ដោយៈ គង់ហេង / កំពង់ចាមៈ ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា បានឱ្យបាក់ស្រុតច្រាំងព្រែកក្របៅ និងផ្លូវលំ ជាប់មាត់ព្រែកនោះ អស់ប្រវែងជាង ១០០ ម៉ែត្រ បណ្តាលឱ្យផ្ទះប្រមាណ ១០ខ្នងស្ថិតក្នុងភូមិ និងឃុំព្រែកក្របៅ ស្រុកកងមាសជួបបញ្ហាប្រឈមបាក់ចូលព្រែក កាលពីក្បាលព្រលប់ ថ្ងៃទី២៥ កក្កដា ម្សិលមិញ។
លោក ភោគ សាវុធ អភិបាលស្រុកកងមាសបានប្រាប់ឱ្យដឹង នៅថ្ងៃទី២៦ កក្កដានេះថាៈ ករណីបាក់ច្រាំងព្រែក និងផ្លូវលំខាងលើ អស់បណ្តោយ ១២០ ម៉ែត្រ និងទទឹងប្រមាណ ប្រាំមួយ ម៉ែត្រ មិនបណ្តាលឱ្យប៉ះពាល់ដល់ អាយុជីវិតមនុស្សនោះទេ។ ដោយឡែក ខាងអាជ្ញាធរ កំពុងប្រមូលព័ត៌មាន និងតាមដានពាក់ព័ន្ធនឹងខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដែលអាចនឹងរងផលប៉ះពាល់ ប្រសិនបើមានការបាក់ស្រុកច្រាំងព្រែក បន្តទៀត។
លោកអភិបាលស្រុកកងមាស បានបន្តថាៈ ព្រែកក្របៅ ដែលរងការបាក់ស្រុត ដោយសារទឹកភ្លៀងជោកជាំខ្លាំង ស្ថិតនៅលើកំណាត់ព្រែកពាមជីកង ដែលជាដៃរបស់ទន្លេមេគង្គ សម្រាប់នាំទឹកទន្លេ ចូលទៅបំពេញអាងបឹងធំ នារដូវវស្សានេះ និងនៅរដូវប្រាំង ទឹកនេះ បានហូរ ចេញមកទន្លេមេគង្គវិញ។ ប៉ុន្តែខណៈនេះទឹកទន្លេមេគង្គ នៅមិនទាន់ហូរចូលព្រែកនេះទេ។
លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានឱ្យដឹងដែរថាៈ មកដល់រសៀលថ្ងៃទី ២៦ កក្កដានេះច្រាំងព្រែកក្របៅ នៅតែបន្តបាក់ស្រុតយឺតៗ ជាងកាលពីក្បាលព្រលប់ ម្សិលមិញ ក្រោយខាងប្រព័ន្ធទឹកស្អាត បានជួសជុលបណ្តាញទុយោដែលដាច់ ដោយសារការបាក់ស្រុតច្រាំងនោះ ពិសេសលំនៅឋានប្រជាពលរដ្ឋ ចំនួន ១០ ខ្នង ភាគច្រើន បានខ្ចីប្រាក់ពីធនាគារមកសាងសង់នោះ គឺប្រឈមនឹងការបាក់ចូលព្រែក។
លោកមេឃុំព្រែកក្របៅ បានបន្តថាៈ បច្ចុប្បន្នលោកបានស្នើដល់អាជ្ញាធរខេត្តកំពង់ចាម និងខាងមន្ត្រីធនធានទឹក និងឧតុនិយម ជួយរិះរកមធ្យោបាយទប់ស្កាត់ ការបាក់ស្រុតច្រាំងព្រែកក្របៅនេះ សង្គ្រោះលំនៅឋាន ចំនួន ១០ ខ្នង ដែលប្រឈមនោះ។
លោកបានបន្ថែមថាៈ ច្រាំងព្រែកក្របៅ កន្លែងកំពុងបាក់ស្រុតនេះ បានធ្លាប់បាក់ស្រុតកាលពី ឆ្នាំទៅ ២០២១ ម្តងហើយ។ ដោយខាងលោកបានជួសជុល ដឹកដីថ្មភ្នំ មកចាក់បំពេញបានរាបស្មើដូចដើមឡើងវិញ ប៉ុន្តែភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា ក៏បានចាប់ផ្តើមបាក់ស្រុតម្តងទៀត៕/V