ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា ព្រះរាជទ្រព្យចំនួន ១.៥០០.០០០ ដុល្លារអាមេរិកដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងទ្វេ ជូនដល់រាជរដ្ឋាភិបាល ក្នុងគំរោងសម្តេចតេជោ ដើម្បីគាំទ្រសកម្មភាពកំចាត់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រគល់ជូន។
លោកបានបន្តថា ពិធីប្រគលនិងទទួលព្រះរាជទ្រព្យនេះ គឺត្រូវបានធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ។
លោកបានបន្តថា លោក គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជរាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បាននាំយកព្រះរាជទ្រព្យទាំងនេះជូនដល់រាជរដ្ឋាភិបាល ក្នុងគំរោងសម្តេចតេជោ ដើម្បីគាំទ្រសកម្មភាពកំចាត់មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកបានបន្តថា ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ មន្ដ្រី-បុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងក្នុងនាមជនរងគ្រោះដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងអស់បានក្រាបលំឱនកាយថ្វាយនូវអំណរព្រះរាជគុណជាអនេកកប្បកា ចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដែលទ្រង់ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ និងសូមលំឱនកាយថ្វាយព្រះសព្ទសាធុ ការពរបវរមហាប្រសើរសូមព្រះករុណជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមព្រះអង្គទាំងទ្វេព្រះប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕.mara