​ដោយ​:​ភ្នំ​សន្ទុក​/​កំពង់ធំ​: នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០២២ លោក សាយ គឹម​ឡ​ម អភិបាលស្រុក​ស្ទោង និង​សហការី បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​សហគមន៍ “​ព្រុំ​ស្រី​” ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រុំ​ស្រី ឃុំ​រុងរឿង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់ ជូន​ពលរដ្ឋ​ចំនួន​៣​ភូមិ នៅក្នុង​ស្រុក​ស្ទោង​។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាលស្រុក​ស្ទោង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ ត្រូវ​ចូលរួម​ឲ្យ​សកម្ម ក្នុងការ​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​ជា​និរន្ត ។

​លោក​បាន​បន្ថែមថា​: សមិទ្ធផល​ទឹកស្អាត​នៅពេលនេះ ដោយសារ​ប្រទេសជាតិ​យើង មានកា​អភិវឌ្ឍ​លើ​គ្រប់​វិស័យ តាំងពី​ទីក្រុង​រហូតដល់​ជនបទ ហើយក៏​ដោយសារ​ប្រទេសជាតិ​យើង មាន​សុខសន្តិភាព​ពេញ​បរិបូណ៌ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​គាំទ្រ​ពេញទំហឹង​របស់​អង្គការ​ទស្សន​:​ពិភពលោក​។​

​ជាមួយគ្នានេះ លោក សាយ គឹម​ឡ​ម បាន​មានប្រសាសន៍ថា​: ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ ត្រូវ​ប្រើប្រាស់​ទឹកស្អាត ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​រដ្ឋបាល​ឃុំ​រុងរឿង ត្រូវ​យកចិត្តទុកដាក់ ក្នុងការ ត បណ្តាញ​ទឹកស្អាត ជូន​ពួកគាត់ ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​គ្រួសារ​ក្រីក្រ ស្ត្រី​មេម៉ាយ និង​គ្រួសារ​ងាយ​រងគ្រោះ​។

​លើសពីនេះ លោក​អភិបាលស្រុក បាន​ណែនាំ​ដល់​គណ​:​កម្ម​ការគ្រប់គ្រង​ស្ថានីយ​ទឹកស្អាត​នេះ ត្រូវធ្វើ​ការគ្រប់គ្រង ប្រកបដោយ​តម្លាភាព​និង​មាន​គណនេយ្យភាព​ត្រឹមត្រូវ ទើប​ស្ថានីយមានការ​រីកចំរើន​។

​គួរ​បញ្ជាក់ថា ស្ថានីយ៍​ទឹកស្អាត​សហគមន៍ “​ព្រំ​ស្រី ” សម្រាប់​ផ្គត់ផ្គង់ និង​ប្រើប្រាស់ លើ​ភូមិ​ចំនួន​៣ រួមមាន​: ភូមិ​ព្រំ​ស្រី ភូមិ​ស្វាយរៀង និង​ភូមិ​កន្តុ​ង​រ៉ុង ដែលមាន​អ្នកប្រើប្រាស់​សរុប​ចំនួន ៥២៤ គ្រួសារ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​ទស្សន​:​ពិភពលោក និង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ៤០៥.៧៨៩.៤០០ រៀល និង​មាន​ថវិកាបដិភាគ​របស់ មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្តកំពង់ធំ ចំនួន ១៤.០០០.០០០ រៀល និង​ថវិកា​សហគមន៍ ចំនួន ៥០.៧៨៩.៤០០ រៀល​៕/V​.mara