៩០ ម៉ែត្រ ដោយ​ទឹកបាន​ស្រក​ចុះ ០,១០ ម៉ែត្រ បើ​ធៀប​ពេល​ដូចគ្នា​ទៅនឹង​ថ្ងៃទី​២៥ ខែកក្កដា​។ កម្ពស់​ទឹក​នៅមុខ​ទ្វារ ធៀប​កម្ពស់​ទឹកមុខ​ទ្វារ និង​ក្រោយ​ទ្វារ​ខុសគ្នា ៣,០២ ម៉ែត្រ​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៦ ខែកក្កដា បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​២៧ ខែកក្កដា ដល់​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២២​ថា​: ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៧ ដល់ ៣១ ខែកក្កដា នឹង​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ នៅ​ថ្ងៃទី​១ និង​ទី​២ ខែសីហា ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​ខ្សោយ បង្កឱ្យមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​។

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថា​: ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ​។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់ ។

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​ស​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា​មាន​ពី ៣៣ ទៅ ៣៥ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕/V​.mara