​ប្រែ​សម្រួលៈ​បំណង​(ST)៖ ស្រីលង្កា​បាន​ស្នើសុំ​អោយ​ចិន​ជួយ​ពាណិជ្ជកម្ម ការវិនិយោគ​និង​ទេសចរណ៍​ដើម្បី​ធ្វើអោយ​ខ្លួន​មាន​ការរីកចំរើន​ដោយ​ចីរភាព នេះ​បើ​តាម​ការបញ្ជាក់​ពី​តំណាង​របស់​ស្រីលង្កា​​ប្រចាំ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​កំពុង​ចរចា​សុំ​ជំនួយ​សង្គ្រោះបន្ទាន់​ចំនួន​៤​ពាន់​លាន​ដុល្លារ​ដើម្បី​អោយ​ខ្លួន​ងើប​ចេញពី​ការដួលរលំ​សេដ្ឋកិច្ច​។​

​ប្រទេស​ដែន​កោះ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ដែល​មាន​ប្រជាជន​២២​លាន​នាក់​នេះ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ចាប់តាំងពី​ពេល​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៤៨​ក្រោយ​អស់​ទុនបំរុង​បរទេស​។​ប្រជា​​ជន​ស្រីលង្កា​ដែល​ខឹង​នឹង​ការខ្វះខាត​ស្បៀត ប្រេង​និង​ថ្នាំពេទ្យ​ដ៏​រ៉ាំរ៉ៃ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​ពេល​រាប់​ខែ​រហូត​ដល់​គ្រួសារ​ត្រ​កូក​រ៉ា​ចា​ប៉ាក់​សា ចុះចេញ​ពី​តំណែង​។​

​ឯកអគ្គរដ្ឋទូត​ស្រីលង្កា​ប្រចាំ​ចិន លោក ប៉ា​លី​ថា កូ​ហូ​ណា​(Palitha Kohona)​បាន​និយាយថា កិច្ចពិភាក្សា​អំពី​ជំនួយ​ហិរញ្ញវត្ថុ​ជាមួយ​ចិន​កំពុង​ធ្វើ​ឡើង​។​លោក​បាន​និយាយថា ចិន​ជា​កន្លឹះ​តែមួយ​​សំ​រាប់ការ​រើប​រើ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ស្រីលង្កា​និង​ឆ្លុះបញ្ចាំង​ឋានៈ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជា​ម្ចាស់បំណុល​ធំ​បំផុត​មួយ​របស់​ខ្លួន ក្នុងចំណោម​ម្ចាស់បំណុល​ធំ​បំផុត​ពីរ រួម​ជាមួយ​ជប៉ុន​។​

​ចិន​ក៏​មាន​ចំណែក​ប្រមាណ​១០​ភាគរយ​នៃ​បំណុល​ក្រៅប្រទេស​របស់​ស្រីលង្កា​ផងដែរ​។​

​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ នៅ​ស្ថានទូត​ស្រីលង្កា​ក្នុង​ទីក្រុង​ប៉េកាំង លោកកូ​ហូ​ណា បាន​និយាយថា​រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​ចង់​អោយ​ចិន​ស្នើ​ទៅ​បណ្តា​ក្រុមហ៊ុន​របស់​​ខ្លួន​អោយ់​ជួយ​ទិញ​តែ​ខ្មៅ ត្បូងថ្ម​មាន​តំលៃ គ្រឿងទេស​និង​សម្លៀក​បំពាក់​របស់​ស្រីលង្កា​អោយ​ច្រើនឡើង និង​ធ្វើអោយ​ច្បាប់​នាំ​ចូល​របស់​ចិន​អោយ​មាន​តម្លាភាព​និង​ងាយស្រួល​ដឹកជញ្ជូន​ឡើង​។​

​លោក​ថា ផែនការ​វិនិយោគ​របស់​ចិន​ជាច្រើន​មិន​បាន​លេចចេញ​ជា​រូបរា​ង​ទេ​ដោយសារតែ ការផ្ទុះកូ​វីដ​១៩​។​

​បន្ថែម​លើ​ការវិនិយោគ ស្រីលង្កា​ក៏​ចង់​ឃើញ​អ្នកទេសចរ​ចិន​ច្រើនឡើង​ចូល​មក​ទស្សនា​ប្រទេស​របស់​ខ្លួន ដោយសារ​ចំនួន​ទេសចរ​ចិន​បាន​ធ្លាក់​ពី​ចំនួន​ជាង​២៦០.០០០​នៅ​ឆ្នាំ​២០១៨ មក​នៅ​ក្បែរ​សូន្យ​​ក្រោយ​ការវាយប្រហារ​អត្តឃាត​នៅ​ឆ្នាំ​២០១៩​និង​ការផ្ទុះ​ជំងឺឆ្លង​នៅពេល​បន្ទាប់មក​។​

​ក្រៅ​ពី​ជំនួយ​ហិរញ្ញវត្ថុ ស្រីលង្កា​ក៏​សង្ឃឹម​ថា​ចិន​អាច​ជួយ​ខ្លួន​ក្នុង​ការទិញ​ប្រេងឥន្ធនៈ ជីរ​គីមី​និង​គ្រឿង​ផ្គត់ផ្គង់​ត្រូវការ​ចាំបាច់​និង​បន្ទាន់​ដទៃទៀត​។​ចិន​កាលពី​ខែ​មេសា​និង​ឧសភា បាន​សន្យា​ជួយ​ជំ​​នួយ​គ្រាអាសន្ន​ចំនួន​៥០០​លាន​យ័ន​ដល់​ស្រីលង្កា​៕

​លោក ប៉ា​លី​ថា កូ​ហូ​ណា បាន​និយាយថា កិច្ចពិភាក្សា​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ជាមួយ​ចិន​កំពុង​ប្រព្រឹត្តទៅ តែ​កិច្ចប្រជុំ​បន្ទាប​នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​នៅ​ឡើយ​ទេ​