ដោយ: សុខុម / មណ្ឌលគិរី៖ សំណុំរឿងនារីម្នាក់ ត្រូវគេសម្លាប់ដោយយកសព ទៅបោះ ចោល នៅក្នុងចំការដំឡូងមី ហើយត្រូវគេប្រទះឃើញ កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនោះមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ សមត្ថកិច្ចចម្រុះ ចុះចាប់ខ្លួនបានហើយ នៅឯខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ច បានឲ្យដឹងថា: ការចាប់ខ្លួននោះ គឺកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី និងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី។
ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួនបាននេះឈ្មោះ ឆៃ សុខា អាយុ ២៦ ឆ្នាំ ចាប់ខ្លួនបាននៅភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ចំណែក ឯជនរងគ្រោះ ឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល ២២ ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ បានឲ្យអ្នកសារព័ត៌មានដឹងថា: ក្រោយចាប់ខ្លួន កម្លាំងជំនាញ បានប្រគល់ជនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគីរី ព្រោះជាម្ចាស់ករណី។
លោក សូ សុវណ្ណ ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មិនទាន់បានប្រាប់លម្អិត អំពីមូលហេតុពាក់ព័ន្ធករណីឃាតកម្ម ខាងលើនេះ នៅឡើយទេ។ លោកគ្រាន់តែបានប្រាប់ឲ្យដឹងថា: មន្ត្រីជំនាញ កំពុងអនុវត្តបន្តតាមនីតិវិធី។
ទោះបីជាយ៉ាងណា ប្រភពខ្លះ បានអះអាងថាករណីឃាតកម្ម ខាងលើនេះ ដោយសារជនសង្ស័យ ខឹងនឹងនារីរងគ្រោះ ដែលជាសង្សារនឹងគ្នា ហើយបានរំលោភ និងសម្លាប់ប្លន់យកម៉ូតូ រួចយកសពទៅបោះចោល នៅក្នុងចំការ ដើម្បីបំបាត់ភស្តុតាង៕/V