សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដឹង​ព័ត៌មាន​អំពី​មរណភាព​អ្នក​ម្នាង អ៊ុក ផល្លា ហើយ​

2274
ចែករម្លែក
  • 964
    Shares

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដឹង​ព័ត៌មាន​អំពី​ការទទួល​មរណភាពរ​បស់​អ្នក​ម្នាង អ៊ុក ផល្លា ហើយ បើទោះបីជា​មន្ត្រី​នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នាំគ្នា​លាក់បាំង​ព្រះអង្គ​យ៉ាងណាក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទម្លាយ​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​។

​ការដែល​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួល​ដំណឹង​អំពី​មរណភាព​អ្នក​ម្នាង អ៊ុក ផល្លា គឺ​បន្ទាប់ពី​ពិធីបុណ្យ​គម្រប់​៧​ថ្ងៃ របស់​អ្នក​ម្នាង​ត្រូវបាន​ចប់​រួចរាល់​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​។​

​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២០០-២០១ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​។ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេចក្រុមព្រះ បាន​រងរបួស​ធ្ងន់ និង​អង្គរក្ស​រងរបួស​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បានទទួល​មរណភាព​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ចំពោះ​ស្ថានភាព​របស់​សម្តេចក្រុមព្រះ បាន​ធូរស្បើយ​ច្រើន​ហើយ ប៉ុន្តែ​ព្រះអង្គ​មានការ​ក្តុកក្តួល នៅពេលដែល​បានដឹង​ដំណឹង​អំពី​មរណភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ដែលជា​ព្រះ​ជាយា​របស់​ព្រះអង្គ​។ នៅពេល​ឆាប់ៗ​នេះ ព្រះអង្គ​នឹង​យាង​មកពី​ប្រទេស​ថៃ​វិញ​ហើយ​។​

​ទាក់ទង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បានបញ្ជាក់​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្តេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា កាលពី​ថ្ងៃទី​១៧ ខែមិថុនា គឺជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ និង​មិនមែនជា​ករណី​អ្វី​ផ្សេង​ក្រៅពីនេះ​ទេ​។

​ជាមួយគ្នានេះ អគ្គស្នងការ​នគរបាល​ជាតិ បាន​បដិសេធ​ចំពោះ​ព័​ត៍​មាន​ទាំងឡាយណា​ដែល​លើកឡើង​មិន​ត្រឹមត្រូវ​។ ពីព្រោះ​ផ្អែក​តាម​ការស្រាវជ្រាវ​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​ឈ្មោះ ម៉ិ​ល សារ៉េត បណ្តាលអោយ​អ្នក​ម្នាង អ៊ុក ផល្លា មរណភាព និង​មនុស្ស​របួស​ជាច្រើន​នាក់​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់​ទៀតថា រថយន្ត​តាក់ស៊ី បាន​បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង ទៅបុក​ព្រះទីនាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ ហើយ​អ្នកបើក​បរបាន​សារភាព​ពិតជា​បាន​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ វ៉ា​ជែង ក្នុង​ល្បឿន​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

​លោក​បញ្ជាក់ថា រថយន្ត​តាក់ស៊ី​ដែល​បុក​ព្រះទីនាំង​សម្តេចក្រុមព្រះ គឺ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក មាត្រា​៨៣ និង​មាត្រា​៨៥ និង​ផ្ទុក​មនុស្ស​លើស​កំណត់ (​សរុប​មនុស្ស​ក្នុង​រថយន្ត​តាក់ស៊ី​៧​នាក់ រួមទាំង​អ្នកបើកបរ​)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម