ដោយ: ទេពកង្រី / កំពង់ឆ្នាំងៈ ដើម្បីពង្រឹងនៃ ការគ្រប់គ្រង ការអនុវត្ត នៃការប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាពនោះ សាខាពន្ធដារ ខេត្តកំពង់ឆ្នាំង បានបើកសិក្ខាសាលាផ្សព្វផ្សាយ ពីបញ្ជីគណនេយ្យសាមញ្ញ កាតព្វកិច្ចសារពើពន្ធប្រចាំខែ និងប្រចាំឆ្នាំ ប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធខ្នាតតូច (GDT-Tax-Prefiling-App) ដែលបានធ្វើឡើង នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំសាខាពន្ធដារខេត្តកំពង់ឆ្នាំង ក្រោមវត្តមានលោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាខាពន្ធដារខេត្ត មន្ត្រីពន្ធដារខេត្ត និងម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់។
បើយោងតាមបទបង្ហាញរបស់មន្ត្រីពន្ធដារ បានធ្វើឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស និងអាជីវករទាំងអស់ បានយល់ដឹងពីនីតិវិធីនៃការគ្រប់គ្រងកិច្ចបញ្ជីការសាមញ្ញ នៃអាជីវកម្មរបស់ខ្លួន និងកាតព្វកិច្ច នៃការបង់ពន្ធរដ្ឋ ឱ្យបានគ្រប់ៗគ្នា និងសូមឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់បង់ពន្ធ ឱ្យបានត្រឹមត្រូវ តាមច្បាប់បានកំណត់ ដែលកំពុងធ្វើកំណែទម្រង់ និងពង្រឹងការអនុវត្តច្បាប់ពន្ធដារ ស្របតាមយុទ្ធសាស្ត្រកៀរគរកចំណូល ធានាបាននូវអភិបាលកិច្ចល្អ បរិយាកាសធុរកិច្ចដ៏ប្រសើរ តាមរយៈការប្រមូលចំណូលពន្ធ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងសមធម៌។
ដោយឡែក ប្រធានសាខាពន្ធដារខេត្តកំពង់ ឆ្នាំង លោក វង្ស ឌីណា បានមានប្រសាសន៍ផ្តាំផ្ញើដល់ម្ចាស់អាជីវកម្មទាំងអស់ថាៈ ការបើកសិក្ខាសាលាផ្សព្វផ្សាយ នៅពេលនេះ គឺមានសារៈសំខាន់ណាស់ ចំពោះការកែទម្រង់គោលនយោបាយហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ និងផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ ឲ្យស្របតាមគោលនយោបាយ កែទម្រង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល ដែលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ដូច្នេះសហគ្រាសអ្នកជាប់ពន្ធទាំងអស់ ត្រូវចូលរួម និងគាំទ្រការពង្រឹងនៃការគ្រប់គ្រងកិច្ចបញ្ជីការរបស់អាជីវកម្មខ្លួន និងកាតព្វកិច្ចត្រូវបង់ពន្ធ ឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចំរើន ជាបន្តទៀត៕/V.mara