​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​បើក សិក្ខាសាលា​របស់ Digital Economy Agreement Leadership ហៅ​កាត់​ថា (DEAL Group) ក្រោម​ប្រធានបទ “​ការ​ព​ន្លឿ​នស​មា​រណកម្ម​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​” តាម​ប្រព័ន្ធ​វីដេអូ​។​

​លោក​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ចំពោះ DEAL Group ដែល​បានរៀបចំ​សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​ឡើង​ហើយ បាន​គូសបញ្ជាក់​អំពី ការខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ទាញ​កាឡានុវត្តភាព និង​ផលប្រយោជន៍​នៃ​ការរីកចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ឌីជីថល ដែល​សកម្មភាព​របស់​រាជរដ្ឋាភិបាល រួមមាន​៖ ការបង្កើត​គណៈកម្មាធិកា​រ​រដ្ឋាភិបាល​ឌីជីថល​, គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ធុរកិច្ច​ឌីជីថល​, ការអនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥, ការបង្កើត​បញ្ជរ​តែមួយ​ជាតិ​និង​ចូលរួម ASEAN Single Windows, និង ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥​។​

​លោក​រដ្ឋមន្ដ្រី បន្ដថា ការធ្វើសមាហរណកម្ម​ឌីជីថល​ក្នុង​កម្រិត​តំបន់​អាស៊ាន បន្ថែម​លើ AEC Blueprint ២០២៥ ដែលមាន​ដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន ២០២៥, ក្របខណ្ឌ​អាស៊ាន​សម្រាប់​ការការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​, និង​ផែនការ​សកម្មភាព​យុទ្ធសាស្ដ្រ​អាស៊ាន​សម្រាប់​ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀង​អាស៊ាន​ស្ដីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, និង Bandar Seri Begawan Roadmap​។​

​លោក​រដ្ឋមន្ដ្រី បន្ថែមថា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ កម្ពុជា​បាន​បង្កើត​នូវ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន ដើម្បី​លើកកម្ពស់​ការធ្វើសមាហរណកម្ម​ឌីជីថល​អាស៊ាន ដូចជា ការសិក្សា​លទ្ធភាព​ម៉ូ​ដែល​បញ្ជូន​បច្ចេកវិទ្យា​សម្រាប់​គម្រោង​ពាក់ព័ន្ធ​នឹង SDGs ក្នុង​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​និរន្តរភាព និង​ក្របខណ្ឌ​សម្រាប់​ជំរុញ​កំណើន​នៃ Ecosystems សម្រាប់​អាជីវកម្ម​ឌីជីថល​ថ្មី​ក្នុង​តំបន់​អាស៊ាន​៕​